ស្ត្រី​វ័យ ៩០ ឆ្នាំ​ ម្នាក់​ ទើបនឹង​បានទទួល​សញ្ញាបត្រ​អនុបណ្ឌិត​របស់ខ្លួន​កាលពី​ពេល​ថ្មីៗនេះហើយ​ការទទួល​សញ្ញាបត្រ​នេះ​បាន​កត់ត្រា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដោយ​លោកស្រី​គឺជា​មនុស្ស​មាន​វ័យ​ចំណាស់​បំផុត​ក្នុងការ​បញ្ចប់​វគ្គ​សិក្សា​នៅ​សាកលវិទ្យាល័យ North Texas។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​មន្ត្រី​សាកលវិទ្យាល័យ។

បើតាម​ការឱ្យ​ដឹង​ពីសា​កល​វិទ្យាល័យ ​លោកស្រី Minnie Payne អាយុ ៩០ ឆ្នាំ មាន​ដើមកំណើត​មកពី​រដ្ឋ South Carolina ហើយ​បានបញ្ចប់​កម្មវិធីសិក្សា​របស់ខ្លួន​លើ​ជំនាញ​អន្តរ​កម្ម​តាម​អ៊ីនធឺណិត​ក្នុង​ខែកក្កដា​ឆ្នាំ២០២៣នេះ។

លោក Billy Roessler ជាទី​ប្រឹក្សា​និស្សិត​គ្រោង​បញ្ចប់​ការសិក្សា​នៅ​សាលា UNT's Toulouse និង​ជាទី​ប្រឹក្សា​របស់លោក​ស្រី Payne បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា៖ «យើង​តែងតែ​ប្រើពាក្យ​ថា​ការសិក្សា​ពេញ​មួយជីវិត​ហើយ​ពេលនេះ Payne បានបង្ហាញ​ឱ្យ​យើង​ឃើញថា​វា​ជាការ​ពិតមែន»។


លោក Billy Roessler បន្ត​ឱ្យដឹងថា៖ «ការតស៊ូ​ដើម្បី​បញ្ចប់​ការសិក្សា​របស់លោក​ស្រី​នៅ​អាយុ៩០គឺ​គួរឱ្យ​ចាប់អារម្មណ៍​ហើយ​ជា​អ្វីដែល​ស្របតាម​គោលបំណង​លោកស្រី​ខ្លួនឯង​ផ្ទាល់​ថែមទៀត»។

លោកស្រី Payne ដែល​បាន​សិក្សា​ផ្តោតលើ​ការសរសេរ​បានធ្វើការ​ជា​អ្នកនិពន្ធ​ឯករាជ្យ​និង​បុគ្គលិក​ជាច្រើន​ឆ្នាំ​សម្រាប់​រោង​ពុម្ព​ផ្សាយ​នៅ​ទីក្រុង Dallasនិង​ទីក្រុង​Houston ព្រមជាមួយ​ការងារ​មួយចំនួន​ផ្សេងទៀត​នៅក្នុង​រដ្ឋ​តិច​សាស់។


លោកស្រី Payne បាន​រៀបរាប់​ឱ្យដឹងថា៖ «អ្នកនិពន្ធ​ភាគច្រើន​សរសេរ​ដោយសារតែ​ពួកគេ​ចូលចិត្ត​វា​ខ្ញុំ​ធ្វើ​ក៏​ព្រោះ​ស្រឡាញ់​វា​ខ្ញុំ​ធ្វើ​វា​ព្រោះ​វា​ដូចជា​ការព្យាបាល​មួយ​និង​ផ្តល់ឱ្យ​ខ្ញុំ​នូវ​អ្វី​ថាមពល​វិជ្ជមាន»។

មុន​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​លោកស្រី Payne បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​សិក្សា​ទូទៅ​នៅក្នុង​ឆ្នាំ២០០៦ពី​សាកលវិទ្យាល័យ Texas Woman's University។មកទល់ពេលនេះ​ទោះបី​ជាមាន​សញ្ញាបត្រ​កម្រិត​ខ្ពស់​ពីរ​នៅ​អាយុ៩០ឆ្នាំ​ក៏ដោយ​ក្តី​តែ​លោកស្រី​បញ្ជាក់ថា​ការអប់រំ​របស់ខ្លួន​មិនទាន់​មកដល់​ទីបញ្ចប់​នោះទេ។

បើ​យោងតាម​កំណត់ត្រា​ពី​សាកលវិទ្យាល័យ​បានឱ្យដឹងថា Payne ធំធាត់​ឡើង​នៅក្នុង សហគមន៍​រោងចក្រ​វាយ​ន​ភណ្ឌ​ក្រីក្រ​មួយ​នៅក្នុង​រដ្ឋ South Carolina។យុវតី Payne បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ១៩៥០ហើយ​បាន​ចូល​សិក្សា​ត្រឹម​រយៈពេល​ខ្លី​នៅ​មហាវិទ្យាល័យ​តូច​មួយ​មុនពេល​ចាប់ផ្តើម​ប្រលោក​ក្នុង​ការងារ​ជា​ស្មៀន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ។

ក្នុង​ឆ្នាំ១៩៦១លោកស្រី​បាន​រៀបការ​ជាមួយ​ស្វាមី​ឈ្មោះ Dale និង​បាន​ចូលធ្វើការ​ជា​អ្នករាយការណ៍​របស់​តុលាការ South Carolina Industrial Commission រហូតដល់​កូន​របស់ខ្លួន​កើតមក​ទើប​ឈប់​ធ្វើការ​ងារ​នោះ។បន្ទាប់ពី​ធ្វើជា​មេផ្ទះ​ប៉ុន្មាន​ឆ្នាំ​លោកស្រី​បាន​ងាក​មក​បន្តការងារ​ជា​គ្រូបង្រៀន​ជំនួស​វិញ។

ក្រោយមក​គ្រួសារ​របស់លោក​ស្រី​បាន​ផ្លាស់​ទី​ទៅ​រស់នៅ​រដ្ឋផ្សេងៗគ្នា​មុន​ពេលដែល​ទីបំផុត​បាន​តាំង​លំនៅ​អចិន្ត្រៃយ៍​នៅ​ទីក្រុង Carrollton រដ្ឋ Texas ។ក្រោយមកទៀត​លោកស្រី​បាន​បន្តការងារ​ជា​អ្នកបកប្រែ​និង​សរសេរ​អត្ថបទ​អស់​រយៈ៣០ឆ្នាំ​រហូត​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សាកលវិទ្យាល័យ Texas Woman's University។ លោកស្រី​បាន​ចូលរៀន​ផ្នែក​សារព័ត៌មាន​និង​អាជីវកម្ម ដោយ​ជោគជ័យ​ហើយ​បន្ត​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​សារព័ត៌មាន​ដដែល​ប៉ុន្តែ​ក្រោយមក​បាន​ផ្លាស់​ទៅ​ជំនាញ​សិក្សា​អន្តរ​កម្ម​វិញ។

យ៉ាងណា​ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​លោក​ស្រី Payne និយាយថា​ខ្លួន​មាន​អារម្មណ៍​ថា​ការបន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​នេះ​បានឱ្យ​ខ្លួន​និង​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង៕