នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ បេន​ចា​មីន​ ណេ​តាន់​យ៉ា​ហ៊ូ​ នា​ថ្ងៃទី២៦ ខែធ្នូ បានបញ្ជាក់​ពី​ជំហរ​ក្នុង​ការបន្ត​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ហា​ម៉ាស់ ​ប៉ុន្តែ ​ប្រធាន​ក្រុម​មនុស្សធម៌​អង្គការសហប្រជាជាតិ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​របស់​ប្រជាជន​ប៉ាឡេស្ទីន។

លោកនាយក​រដ្ឋមន្ត្រី​ បានបញ្ជាក់​ទៀតថា​ ផែនការ​ក្នុង​ការទាមទារ​ការ​ដោះលែង​ចំណាប់​ខ្មាំង​អ៊ីស្រាអែល​ច្បាស់​ជា​មិនអាច​ជោគជ័យ​នោះទេ ​ប្រសិនបើ​អ៊ីស្រាអែល​មិន​ដាក់​សម្ពាធ​យោធា​លើ​ក្រុម​ហា​ម៉ាស់។

បើទោះបីជា​មានការ​អំពាវនាវ​ពី​អន្តរជាតិ​សម្រាប់​បទ​ឈប់​បាញ់​ក្ដី​អ៊ីស្រាអែល​នៅតែ​ប្រកាន់​ជំហរ​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​និង​ថា​ ខ្លួន​មិន​ឈប់​នោះទេ​ពោលគឺ​សង្គ្រាម​នេះ​នឹង​នៅតែ​បន្ត​រហូតដល់​ទីបញ្ចប់​សមស្រប​ណាមួយ។


ជំហរ​ដ៏​រឹងទទឹង​នាពេលនេះ​ត្រូវបាន​អ៊ីស្រាអែល​ចាត់ទុកថា​ជាការ​សងសឹក​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ហា​ម៉ាស់​ដែល​បាន​វាយលុក​ទឹកដី​ខ្លួន​កាលពី​ថ្ងៃទី៧ ខែតុលា​កន្លងទៅ។ប៉ុន្តែ​សម្រាប់​អន្តរជាតិ​សកម្មភាព​វាយតប​តរបស់​អ៊ីស្រាអែល​ជា​សកម្មភាព​ជ្រុល​ហួសហេតុ​ដោយបាន​សម្លាប់​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ស្លូតត្រង់​ជាច្រើន​នាក់។

ការណ៍​នេះ​បាន​នាំឱ្យ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​ក៏​សម្រេចចិត្ត​ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​ស៊ីវិល​ផងដែរ។


អ្នកស្រី Gemma Connell ប្រធាន​ក្រុម​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ចុះទៅ​កាន់​តំបន់​ហ្គា​ហ្សា​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​បានចាត់ទុក​សកម្មភាព​ជម្លៀស​ប្រជាជន​ស៊ីវិល​ជាច្រើន​ដង​នេះ​ថា​ប្រៀបបាន​ទៅនឹង «ល្បែង​អុក» ដូច្នោះ​ដែរ។

អ្នកស្រី​បន្តថា​ប្រជាជន​ត្រូវ​ផ្លាស់​ទីចុះឡើងៗដោយ​មិនទាន់​ដឹងថា​តំបន់​ណា​ជា​តំបន់​មាន​សុវត្ថិភាព​ពិតប្រាកដ​នោះទេ។

ប៉ុន្តែ​យ៉ាងណា​អ្នកនាំពាក្យ​យោធា​បាន​និយាយថា​ក្រុម​យោធា​បាន​ស្វះស្វែង​ជម្លៀស​ជន​ស៊ីវិល​ចេញពី​តំបន់​ក្ដៅ​ដែរ​ប៉ុន្តែ​ក្រុម​ហា​ម៉ាស់​ព្យាយាម​រារាំង​ប្រតិបត្តិការ​នេះហើយ​ពួកគេ​ព្យាយាម​ប្រើប្រាស់​ប្រជាជន​ស៊ីវិល​ជា​ខែល​ការពារ​ខ្លួន។

​ក្រុង​វ៉ាស៊ីនតោន​បានដាក់​សម្ពាធ​ជាច្រើន​សប្តាហ៍​មកលើ​អ៊ីស្រាអែល​ឱ្យ​ចាត់វិធានការ​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការបង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ដោយ​កំណត់​តំបន់​សុវត្ថិភាព​និង​បើកផ្លូវ​មនុស្សធម៌​សម្រាប់​ប្រជាជន​ក្នុងការ​រត់គេចខ្លួន។ប៉ុន្តែ​ចំនួន​អ្នកស្លាប់​នៅតែ​បន្ត​កើនឡើង​រីឯ​ប្រតិបត្តិការ​របស់​អ៊ីស្រាអែល​ក៏​កាន់តែខ្លាំង​ឡើង៕