គិត​ត្រឹម​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​បំបែក​កំណត់ត្រា​លើ​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សា​ដែលមាន​រយៈពេល​យូរ​មិន​ធ្លាប់មាន​រាប់​ចាប់ពី​ឆ្នាំ ១៩៥១ មក។ យ៉ាងណាមិញ​សីតុណ្ហភាព​ដ៏​ត្រជាក់​នេះ កើតឡើង​បន្ទាប់ពី​រលក​ខ្យល់​ត្រជាក់​បាន​បក់​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​ព្រមទាំង​បាន​បង្កើតជា​ព្យុះភ្លៀង​ជាច្រើន។

ក្នុងនោះ​សីតុណ្ហភាព​នៅ​តំបន់​ភាគ​ខាងជើង​និង​ភាគ​ឦសាន​នៃ​ប្រទេស​បានចាប់ផ្ដើម​ចុះ​ត្រជាក់ ខ្លាំង​ចាប់តាំងពី​សប្តាហ៍​មុន​ដោយ​តំបន់​មួយចំនួន​នៅ​ភាគ​ឦសាន​មាន​សីតុណ្ហភាព​រហូត​ទៅដល់​ដក៤០អង្សា​សេ​ខណៈដែល​អ្នកជំនាញ​អះអាងថា​ខ្យល់​នោះ​បក់​ចេញ​មកពី​តំបន់​អាក់​ទិ​ក (ប៉ូល​ខាងជើង)។

យ៉ាងណាមិញ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី២៤ ខែធ្នូ ក្រុម​សង្កេតការណ៍​អាកាសធាតុ​នៅ​ទីក្រុង​ប៉េកាំង​បាន​កត់ត្រា​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សា​ដែលមាន​រយៈពេល​ជាង៣០០ម៉ោង​ចាប់តាំងពី​ថ្ងៃទី១១ខែធ្នូ​មកជា​ពេលវេលា​ដែល​យូរ​បំផុត​គឺ​យូរ​ជាង​កំណត់ត្រា​កាលពី​ឆ្នាំ១៩៥១ទៅទៀត។នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Beijing Daily ។


ដោយឡែក​ទីក្រុង​ជាច្រើន​នៅ​ភាគ​កណ្តាល​នៃ​ខេត្ត Henan ភាគ​និរតី​នៃ​ប្រទេស​ចិន​កំពុងតែ​មមាញឹក​ក្នុងការ​ដោះស្រាយ​លើ​ម៉ាស៊ីនកម្ដៅ​ដើម្បី​ធានា​ការរស់នៅ​របស់​ប្រជាជន​ក្នុង​រដូវរងា​នេះ។ប៉ុន្តែ​យ៉ាងណា​ឡ​ចំហាយ​កម្ដៅ​ជាច្រើន​នៅ​រោងចក្ រ​Jiao​ Zuo Wan Fang Aluminum ដែល​រោងចក្រ​ផ្គត់ផ្គង់​ដ៏​សំខាន់​នោះ​បែរជា​មានការ​ខូចខាត​ដែលនាំឱ្យ​តម្រូវការ​ម៉ាស៊ីនកម្ដៅ​កើនឡើង​ជាបន្ទាន់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កំពុង​ព្យាយាម​ជួសជុល​បញ្ហា​មិន​ដំណើរការ​ហើយ​រំពឹងថា​នឹង​បន្ត​ការផ្គត់ផ្គង់​ឡើងវិញ​នៅត្រឹម​ថ្ងៃទី២៦ខែធ្នូ​ប៉ុន្តែ​មិនបាន​បញ្ជាក់​ចំនួន​ពិតប្រាកដ​នៃ​ឡ​ចំហាយ​កម្ដៅ​ដែល​បាន​ខូច​នោះទេ។


ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​បន្ទាន់​នេះ​ទីក្រុង​ប៉េកាំង​នឹង​ផ្អាក​ការផ្គត់ផ្គង់​កម្តៅ​ដល់​អាជីវករ​ភាគច្រើន​លើកលែងតែ​អ្នកផ្តល់​សេវាសំខាន់ៗដូចជា​មន្ទីរពេទ្យ​និង​មជ្ឈមណ្ឌលសំខាន់ៗផ្សេងទៀត​ដើម្បី​ជាការ​ផ្តល់​អាទិភាព​ក្នុងការ​ប្រើប្រាស់​កម្តៅ​នៅតាម​លំនៅឋាន​ប្រជាពលរដ្ឋ។

ប៉ុន្តែ​យ៉ាងណា​អ្នក​ព្យាករណ៍​អាកាសធាតុ​នៃ​ខេត្តកណ្តាល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​សីតុណ្ហភាព​នៅក្នុង​តំបន់​មួយចំនួន​នៃ​ខេត្ត Henan នឹង​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​គឺ​ត្រឹម-១៥អង្សា​នៅ​ចុង​សប្តាហ៍​នេះ។

​គិត​ត្រឹម​ម៉ោង២រសៀល​នា​ថ្ងៃទី២៤ធ្នូ​នេះ​អាជ្ញាធរ​អាកាសធាតុ​រប​ស់​ប្រទេស​ចិន​បានឱ្យដឹងថា​សីតុណ្ហភាព​នៅក្នុង​តំបន់​ជាច្រើន​នៃ​ភាគ​កណ្តាល​និង​ភាគ​ខាងកើត​ប្រទេស​ចិន​បាន​ស្ទុះ​ងើប​ឡើងវិញ​បន្តិច​ដោយ​សីតុណ្ហភាព​នៅក្នុង​តំបន់​ខ្លះ​កើនឡើង​លើសពី១០អង្សា​សេ៕