​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​អ៊ី​រ៉ង់ IRNA បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ ទី​ ២៤ ខែធ្នូ​ថា អ៊ី​រ៉ង់​បាន​កោះហៅ​បេស​ក​ជន​ការទូត​រុស្ស៊ី បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ និង​បណ្តា​ប្រទេស​អារ៉ាប់​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​កាលពីដើម​សប្តាហ៍​នេះ ប្រឆាំងនឹង​ការទាមទារ​របស់​អ៊ី​រ៉ង់​លើ​កោះ​ជម្លោះ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស៍​។ នេះ​បើតាម​ការរាយការណ៍​ប​ន្ត​របស់​ទីភ្នាក់ងារសារព័ត៌មាន AP​។​


IRNA ផ្សាយ​ថា រដ្ឋាភិបាល​អ៊ី​រ៉ង់​បាន​កោះហៅ​បេសកជន​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍ ហើយ​បានប្រគល់​លិខិត​មួយ​ជូនទៅ​កាន់​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​ប្រឆាំង​តវ៉ា​នឹង​សេចក្តីថ្លែងការណ៍​ចេញពី​វេទិកា​សហប្រតិបត្តិការ​អារ៉ាប់​-​រុស្ស៊ី​លើក​ទី​ ៦ ដែល​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​វិបត្តិ​រវាង​អ៊ី​រ៉ង់ និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម​លើ​កោះ​ដែលមាន​ជម្លោះ​។​

​ដាច់ដោយឡែក​ពី​ការកោះហៅ​នេះ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រីការបរទេស​អ៊ី​រ៉ង់ លោក Hossein Amirabdollahian បាន​ប្រាប់​សម​ភាគី​រុស្ស៊ី​តាម​ទូរ​ស័ព្ទ​ថា​៖ «​ការគោរព​អធិបតេយ្យភាព និង​បូរណភាព​របស់​ប្រទេស គឺជា​គោល​​ការណ៍​ជា​មូលដ្ឋាន​ក្នុង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំង​ ២​។


​គេ​មើលឃើញថា នេះ​ជា​លើក​ទី​២​  ហើយ​នៅ​ឆ្នាំ​ ២០២៣ ដែល​អ៊ី​រ៉ង់​បាន​កោះហៅ​ប្រេសិត​រុស្ស៊ី ដើម្បី​ប្រឆាំង​តវ៉ា​ជុំវិញ​ការ​លូកលាន់​ក្នុង​ជម្លោះ​លើ​កោះ​នៅ​សមុទ្រ​ពែ​ក្ស៍​។ ទីក្រុង​តេ​អេ​រ៉ង់ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​កាល​​ពី​ខែកក្កដា ជុំវិញ​ការចេញ​សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​នេះដែរ​។​


​ជម្លោះ​ការទូត គឺជា​រឿង​ដ៏​កម្រ​មួយ រវាង​រុស្ស៊ី និង​អ៊ី​រ៉ង់ ដោយសារតែ​ប្រទេស​ដែល​រង​ទណ្ឌកម្ម​លោកខាងលិច​ទាំង​ ២ ​មាន​ទំនាក់ទំនង​យ៉ាង​ស៊ី​​ជម្រៅ ជាពិសេស​រាប់​តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ អ៊ី​រ៉ង់បាន​ផ្គត់​ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក (​ដ្រូន​)​ ​ដល់​ប្រទេស​រុស្ស៊ី​ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប្រទេស​ទាំង​ ២ ក៏​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​សម្រាប់​ប្រធានាធិបតី​ស៊ី​រី លោក Bashar Assad ក្នុង​សង្គ្រាមស៊ីវិល​របស់​ប្រទេស​នេះ​ផងដែរ​។​


​ពាក់ព័ន្ធ​នឹង​កោះ​ជម្លោះ​នៅ​ឈូង​​សមុទ្រ​ពែ​ក្ស៍ រុស្ស៊ី​មិនមែនជា​ប្រទេស​ជា​មិត្ត​តែមួយគត់​ដែល​អ៊ី​រ៉ង់កោះហៅ​ប្រេសិត​នោះទេ​។ នៅ​ឆ្នាំ ​២០២២ អ៊ី​រ៉ង់​បាន​កោះហៅ​បេសកជន​ការទូត​របស់​ចិន ជុំវិញ​ការចេញ​សេចក្តីថ្លែងការណ៍​រួម​ស្រដៀង​គ្នា​ជាមួយ​ប្រទេស​អារ៉ាប់​។​

​អ៊ី​រ៉ង់បាន​កាន់កាប់​កោះ​ជម្លោះ​ ៣ រួម​មាន​កោះ Abu Musa កោះ Greater Tunb និង​កោះ ​Lesser Tunb បន្ទាប់​​ពី​កងកម្លាំង​អង់គ្លេស​បាន​ដកខ្លួន​នៅ​ឆ្នាំ​ ១៩៧១​។ អ៊ី​រ៉ង់​បានចាត់ទុក​កោះ​ទាំងនេះ​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន «​ដែល​មិនអាច​បំបែកចេញ​បាន​» ដោយ​វា​ជា​ទឹកដី​នៃ​រដ្ឋ​ពែ​ក្ស៍​តាំងពី​សម័យបុរាណ​។ ប៉ុន្តែ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏​ទាម​ទារ​កោះ​ទាំង​ ៣ ​នេះ​ផងដែរ ហើយ​បានទាមទារ​ជា​យូរ​មកហើយ​ឱ្យមាន​ការចរចា​រក​ដំណោះស្រាយ​។

​កោះ​ទាំង​ ៣ គ្របដណ្តប់​លើផ្លូវ​ទៅកាន់​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ ​Hormuz ដែលជា​ផ្លូវទឹក​ដ៏​សំខាន់ ដោយ ១/៥ នៃ​ប្រេង​ផ្គត់ផ្គង់​ពិភពលោក ត្រូវបាន​គេ​ដឹក​ឆ្លងកាត់​ផ្លូវ​មួយ​នេះ​៕