​ក្រោយ​សង្គ្រាម​ផ្ទុះឡើង​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាម​ដែលនាំឱ្យ​មន្ត្រី​អង្គការសហប្រជាជាតិ​ជាង​ ១៤០ នាក់​បាន​បាត់​បង់ជីវិត​ក្នុង​រយៈពេល​ដ៏​ខ្លី​ក្នុង​កិច្ចការ​មនុស្សធម៌​រប​ស់​ពួកគេ ក្រសួង​ការពារជាតិ​អ៊ីស្រា​អែល​ក៏បាន​បង្ហាញ​តួលេខ​នៃ​ការបាត់​បង់ជីវិត​រប​ស់​ក្រុម​សកម្មជន​ហា​ម៉ាស់ ៨ ០០០ ​នាក់​ក្នុង​សង្គ្រាម​រយៈ​ពេល ១០ ​សប្តាហ៍​កន្លងមកនេះ​។​


​សារព័ត៌មាន​ The Jerusalem Post របស់អ៊ីស្រា​អែល បាន​រាយការណ៍​ថា ទាហានអ៊ី​ស្រា​អែល​បានសម្លាប់​កងកម្លាំងរ​បស់​ហា​ម៉ាស់ ៨ ០០០​ នាក់ ចាប់​តាំង​ថ្ងៃទី ​៧​ខែតុលា ជា​ពេលដែល​ក្រុម​សកម្មប្រយុទ្ធ​បាន​វាយឆ្មក់​ចូល​ទឹកដី​អ៊ី​ស្រា​អែល​តាម​គ្រប់​មធ្យោបាយ ដើម្បី​ចាប់​ចំណាប់ខ្មាំង និង​សម្លាប់​ជនជាតិអ៊ី​ស្រា​អែល​តាម​បណ្តោយ​ព្រំដែន​ក្នុង​ពេលវេលា​ដែល​ប្រជាជន​អ៊ី​ស្រា​អែល​កំពុង​ឈប់សម្រាក​ថ្ងៃបុណ្យ​។​

តាម​សេចក្តីរាយការណ៍​របស់​កាសែត New York Times បាន​ផ្សាយ​ក្នុងពេល​កន្លងមក​ដោយ​ដកស្រង់​សម្តី​របស់​មន្ត្រី​​ជាន់ខ្ពស់​របស់​លី​បង់ ដែល​អះអាងថា ក្រុម​ចលនា​ហា​ម៉ាស់​មាន​កងកម្លាំង​សរុប​ចន្លោះ​ពី ៣៥ ០០០ ​នាក់ ទៅ ៤០ ០០០​ នាក់​នៅ​តំបន់​ហ្គា​ហ្សា​។​


​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​បាន​ផ្ទុះឡើង​ម្តងទៀត​នៅ​ថ្ងៃទី​ ៧ ខែតុលា បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​ពី​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន បាន​បើក​ការ​លុកលុយ​ដ៏​គួរឱ្យ​ភ្ញាក់​ផ្អើល​មួយ​ចូលទៅក្នុង​ទឹកដីអ៊ី​ស្រា​អែ​លពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ដោយបាន​សម្លាប់​អ្នកស្រុក​នៃ​សហគមន៍​តាម​តំបន់​ជាប់​​ព្រំដែន និង​បាន​ចាប់​មនុស្ស​ធ្វើជា​ចំណាប់​ខ្មាំង​ប្រមាណ ២៤០ ​នាក់​។​


​តាមរយៈ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​សម្រេចបាន​ម្តង​កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា សម្រាប់​រយៈពេល ​៤ ​ថ្ងៃ ដែល​ធ្វើឡើង​ក្នុង​បំណង​ដោះដូរ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន និង​ចំណាប់ខ្មាំង​ដែល​ក្រុម​ហា​ម៉ាស់​ចាប់​ទៅ ចំណាប់ខ្មាំង ​១០០ ​នាក់ ត្រូវបាន​ក្រុម​ហា​ម៉ាស់​ដោះលែង ជា​ថ្នូរ​នឹង​ការដោះលែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន​រយ​នាក់​។​


​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នោះ បាន​បន្ថែម ​២​ ថ្ងៃ ជា​ថ្នូរ​នឹង​ការដោះលែង​ចំណាប់​ខ្មាំង ​១០ ​នាក់​ក្នុង​ ១ ​ថ្ងៃ ហើយ​សង្គ្រាម​ក៏​ចាប់ផ្តើម​ជាថ្មី​នៅ​ថ្ងៃទី ​១ ខែធ្នូ​ដោយ​អ៊ីស្រា​​អែល​ចោទ​ក្រុម​ហា​ម៉ាស់​ថា បាន​រំលោភ​បំពាន​កិច្ចព្រមព្រៀង​នោះ​។​

​ទីភ្នាក់ងារ​ជំនួយ និង​ការងារ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ប៉ា​​ឡេ​ស្ទី​ន (UNRWA) បាន​រាយការណ៍​ពី​ការស្លាប់​របស់​បុគ្គលិក​របស់ខ្លួន​ចំនួន ​១៤២​នាក់​នៅក្នុង​ការវាយប្រហា​រ​របស់អ៊ី​ស្រា​អែល​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។​

​ទីភ្នាក់ងារ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​របស់​អង្គការសហប្រជាជាតិ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម X (​អតីត Twitter) ថា​៖«​ក្រុម របស់​យើង​កំពុង ធ្វើ​អ្វីដែល មិនអាច​ទៅរួច​ទេ​ក្នុង​ការជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​។ យើង​កាន់ទុក្ខ​ចំពោះ​ការបាត់​បង់​សហការី UNRWA បន្ថែមទៀត​ដែល​ត្រូវបាន​សម្លាប់​នៅ​ហ្គា​ហ្សា ឥឡូវនេះ​ ១៤២ នាក់ ភាគច្រើន​ជាមួយ​គ្រួសារ​ពួកគេ​»​។​

​អង្គការសហប្រជាជាតិ​ស្ទើរតែ​ជាប់គាំង​ក្នុងការ​ដាក់ចេញ​លើ​សេចក្តីសម្រេច​សម្រាប់​ដំណោះស្រាយ​ឱ្យ​បញ្ចប់សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា ដោយសារតែ​អ៊ី​ស្រា​អែល​បាន​បដិសេធ​រាល់​ការដាក់ចេញ​នូវ​សេចក្តីសម្រេច​នានា​ទោះ​តាមរយៈ​ដំណោះស្រាយ​ក្នុង​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ឬក៏​សន្និបាត​របស់​ស្ថាប័ន​កំពូល​មួយ​នេះ​។ ម្យ៉ាងទៀត​សហរដ្ឋអាមេរិក​ក៏​តែង​នៅ​ពីក្រោយ​គាំទ្រ​អ៊ី​ស្រា​អែល​ដោយ​ប្រើ​សិទ្ធិ​វេតូ​សេចក្តីសម្រេចចិត្ត ២ ​លើក​។​

​រហូតដល់​ពេលនេះ ជនរងគ្រោះ​បាត់បង់​ជីវិត​ក្នុង​សង្គ្រាម​អ៊ីស្រា​អែល​-​ហា​ម៉ាស់ មាន​ជាង ២ ​ម៉ឺន​នាក់​៕