​សហរដ្ឋអាមេរិក​គេច​ចេញពី​ការបោះឆ្នោត​វេតូ​ជា​លើក​ទី​៣ ​ក្នុង​ដំណោះស្រាយ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ (UNSC) ដោយ​ការបោះឆ្នោត​អនុបវាទ​លើ​ដំណោះស្រាយ​ចុងក្រោយ​បំផុត​ដោយ​អំពាវនាវ​ឱ្យមាន​ការ​ព​ន្លឿ​ន​ការ​ផ្តល់ជំនួយ​ភ្លាមៗ​ដល់​ជន​ស៊ីវិល​ដែល​ស្រេកឃ្លាន និង​អស់សង្ឃឹម​នៅក្នុង​តំបន់​ហ្គា​ហ្សា ប៉ុន្តែ​ដំណោះស្រាយ​ដែល​ដាក់ចេញ​ចុងក្រោយ​នេះ មិន​ទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់​ទេ​។​

​ការបោះឆ្នោត​ដែល​ពន្យារ​​ពេល​ជា​យូរ​ក្នុង​ក្រុមប្រឹក្សា​ដែលមាន​សមាជិក​ទាំង​ ១៥ ​ក្នុងនោះ​មាន​សមាជិក​អចិ​ន្រៃ្ត​យ៍ ​៥ និង​សមាជិក​មិន​អចិ​ន្រៃ្ត​យ៍​ ១០ ដោយមាន​សំឡេងគាំទ្រ ​១៣ ទល់នឹង​អនុបវាទ​ ២ ​ដែលមាន​សហរដ្ឋអាមេរិក និង​រុស្ស៊ី​។​

​ការ​អនុបវាទ​របស់​សហរ​ដ្ឋ​អាមេរិក​ ដែល​នៅ​ពីក្រោយ​សម្ព័ន្ធ​មិត្ត​អ៊ី​ស្រាអែ​ល​កាលពី​ថ្ងៃ​សុក្រ​នោះបាន​បញ្ចៀស​ការ​វេតូរ​បស់​ខ្លួន​ជា​លើក​ទី​ ៣ ​នៃ​ដំណោះស្រាយ​តំបន់​ហ្គា​ហ្សា បន្ទាប់ពី​ការ​វាយ​​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុម​ហា​ម៉ាស់​កាលពី​ថ្ងៃទី ​៧ ខែតុលា នៅក្នុង​ប្រទេសអ៊ី​ស្រាអែ​ល​​។​


​សហរដ្ឋអាមេរិក​ដែល​គាំទ្រអ៊ី​ស្រាអែ​ល​​ស្ទើរ​គ្រប់​មធ្យោបាយ ទាំង​ការទូត និង​ការឧបត្ថម្ភ​អាវុធយុទ្ធភណ្ឌ  និង​មធ្យោបាយ​គាំទ្រ​ផ្សេងៗ​ទៀត ដូចជា​ការ​បញ្ជូន​នាវាមុជទឹក និង​នាវា​ផ្ទុក​យន្តហោះ​ទៅកាន់​សមុទ្រ​មេ​ឌីទែ​រ៉ា​ណេ តែង​ប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុងការ​ខ្ទប់​សេចក្តីសម្រេចចិត្ត ណាមួយ​ចេញពី​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ដែល​ដាក់​សម្ពាធ​លើអ៊ី​ស្រាអែ​ល​ឱ្យ​បន្ថយ​ដៃ​ក្នុងការ​វាយកម្ទេច​ក្រុ​មហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា​។

​ប៉ុន្តែ​អាមេរិក​ទប់​លែង​ជាប់​នៅពេលដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​គាំទ្រ​ច្រើន​លើសលប់​រហូតដល់​ ១៥៣ លើ​សមាជិក​ ១៩៣ លើ​ដំណោះស្រាយ​ទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់​មនុស្សធម៌​។​


​ដំណោះស្រាយ​ចុងក្រោយ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នេះ​បានស្នើ​ឡើង​ដោយ​ប្រទេស​អារ៉ា់ប់​រួម ដែលជា​តំណាង​ប្រទេស​ជា​សមាជិក​រដ្ឋ​អារ៉ាប់​ដែលមាន​ ២២ ​ប្រទេស​ក្នុង​កិច្ចខិតខំ​ដើម្បី​រក​ដំណោះស្រាយ​ដល់​តំបន់​ហ្គា​ហ្សា​ដែល​ជាប់គាំង​ជាង ​២​ ខែ ហើយ​បញ្ហា​មនុស្សធម៌​បានក្លាយ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដល់​ជន​ស៊ីវិល​។​

​ទោះជា​យ៉ាងនេះ​ក្តី ឯកអគ្គ​រដ្ឋទូត​អារ៉ាប់​រួម Lana Nusseibeh ដែល​បាន​ស្នើឡើង​នូវ​ដំណោះស្រាយ​នោះបាន​និយាយថា​៖ «​វា​គឺជា​អព្ភូតហេតុ​បុណ្យ​​ណូអែល​ដែល​យើងទាំងអស់គ្នា​សង្ឃឹម​»​។​

​លោកស្រី​បាន​និយាយថា វា​នឹង​បញ្ជូន​សញ្ញា​មួយ​ទៅកាន់​ប្រជាជន​នៅ​តំបន់​ហ្គា​ហ្សា​ថា ក្រុមប្រឹក្សាសន្តិសុខ​កំពុង​ធ្វើការ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់​របស់​ពួកគេ​។ ​យោងតាម​ការដកស្រង់​សម្តី​របស់​សារព័ត៌មាន AP លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ដែលមាន​ភាព​ធូរស្រាល​បាន​ប្រាប់ក្រុម ប្រឹក្សា​ថា​៖«​វា​ពិបាក​ណាស់ ប៉ុន្តែ​យើង​បាន​ទៅដល់​ទីនោះ​»​។​

​លោកស្រី​បាន​និយាយថា ការបោះឆ្នោត​ជំរុញ​កិច្ចខិតខំ​​ប្រឹងប្រែង​ «​ដើម្បី​កាត់បន្ថយ​វិបត្តិ​មនុស្សធម៌​នេះ ដើម្បី​ទទួលបាន​ជំនួយ​សង្គ្រោះ​ជីវិត​ទៅកាន់​តំបន់​ហ្គា​ហ្សា និង​ចាប់​ចំណាប់ខ្មាំង​ចេញពី​ហ្គា​ហ្សា ជំរុញ​ការការពារ​ជន​ស៊ីវិល​ស្លូត​ត្រង់ និង​បុគ្គលិក​មនុស្សធម៌ និង​ធ្វើការ​ឆ្ពោះទៅរក​សន្តិភាព​យូរអង្វែង​»​។​

​ការបោះឆ្នោត​នេះ​បាន​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​វេតូ​វិសោធនកម្ម​របស់​រុស្ស៊ី​ដែល​នឹង​ស្តា​រការ​អំពាវនាវ​ឱ្យ​ផ្អាក​ជាបន្ទាន់​នូវ​អរិភាព​។​

​ការបោះឆ្នោត​នាពេលនោះ​មាន​ប្រទេស​ចំនួន​ ១០ ​ដែល​គាំទ្រ ខណៈ​សហរដ្ឋអាមេរិក​ប្រឆាំង និង​ ៤ ​ទៀត​អនុបវាទ​។​

​ទោះបី​ដំណោះស្រាយ​ចុ​ង​ក្រោយនេះ​បានអនុម័ត​ដោយ​គ្មាន​ការរាំងស្ទះ ប៉ុន្តែ​ឯកអគ្គ​​រដ្ឋទូត​រុស្ស៊ី​របស់​អង្គការ​សហ​ប្រជាជាតិ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី  TASS លោក Vassily Nebenzia បាន​បរិហារ​សហរដ្ឋ​អាមេរិក​ដែល​ព្យាយាម​កែខៃ​ខ្លឹមសារ និង​អត្ថន័យ ដែល​ធ្វើឱ្យ​ដំណោះ​​ស្រាយ​ដាក់​ទៅ​បោះឆ្នោត​មាន​លក្ខណៈ​ទន់ជ្រាយ​។ ប្រមុខ​​ការទូត​រុស្ស៊ី​ប្រចាំ UN រូបនេះ​បាន​ហៅ​ដំណោះស្រាយ​នេះ​ថា «​គ្មាន​ធ្មេញ​» ទៀតផង​៕