ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​​​បាន​ដក​ស្រង់​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ដែលចោទ​ប្រកាន់​ហ្វីលីពីន​ជុំវិញ​​​​​ជម្លោះ​​​ជាមួយ​ចិន​​​នៅ​សមុទ្រភា​គ​ខាងត្បូង​​ដោយ​មានសហរដ្ឋ​អាមេរិក​ជា​​តួអាង​​។​


ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន People's Daily ​បាន​ចោទប្រកាន់​ហ្វីលីពីន​កាលពី​ថ្ងៃទី​២៥ ​ខែធ្នូ​ថា បាន​រំលោភបំពាន​លើ​ទឹកដី​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ម្តង​ហើយ​ម្តងទៀត ដោយបាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ឃុបឃិត​ជាមួយ​កងកម្លាំង​ក្រៅ​ទឹកដី ដើម្បី​បង្កបញ្ហា។

​ក្នុង​អត្ថបទ​​អត្ថាធិប្បាយ​ប្រចាំថ្ងៃទី​២៥​ខែ​​​ធ្នូ សារព័ត៌មានចិន​People's Daily ​បាន​លើក​ឡើង​ថា ប្រទេស​ហ្វីលីពីន​បាន​ពឹង​ផ្អែកលើ​ការគាំទ្រ​ពី​សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​បង្ករឿង​ដល់​ប្រទេស​ចិន ជាមួយនឹង​អាកប្បកិរិយា «គ្រោះ​ថ្នាក់​​បំផុត» ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​យ៉ាងធ្ងន់ធ្ងរ។


​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ម៉ានីល​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​ខែថ្មីៗនេះ ខណៈដែល​ភាគី​ទាំង២មានការ​ចោទប្រកាន់​​ពាណិជ្ជកម្ម​ជុំវិញ​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង រួមទាំង​ការចោទប្រកាន់ថា​ចិន​បាន​វាយកម្ទេច​កប៉ាល់​មួយ​ក្នុង​ខែ​នេះ ដែល​ដឹក​មេទ័ព​ហ្វីលីពីន។


ចិន​ទាមទារ​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ផ្នែក​ខ្លះ​ក៏​ទាមទារ​ដោយ​ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ វៀតណាម និង​ឥណ្ឌូនេស៊ី​ផងដែរ។


នៅក្នុង​ការព្រមាន​ដោយផ្ទាល់​ខុសពី​ធម្មតា រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​និយាយ​កាលពី​ថ្ងៃទី២១​ខែធ្នូ​ថា ការ​គណនា​ខុស​នៅក្នុង​ជម្លោះ​ជាមួយ​ហ្វីលីពីន​នឹង​នាំមក​នូវ​ការឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ពី​ប្រទេស​ចិន ហើយ​បាន​អំពាវនាវ​ឱ្យមាន​ការសន្ទនា​ដើម្បី​ដោះស្រាយ «ការលំបាក​ធ្ងន់ធ្ងរ» ។

ភាពជូរចត់​នៃ​ទំនាក់ទំនង​ទ្វេភាគី ស្របពេល​ជាមួយនឹង​ការផ្លាស់ប្តូរ​របស់​ទីក្រុង​ម៉ានីល ក្នុងការ​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក ដែលជា​អតីត​មហាអំណាច​អាណានិគម និង​សម្ព័ន្ធមិត្ត​ការពារជាតិ​អស់​រយៈពេល​៧​ទសវត្សរ៍។

ប្រទេស​ចិន​បាន​សម្តែង​ការខឹង​សម្បា​ចំពោះ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី៤ ខែធ្នូ​សម្រាប់​ការបញ្ជូន​នាវា​កងទ័ពជើងទឹក​ចូលទៅក្នុង​ដែនទឹក​នៅ​ជិត​តំបន់​ជម្លោះ​ដែល​ចិន​និង​ហ្វីលីពីន​មានការ​ប្រឈមមុខ​ដាក់​គ្នា​លើ​ដែនសមុទ្រ​ជាច្រើន។

កាសែត People's Daily បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រើ​ជា​ញឹកញាប់​នូវ​សន្ធិសញ្ញា​ការពារជាតិ​របស់ខ្លួន​ជាមួយ​ទីក្រុង​ម៉ានីល ដើម្បី «គំរាមកំហែង» ប្រទេស​ចិន ដោយ​គាំទ្រហ្វីលីពីន​​​​ដោយ​​មិន​​ងាករេថា រំលោភ​លើ​អធិបតេយ្យភាព​របស់​ចិន និង «ជ្រៀតជ្រែក​លើ​ការបារម្ភ​ផ្នែក​សន្តិសុខ»៕​