អស់​រយៈ​ពេល​​ជា​ច្រើន​ទសវត្ស​រ៍​មក​​នេះ​ កម្លាំង​យោធា​របស់សហរដ្ឋ​​អាមេរិក​ឈរ​នៅ​លំដាប់​លេខ​មួយ​​លើ​ពិ​ភព​លោក​ ​ដោយ​គ្មាន​ប្រទេស​ណា​អាច​​វ៉ា​ជែង​​យក​ដំណែង​​កំពូល​នេះ​បាន​ទេ​។

រាប់​ចាប់​តាំង​ពី​សហភាព​សូវៀត​ដួល​រំលំ​មក​ អាមេរិក​គឺជា​​មហា​អំណាច​យោធាតែ​មួយ​គត់​​ ដែល​បាន​​ដាក់​ពង្រាយ​កង​កម្លាំង​របស់​ខ្លួន​ជុំ​វិញ​ពិភព​លោក​ ដើម្បី​ការ​ពារ​សម្ព័ន្ធ​មិត្ត​ និង​ទប់​ស្កាត់​​ភាព​គឃ្លើន​របស់​សត្រូវ​។

យ៉ាង​ណា​មិញ​ ទន្ទឹម​នឹង​ភាព​លេច​ធ្លោ​របស់​អាមេរិក​ គេ​មើល​ឃើញ​ថា​ ​ពិភព​លោក​បច្ចុប្បន្ន​​កំពុង​ពោរ​ពេ​ញ​ទៅ​ដោយ​ជម្លោះ ​រាប់​ចាប់​តាំង​ពី​សង្រ្គាម​​​ហ្គាហ្សា​នៅ​​មជ្ឈិម​បូព៌ា​​ និង​​ជម្លោះ​អ៊ុយក្រែន-​រុស្ស៊ីនៅ​អឺរ៉ុប​ខាង​កើត​​ រហូត​ដល់​ភាព​តាន​តឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​ឧបទ្វីប​កូរ៉េ​នៅ​អាស៊ី​បូព៌ា​។


ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​​រុស្ស៊ី ​និង​ចិន​ កំពុង​បង្កើន​​​មហិច្ឆតា​រួម​គ្នា​របស់​ខ្លួនឱ្យ​កាន់​តែ​ខ្លាំង​ឡើង​​ ​ក្នុង​ប្រកួត​ប្រជែង​​ផ្តួល​រំលំ​សហរដ្ឋ​អាមេរិក​ ដែល​ជា​មហា​អំណាច​ធំ​បំផុត​របស់​ពិភព​លោក​។​ 

ក្រុម​អ្នក​វិភាគ​​ បាន​លើក​ឡើង​ថា​ ​​​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​២​ រួម​មាន​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជិនពីង​ និង​​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ​ ពូទីន​  ​បាន​​​កេង​ប្រវ័ញ្ច​អស្ថិរភាព​ពិភព​លោក​ ដើម្បី​​បង្ខូច​បង្ខាត​សហ​រដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ ហើយ​កំពុង​​ខិត​កៀក​ទៅ​រក​ការ​​​បង្កើត​សម្ព័ន្ធ​មិត្ត​យោធា ​ដែល​បង្ក​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុតមិន​ធ្លាប់​មាន​សម្រាប់​​​សហរដ្ឋ​​អាមេរិក​។ 


នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនប្រឹក្សា​យុទ្ធ​សាស្រ្ត​​ Atlas Group លោក​ Jonathan Ward ដែល​​​ជា​អ្នក​ជំនា​ញ​ផ្នែក​​យុទ្ធសាស្ត្រ​សកល​របស់​ចិន​ និង​ការ​ប្រកួត​ប្រជែង​​អាមេរិក​-ចិន​ បាន​ថ្លែង​ប្រាប់សារព័ត៌មាន​ Business Insider ថា​​៖ «​វា​ច្បាស់​ណាស់​ថា​ រដ្ឋ​ទាំង​​២​(រុស្ស៊ី​ និង​ចិន​)​មើល​ឃើញ​ខ្លួន​ថា​ជា​ដៃគូ​យោធា​នឹង​​គ្នា​ ហើយ​ភាព​ជា​ដៃគូ​នេះ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ ​និង​មាន​បទ​ពិសោធន៍​កាន់​តែ​ច្រើន​ បើ​ទោះ​បី​ជា​វា​មិន​មែន​ជា​សម្ព័ន្ធភាព​ផ្លូវ​ការ​សម្រាប់​​លោក​ខាង​លិច​ក៏​ដោយ​»​​។ 

ក្នុង​​ជម្លោះ​​​នៅ​​ទូទាំង​​ពិភព​លោក ​​ការ​​ប្រជែង​​គ្នា​​រវាង​​សហរដ្ឋ​​អាមេរិក​ ជាមួយ​នឹង​​​ដៃគូ​ចិន​-រុស្ស៊ី​ បាន​និង​កំពុង​លេច​ចេញ​ជា​រូប​រាង​ ក្រោម​រូប​ភាព​ផ្សេង​ៗ​​។  ​​

ប្រទេស​ចិន​ បាន​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ និង​ការ​ទូត​យ៉ាង​សំខាន់​ដល់​រុស្ស៊ី​ ក្នុង​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ដែល​​​មិន​ញញើត​នឹង​ច្បាប់​អន្តរជាតិ​។ ជានិច្ច​កាល​ គេ​តែង​តែ​ឃើញ​ចិន​បញ្ចេញ​វោហាសាស្រ្ត​ការពារ​រុស្ស៊ី​ ហើយ​ទម្លាក់​កំហុស​លើ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត ​ចំពោះ​ជម្លោះ​អ៊ុយក្រែន​។ ​​

សហរដ្ឋ​​អាមេរិក​ឯ​ណោះ​វិញ​ ​បាន​​ផ្តល់​​ជំនួយយោធា និង​មនុស្ស​ធម៌​​​រាប់​​ពាន់​​លាន​​ដុល្លារ​​ដល់​​​អ៊ុយក្រែន​ ​ហើយ​​កៀង​គរ​សម្ព័ន្ធ​មិត្ត​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ ដែល​ជា​មូលហេតុ​ចម្បងមួយ​​ឱ្យ​រុស្ស៊ី​បង្កើន​ទំនាក់​ទំនង​ការ​ទូត និង​សេដ្ឋកិច្ច​​ជា​មួយ​ចិន​។ 

ងាក​ទៅ​មើល​បញ្ហា​នៅ​មជ្ឈិម​បូព៌ាវិញ​​ រុស្ស៊ី ​និង​ចិន​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយប្រទេស​​អ៊ីរ៉ង់ ដែល​រង​ទណ្ឌ​កម្ម​តឹង​រ៉ឹង​ពី​លោក​ខាង​លិចដូច​គ្នា​​ដោយ​សារ​តែ​កម្ម​វិធី​នុយក្លេអ៊ែរ​​​។ ប្រទេស​ទាំង​៣​ ​រិះ​គន់​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា​​ ដើម្បី​កម្ទេច​ក្រុម​ភេរវករ​ហាម៉ាស់​គាំទ្រ​ដោយ​​ក្រុង​តេអេរ៉ង់​​។​

ប៉ុន្តែ​អាមេរិកវិញ​ ​​បាន​​ផ្តល់​​ជំនួយ​​យោធា​ និង​​ការ​​គាំទ្រ​​ផ្នែក​​ការ​ទូត​​សម្រាប់​​អ៊ីស្រាអែល​ ទោះ​បី​ជា​សកម្មភាព​យោធា​រប​ស់​​ប្រទេស​នេះ​ សម្លាប់​ជន​ស៊ី​វិល​ប៉ាឡេស្ទីន​ជាង​ ២០ ០០០ នាក់​ហើយ​ក៏​ដោយ​។

ក្រុម​​អ្នក​ជំនាញ​បាន​និយាយ​ថា​ ប្រទេស​ចិន​ ទំនង​ជា​កំពុង​មើល​លទ្ធផល​នៃ​សង្រ្គាម​អ៊ុយក្រែន​យ៉ាង​ប្រុង​ប្រយ័ត្ន​​ទុក​ជា​មេរៀន​លើ​​របៀប​ដែល​ពិភព​លោកបញ្ចេញ​​​ប្រតិកម្ម​ ប្រសិន​បើ​ខ្លួន​ឈ្លាន​ពាន​កោះ​តៃវ៉ាន់​ ដែល​ចិន​ទទូច​ទាម​ទារ​ថា​ជា​របស់​ខ្លួន​។ ខណៈ​ដែល​ទំនាក់​ទំនង​ទ្វេភាគី​កាន់​តែ​ស្អិត​រមួត​ក្នុង​កាលៈទេសៈ​នេះ​ ​ចិន ​និង​រុស្ស៊ី​កំពុង​សម្រប​សម្រួល​ធន​ធាន​យោធា​​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។ 

ត្រង់​ចំណុច​នេះ​ ​លោក ​Ward ​បាន​និយាយ​ថា​​៖«​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ការ​សម្រប​សម្រួល​រវាង​រុស្ស៊ី​-​ចិន​» ​តែង​តែ​ផ្ដោត​លើ​អំណាច​យោធា​។​

​​ជាក់​ស្ដែង​ ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​កន្លង​មក​នេះ​ រុស្ស៊ី ​និង​ចិន​ បាន​ធ្វើ​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​រួម​គ្នា រាប់​បញ្ជូល​​​នៅ​សមុទ្រ​ជប៉ុន​ហើយ​រុស្ស៊ី​បាន​ប្រគល់​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​ទៅ​​ចិន​ ដែល​នឹង​ជា​ប្រយោជន៍​ប្រសិន​បើ​សង្រ្គាម​​ជាមួយ​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​ប៉ាស៊ីហ្វិក​ផ្ទុះ​ឡើង​។ ហើយ​ថ្មី​ៗ​នេះ​កាល​ពី​ខែ​វិច្ឆិកា​ លោក​ ពូទីន​ បា​ន​និយាយ​ថា​ ​មេដឹក​នាំ​ប្រទេស​ទាំង​២​​បាន​សន្យា​ថា​នឹង​សហការ​គ្នា​​​លើ​ការ​អភិវឌ្ឍន៍​អាវុធ​បច្ចេក​វិទ្យា​ខ្ព​ស់​​។

ក្រៅ​ពី​នេះ​ គេ​ក៏​ឃើញ​រុស្ស៊ី​​​លក់​យន្តហោះ​ចម្បាំង​​ Su-25 ​ឧទ្ធម្ភាគចក្រ​MI-17 ​និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​S-400 ​ទៅ​ឱ្យ​ចិន​ផង​ដែរ​។​

ទោះ​បីជា​លោក​ ស៊ី​ និង​លោក​ ពូទីន​ មិន​បាន​ចុះ​ហត្ថលេខា​​​​​​បង្កើត​សម្ព័ន្ធ​ភាព​យោធា​ជា​ផ្លូវ​ការ​ក៏​ដោយ​ ទំ​នាក់​ទំនង​ផ្នែក​យោធា​បែប​នេះ​ គឺ​ជា​​​​​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​។

​បើ​តាម​ការ​សរសេរ​របស់អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សន្តិសុខ​​ ​លោក​ស្រី​ChelsMichta​​ក្នុង​អត្ថបទ​ចេញ​ផ្សាយ​ដោ​យ​មជ្ឈ​មណ្ឌល​សម្រាប់​ការ​វិភាគ​គោល​នយោបាយ​អឺរ៉ុប (CEPA) ​ថ្មី​ៗ​នេះ​។

​លោក​ស្រី​ Michta បាន​​សរសេរ​យ៉ាង​ដូច្នេះ​ថា​​៖​«​សម្ព័ន្ធ​ភាព​ចិន​-​រុស្ស៊ី​ ទ្រង់​ទ្រាយ​ធំ​ នឹង​បង្ហាញ​សហរដ្ឋ​អាមេរិក​​នូវ​ការ​គំរាម​កំហែង​​ដែល​​ខ្លួន​មិន​​ធ្លាប់​បាន​ប្រឈម​មុខ​ ចាប់​តាំង​ពី​ចុង​បញ្ចប់​នៃ​សង្រ្គាម​ត្រជាក់​មក​»។ ​​

កាល​ពី​ខែ​តុលា​ ​គណៈ​កម្មាធិការ​សភា​ស្តី​ពី​ជំហរ​យុទ្ធសាស្ត្រ​​សហរដ្ឋ​អាមេរិក​ ​​បាន​និយាយ​ថា​​បច្ចុប្បន្ន​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដែល​ខុស​​ពីអ្វី​ដែល​ខ្លួន​ធ្លាប់​បាន​ជួប​ពី​អតីត​កាល​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ពី​ចិន​ និង​រុស្ស៊ី​។

ក្រោម​ហេតុផល​នេះ​ ​​គណៈកម្មាធិកា​រ​បាន​ជំរុញ​ឱ្យ​​បញ្ចកោណ​​ពិនិត្យ​ឡើង​វិញ​នូវ​ផែនការ​របស់​ខ្លួន​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​នៃ​សង្គ្រាម​ជាមួយ​ចិន​ និង​រុស្ស៊ី​ក្នុង​ពេល​ដំណាល​គ្នា​។​

លោក Ward ថ្លែង​ថា​៖«​​រុស្ស៊ី​ ចិន ​បង្ក​ការ​គំរាម​កំហែង​យ៉ាង​សម្បើម​ដល់​សហរដ្ឋ​អាមេរិក​ ដោយ​សារ​យើង​នឹង​ត្រូវ​ដោះ​ស្រាយ​សន្តិសុខ​ទាំង​នៅ​អឺរ៉ុប​ និង​អាស៊ី​ ក៏​ដូច​ជា​នៅ​មជ្ឈិម​បូព៌ា​​ជាមួយ​នឹង​ហានិភ័យ​ដែល​ពិបាក​គ្រប់​គ្រង​ ស្រប​ពេល​ដែល​​ក្រុង​ប៉េកាំង ​និង​​ក្រុង​ម៉ូស្គូ​ សម្រប​សម្រួល​គ្នា​ដើម្បី​បន្ត​​មហិច្ឆតា​​តាម​តំបន់​រៀង​ៗ​ខ្លួន»​​។ ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​ជំនាញ​ខ្លះ​នៅ​តែ​មាន​ការ​សង្ស័យ​ចំពោះ​ស្ថិរភាព​នៃ​សម្ព័ន្ធ​ភាព​រុស្ស៊ី​-​ចិន​ ដោយ​ចង្អុល​ទៅ​ភាព​តាន​តឹង​ដ៏​យូរ​អង្វែង​រវាង​មហា​អំណាចទាំង​អស់​នា​ពេល​កន្លង​មក​​ និង​បំណង​ប្រាថ្នា​របស់​ចិន​ ក្នុង​ការ​រក្សា​ទំនាក់​ទំនង​រឹង​មាំ​​ទៅ​នឹង​ទីផ្សារ​សេដ្ឋកិច្ច​នៅ​លោក​ខាង​លិច​។ ​​ប៉ុន្តែ​​លទ្ធភា​ព​​​នៃ​​កិច្ច​ព្រម​ព្រៀង​​យោធា​​រវាង​រុស្ស៊ី​ និង​ចិន​ ​​​គឺ​ជា​​រឿ​ង​​មួយ​​ដែល​​អ្នក​ជំនាញ​​និយាយ​ថា​ អាមេរិក​​ត្រូវ​តែ​​ត្រៀម​ខ្លួន​​​​៕