​ក្រសួងការពារជាតិ​អាមេរិក បាន​អះអាង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា នាវា​ដឹក​សារធាតុ​គីមី​ឈ្មោះ CHEM PLUTO បាន​រង​ការ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ​(​ដ្រូន​)​ ដែល​បាញ់​ចេញពី​អ៊ីរ៉ង់ នៅក្បែរ​ឆ្នេរសមុទ្រ​ឥណ្ឌា​នៅ​ថ្ងៃ​សៅរ៍​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​និយាយថា​៖ «​នាវា ​CHEM PLUTO ដែល​ដាក់​ទង់ជាតិ​លី​បេ​រី​យ៉ា គ្រប់គ្រង​ដោយ​ជប៉ុន និង​ប្រតិបត្តិការ​ដោយ​ប្រទេស​​ហូ​ឡង់ បាន​រង​ការវាយប្រហារ​ដោ​យ្រ​ដូន​បាញ់​ចេញពី​​អ៊ីរ៉ង់ នៅ​ម៉ោង​ ១០ ​ព្រឹក ​(​ម៉ោង​ក្នុង​តំបន់​)​ នៅ​មហាសមុទ្រ​ឥណ្ឌា ចម្ងាយ​ប្រមាណ ៣៧០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ឥណ្ឌា​»​។​

​ការវាយប្រហារ​នេះ បណ្ដាលឱ្យមាន​ភ្លើង​ឆេះ​លើ​នាវា ប៉ុន្តែ​ត្រូវបាន​គេ​ពន្លត់​ទៅវិញ ហើយ​មិន​បង្កឱ្យមាន​ជនរងគ្រោះ​ទេ​។ បើតាម​មន្ទីរ​បញ្ច​កោណ វា​គឺជា​ការវាយប្រហារ​លើក​ទី​ ៦ ​របស់​​អ៊ី​រ៉ង់ លើ​ការដឹកជញ្ជូន​ពាណិជ្ជកម្ម​ចាប់តាំងពី​ឆ្នាំ ​២០២១​ មក​។ កងទ័ពជើងទឹក​ឥណ្ឌា​បាន​បញ្ជូន​យន្តហោះ និង​នាវាចម្បាំង ដើម្បី​ផ្តល់ជំនួយ​។​


​អ៊ីរ៉ង់​មិនទាន់​បញ្ចេញ​ប្រតិកម្ម​យ៉ាងណា​នោះទេ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​ហេតុការណ៍​ដដែល ត្រូវបាន​គេ​មើលឃើញថា បង្ហាញ​ពី​កំណើន​នៃ​ភាព​តាន​តឹង​ក្នុង​តំបន់ និង​ហានិភ័យ​ថ្មី​ចំពោះ​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​ក្រោម​បរិបទ​នៃ​សង្គ្រាម​នៅ​ជ្រោយ​ហ្គា​ហ្សា​របស់​អ៊ី​ស្រា​អែល​។​

​បើតាម​ក្រុមហ៊ុន​សន្តិសុខ​ដែន​​សមុទ្រ Ambrey នាវា​រងគ្រោះ​មាន​ទំនាក់ទំនង​នឹង​​អ៊ី​ស្រា​អែល ហើយ​កំពុងធ្វើដំណើរ​ពី​អា​រ៉ា​ប៊ី ​សា​អ៊ូ​ឌី​ត ឆ្ពោះទៅកាន់​ប្រទេស​ឥណ្ឌា​។​


​ការវាយប្រហារ​នេះ ធ្វើឡើង​ចំពេល​ដែល​ការដឹកជញ្ជូន​តាម​សមុទ្រ​ក្រហម​រង​ហានិភ័យ​ផ្នែក​សន្ដិសុខ ដោយសារ​ការបង្កើន​ការវាយប្រហារ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ូ​ធី​របស់​ប្រទេស​យេ​ម៉ែន ដែល​គាំទ្រ​ដោយ​អ៊ី​រ៉ង់​។

ហ៊ូ​ធី​និយាយថា ខ្លួន​ដាក់​គោលដៅ​តែ​នៅលើ​នាវា​ពាក់ព័ន្ធ​នឹង​​អ៊ីស្រា​អែល​ប៉ុណ្ណោះ ហើយ​ថា​នឹង​បន្តសកម្មភាព​អរិភាព​របស់ខ្លួន លុះត្រាតែ​​អ៊ី​ស្រា​អែល​ឈប់​វាយប្រហារ​នៅ​ហ្គា​ហ្សា​។​

​នៅ​ថ្ងៃ​សៅរ៍​នោះដែរ អាមេរិកបាន​ចោទ​​អ៊ីរ៉ង់​ថា បាន​ជាប់​ពាក់​ព័ន្ធ​យ៉ាងសំខាន់​ក្នុងការ​រៀបចំ​ផែនការ​ប្រតិបត្តិ​ការប្រឆាំង​នឹង​នាវា​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម​។ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក លោកស្រី Adrienne Watson បាន​និយាយថា វា​ស្របទៅនឹង​ការគាំទ្រ​ផ្នែក​អាវុធ​រយៈពេល​វែង និង​ការលើក​ទឹក​​ចិត្ត​ចំពោះ​សកម្មភាព​បង្ក​អ​ស្ថិរ​​ភាព​របស់​ក្រុម​ហ៊ូ​ធី​ក្នុង​តំបន់ ពី​សំណាក់​ប្រទេស​​អ៊ី​រ៉ង់​។​

​ប៉ុន្តែ​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​​អ៊ី​រ៉ង់ លោក Mohammad Reza Naqdi  បាន​ព្រមាន​ក្នុង​ថ្ងៃ​ជាមួយគ្នា​ថា ខ្លួន​នឹង​បង្ខំ​ឱ្យ​បិទ​ផ្លូវទឹក​ក្រៅពី​សមុទ្រ​ក្រហម ប្រសិនបើ​អាមេរិក និង​សម្ព័ន្ធ​មិត្ត បន្ត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​តំបន់​ហ្គា​ហ្សា​។ ផ្លូវទឹក​ទាំងនោះ​អាច​រួមបញ្ចូល​ទាំង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​ច្រក​សមុទ្រ​ជី​ប្រា​លតា​រ៍ (Gibraltar)៕