ប្រទេសអេស្ប៉ាញដែលស្ថិតនៅភាគខាងត្បូងអឺរ៉ុបនិងវិស័យពាណិជ្ជកម្មរបស់ខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក បានប្រកាសពីការមិនចូលរួមក្នុងសម្ព័ន្ធមិត្តថ្មីដែលទើបបង្កើតឡើងដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីការពារការដឹកជញ្ជូនតាមសមុទ្រក្រហម។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រទេសអេស្ប៉ាញបាននិយាយកាលពីថ្ងៃទី ២៤ខែធ្នូថា ខ្លួននឹងមិនចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីការពារការដឹកជញ្ជូនសមុទ្រក្រហមពីការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធី (Houthi) មានមូលដ្ឋាននៅប្រទេសយេម៉ែន ដែលប្រកាសប្រឆាំងនាវាដឹកទំនិញណាដែលបំពាក់ទង់ជាតិអ៊ីស្រាអែល។
ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានធ្វើការវាយប្រហាជាច្រើនលើកច្រើនសារណាស់មកហើយទៅលើការដឹកជញ្ជូនតាមសមុទ្រក្រហម នៅក្នុងអ្វីដែលពួកគេនិយាយថា គាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅហ្គាហ្សា។
នៅថ្ងៃទី២១ខែធ្នូ ក្រសួងការពារជាតិអាមេរិក ឬដែលគេនិយមហៅថា «មន្ទីរបញ្ចកោណ» បាននិយាយថា ប្រទេសចំនួន២០បានចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយវ៉ាស៊ីនតោន ដើម្បីការពារផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនេះក្រោយទទួលរងការរំខានពីក្រុមហ៊ូធី។
រដ្ឋាភិបាលរបស់ប្រទេសអេស្ប៉ាញមានភាពស្រពេចស្រពិលចំពោះសម្ព័ន្ធមិត្តថ្មីនេះ ហើយនៅថ្ងៃទី២៤ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ សារព័ត៌មាន AFP ថា ប្រទេសអេស្ប៉ាញ «នឹងមិនចូលរួមឡើយ»។
ខណៈដែលគ្មានហេតុផលត្រូវបានគេផ្តល់ឱ្យនោះ សារព័ត៌មានអេស្ប៉ាញកាលពីថ្ងៃអាទិត្យបាននិយាយថា ការសម្រេចចិត្តមិនចូលរួមត្រូវបានជំរុញដោយនយោបាយក្នុងស្រុក។
លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ កំពុងស្ថិតក្នុងដំណើរការនៃការបង្កើតក្រុមចម្រុះមួយ ហើយត្រូវការការគាំទ្រពីគណបក្សឆ្វេងនិយមជ្រុលឈ្មោះ Sumar ដែលប្រឆាំងនឹងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
ក្រោយការប្រកាសរបស់អេស្ប៉ាញបែបនេះ ក្រុម ហ៊ូធី បានស្វាគមន៍ជំហររបស់អេស្ប៉ាញ ដោយអនុរដ្ឋមន្ត្រីការបរទេស Hussein al-Ezzi និយាយថា៖«យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការបដិសេធរបស់អេស្ប៉ាញក្នុងការទាក់ទាញការកុហករបស់អាមេរិក និងអង់គ្លេសលើបញ្ហានាវាចរណ៍ដែនសមុទ្រ»។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយឯក Pat Ryder បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងចម្រុះនឹង «បម្រើការល្បាតផ្លូវហាយវេ ដើរល្បាតសមុទ្រក្រហម និងឈូងសមុទ្រ Aden ដើម្បីឆ្លើយតប និងជួយតាមការចាំបាច់ ចំពោះនាវាពាណិជ្ជកម្មដែលកំពុងឆ្លងកាត់ផ្លូវទឹកអន្តរជាតិដ៏សំខាន់នេះ»៕