សារព័ត៌មាន​​របស់​អ៊ីស្រាអែល​​ បាន​រាយការណ៍​ថា ​​​ទាហាន​អ៊ីស្រាអែល​បានសម្លាប់​​កង​កម្លាំង​របស់​ហាម៉ាស់​​​ ៨០០០ ​​នាក់​ ចាប់​តាំងពីស​ង្គ្រាម​​ផ្ទុះ​ឡើង​​កាល​ពីថ្ងៃទី​៧ ខែ​តុលា​ ប៉ុន្តែ​​​គ្មាន​របាយការណ៍​​​ណាមួយ​ដែលបង្ហាញ​ពី​​​ទិន្នន័យ​​នៃ​​ការ​ស្លាប់​បាត់​បង់​របស់​ទាហាន​អ៊ីស្រាអែល​ឡើយ។​

សារព័ត៌មាន​ The Jerusalem Post រាយការណ៍​ថា កងកម្លាំង​​​នៃ​​ក្រសួង​ការ​ពារ​ជាតិ​​អ៊ីស្រាអែល (IDF)​ បានសម្លាប់​សមាជិក​ប្រហែល​៨០០០​នាក់​នៃ​ចលនា​ហាម៉ាស់​​ប៉ា​ឡេ​ស្ទី​ន​ ក្នុងសង្គ្រាម​​រយៈពេល​ជាង​​១០សប្តាហ៍​​ដែល​បានចាប់​ផ្តើម​តាំងពីថ្ងៃទី​​៧ខែ​​​តុលា​នោះ។ 

​តាមសេចក្តី​រាយការណ៍​របស់​​កាសែត​ New York Times កុ្រមចលនា​ហាម៉ាស់​មាន​កង​កម្លាំង​សរុប​​ប្រមាណ​៣៥០០០​នាក់​​នៅ​តំបន់ហ្គាហ្សា​។​


ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​បាន​ផ្ទុះឡើង​ម្តងទៀត​នៅ​ថ្ងៃទី៧​ខែតុលា បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​ពី​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​ បាន​បើក​ការ​លុកលុយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ចូលទៅក្នុង​ទឹកដី​អ៊ីស្រាអែល​ពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ដោយបាន​សម្លាប់​អ្នកស្រុក​នៃ​សហគមន៍​ព្រំដែន និង​ចាប់​មនុស្ស​ធ្វើជា​ចំណាប់ខ្មាំង។ 

អ៊ីស្រាអែល​បានចាប់ផ្តើម​ធ្វើការ​វាយប្រហា​រ​សងសឹក​ទៅលើ​ក្រុម​ប៉ា​ឡេ​ស្ទី​ន ក៏ដូចជា​លើ​តំបន់​មួយចំនួន​នៅ​​ប្រទេស​លី​បង់ និង​ប្រទេស​​ស៊ី​រី។ ​កង​ទ័ព​​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់​​​បានឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​​លើ​បទ​ឈប់បាញ់​ម្តង​កាល​ពីចុងខែ​​វិច្ឆិកា ដើម្បី​ដោះដូរអ្នក​ទោស​និង​ចំណាប់ខ្មាំង និង​​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌ ប៉ុន្តែ​កាលពី​ថ្ងៃទី១​ខែធ្នូ កងទ័ព​អ៊ីស្រាអែល​បាន​ចោទប្រកាន់​ក្រុម​ហា​ម៉ា​ស់ថាបាន​រំលោភ​លើ​បទ​ឈប់​បាញ់​ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៤ខែវិច្ឆិកា ហើយ​បាន​បន្ត​ប្រតិបត្តិ​ការប្រយុទ្ធ​នៅ​ហ្គា​ហ្សា​​ជាថ្មី។ 


រហូត​ដល់​ពេលនេះ ជនរងគ្រោះ​​បាត់បង់ជីវិត​ដោយសារ​ការ​បាញ់​ប្រហារ​របស់​អ៊ីស្រាអែល​ក្នុងការ​កម្ទេច​ក្រុមហាម៉ាស់​មាន​ជាង​២០០០០នាក់៕