ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​លើ​​កំពង់ផែ​ Feodosia ​នៅ​គ្រីមា​ បាន​បណ្ដាល​ឱ្យ​​នាវាដឹក​គ្រឿង​សឹក​សង្រ្គាម​​​របស់​​រុស្ស៊ី​ដ៏​ធំ​មួយ​រង​ការ​ខូច​ខាត​​ និង​​​សម្លាប់​មនុស្ស​ម្នាក់​។​ នេះ​បើ​តាម​ការ​អះ​អាង​របស់​ក្រុង​ម៉ូស្គូ​​កាល​ពី​​ថ្ងៃ​អង្គារ​​ បន្ទាប់​ពី​អ៊ុយក្រែន​អះ​អាង​ថា​ ការ​វាយ​ប្រហារ​របស់​ខ្លួន​បាន​បំផ្លាញ​នាវា​ចម្បាំង​រុស្ស៊ី​។ 

ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ Interfax បាន​ស្រង់​សម្ដី​​ក្រសួង​ការពារជាតិ​រុស្ស៊ី​ ដែល​​និយាយ​ថា​ អ៊ុយក្រែន​បាន​ប្រើ​​មីស៊ីល​បាញ់​ពី​លើ​អាកាស​ ​​ដើម្បី​វាយ​ប្រហារ​ដែល​ធ្វើ​ឱ្យ​ខូត​ខាតនាវា​ដឹក​គ្រឿង​សឹក​សង្រ្គាម ​​​​Novocherkassk។ ​

នាវា​ Novocherkassk ដែល​ផលិត​ក្នុង​​ប្រទេស​ប៉ូឡូញ ​និង​យក​ប្រើ​នៅ​​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​ដាក់​ពង្រាយ​ទ័ព​ជើង​ទឹក​ ​​និង​អាច​ផ្ទុក​រថពាស​ដែក​ជា​ច្រើន​ប្រភេទ​ រួម​ទាំង​រថក្រោះ​ផង​ដែរ​។​ ខ្សែ​វិដេអូ​ផ្សេង​ៗ​ បាន​បង្ហាញ​ថា​ ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​ បាន​បណ្ដាល​ឱ្យ​មាន​ការ​ផ្ទុះ​យ៉ាង​ខ្លាំងនៅ​កំពង់ផែ​​ ​ Feodosia ​ដែលនាវា​​ Novocherkassk កំពុង​ឈរ​ជើង​។ ​


​លោក ​Sergei Aksyonov ​អភិបាល​តំបន់​គ្រីមា​ ដែល​រុស្ស៊ី​លើក​បន្តុប​ ​បាន​និយាយ​លើ​បណ្ដាញ​​ផ្ញើសារ​តេឡេក្រាម​ ថា​ ការ​វាយ​ប្រហារ​ដដេល​បាន​សម្លាប់​មនុស្ស​ម្នាក់​ របួស​ ២ នាក់​ និង​ ៦ នាក់​ត្រូវ​ជម្លៀស​ចេញ​​ពី​ផ្ទះ​។ 

គេ​មើល​ឃើញ​ថា​ ទោះ​បី​ជា​ប្រតិបត្តិការ​វាយ​បក​របស់​អ៊ុយក្រែន​បាន​ផល​តិច​តួច​នៅ​សមរភូមិ​ក៏​ដោយ​ ​​ក៏​អ៊ុ​យក្រែន​អាច​បើក​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​លើ​​តំបន់​គ្រីមា ដែ​ល​ជា​ទីស្នាក់ការ​កណ្តាល​នៃ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​ ដែល​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​។​


​ចំពោះ​ការ​វាយ​ប្រហារ​ចុងក្រោយ​នេះ​ កង​ទ័ព​អាកាស​អ៊ុយក្រែន​ បាន​និយាយ​​​​ថា​ អាកាស​យានិក​​របស់​ខ្លួន​បាន​វាយ​ប្រហារ​ក្រុង​​កំពង់ផែ​Feodosia​នៅ​​ម៉ោង​ ២ កន្លះ​ ព្រឹកថ្ងៃ​អង្គារ​​ ដោយ​ប្រើ​មីស៊ីល​គ្រូស​ ហើយ​បាន​បំផ្លាញ​នាវាដឹក​គ្រឿង​សឹក​​ Novocherkassk ។

​ក្រុង​ Feodosia​ ​មាន​ប្រជាជន​ប្រហែល​ ៦៩ ០០០ នាក់​រស់​នៅ​ លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ឧបទ្វីប​គ្រីមា​ ដែល​រុស្ស៊ី​កាត់​បញ្ជូល​ជា​ទឹក​ដី​របស់​ខ្លួន​កាល​ពី​ឆ្នាំ​ ២០១៤ ទោះ​បី​មាន​ការ​ថ្កោល​ទោស​ជា​អន្តរជាតិ​៕​