កំណត់​ត្រា​នៃ​ការ​បាញ់​ប្រហារ​នៅ​ទូទាំង​អាមេរិក​បាន​បង្ហាញ​ថា​ ហិង្សា​ដោយ​កាំភ្លើង​បាន​បន្ត​កើត​ឡើង​ឥត​ស្រាក​ស្រាន្ត​ ខណៈ​ប្រជាជន​អាមេរិក​អបអរ​សប្ដាហ៍​នៃ​បុណ្យ​ណូអែល ​ដែល​ជា​រដូវ​កាល​ឈប់​សម្រាក​ជួប​ជុំ​ដ៏​ធំ​បំផុត​មួយ​​លើ​សកល។ 

ប៉ូលិសក្រុង​​​កូឡូរ៉ាដូ​ស្រ្ពីងស៍ នៃ​រដ្ឋ​កូឡូរ៉ាដូ​ បាន​​និយាយ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​​ម្នាក់​​​បាន​​ស្លាប់​ និង​​​៣​​នាក់​​ផ្សេង​​ទៀត​ ​បាន​រង​​របួស​​ក្នុង​​ហេតុការណ៍​​​បាញ់​​ប្រហារ​នៅ​ល្ងាច​មុន​​​ថ្ងៃ​​​បុណ្យ​​​ណូអែល​ ​​​នៅ​​​ផ្សារ​​​ទំនើ​ប​​​មួយ​កន្លែង​​ក្នុង​​រដ្ឋ​កូឡូរ៉ាដូ​ កាល​ពី​ថ្ងៃ​អាទិត្យ​។  នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ CNN។ 

ប៉ូលិស​បន្ត​​ថា​ ការ​បាញ់​ប្រហារនោះ​ កើត​ឡើង​​នៅ​ផ្សារ​ទំនើប​ Citadel​នៃ​​ក្រុង​កូឡូរ៉ាដូ​ ស្រ្ពីងស៍​ដោយ​បណ្ដាលមក​ពី​​ជម្លោះប្រតាយ​ប្រតប់​គ្នា​​រវាង​មនុស្ស​២​ក្រុម​។ ក្រៅ​ពី​​បុរស​ម្នាក់​ដែល​ស្លាប់​ មាន​បុរស​២​នាក់​រង​របួស​ធ្ងន់​ និង​ស្រ្តី​ម្នាក់​រង​របួស​ស្រាល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដូច​គ្នា​។ 
ប៉ូលិស​​​ដដែល​បន្ត​ថា​ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ុន្តែ​មិន​ទាន់​បញ្ចេញ​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ​។ 


អំពើ​ហិង្សា​ដោយ​កាំ​ភ្លើង​​​កាល​ពី​ថ្ងៃ​អាទិត្យ​ដូច​គ្នា​ ក៏​បាន​កើត​ឡើង​ផង​ដែរ​នៅ​ក្រុង​អរឡេនដូ​ នៃ​រដ្ឋ​ផ្លរីដា​ ដោយ​សម្លាប់​ស្រ្តី​ម្នាក់​ និង​រង​របួស​ ៤​ នាក់​។ នៅ​រដ្ឋ​តិចសាស​ឯណោះ​វិញ​ ការ​បាញ់​ប្រហារ​ក្នុង​ក្លឹប​កំសាន្ត​រាត្រី​នៅ​ព្រឹក​ម៉ោង​៣​ថ្ងៃ​អាទិត្យ​​ ​បាន​​សម្លាប់​មនុស្ស​ម្នាក់​ និង​របួស​ ៤ ​នាក់​ដូច​គ្នា​។ ​

ការ​បាញ់​ប្រហារ​ទាំង​នេះ​​ កើត​​ឡើង​ចំ​ពេលវេលា​​ដែល​ប្រជាជន​អាមេរិក​ ដើរ​ទិញ​ឥវ៉ាន់ក្នុង​សប្ដាហ៍​នៃ​ពិធី​បុណ្យ​ណូអែល​ ​​​​ហើយ​​ឃ្លាត​គ្នា​តែ​១​​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​​ការ​បាញ់​ប្រហារ​នៅ​​ផ្សារ​ទំនើប​ក្នុង​ក្រុង​​អូកាឡា នៃ​រដ្ឋផ្លរីដា​ ​ដែល​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​និង​ម្នាក់​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​សៅរ៍​។​


ក្រោយ​ហេតុការណ៍​នោះ​ ប៉ូលិស​​ក្រុង​​អូកាឡា កាល​ពី​ថ្ងៃ​អាទិត្យ​ ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ ជន​សង្ស័យ​ឈ្មោះ​ ​Albert J. Shell Jr. ​អាយុ​ ៣៩​ ឆ្នាំ​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​កម្រិត​ ១​​ ​​និង​ពី​បទ​ប៉ុន​ប៉ង​ឃាតកម្ម​​ទុក​ជា​មុន​កម្រិត​​ ១​។ ​

ការ​បាញ់​ប្រហារ​នៅ​សប្ដាហ៍​នៃ​បុណ្យ​ណូអែល​ទាំង​នេះ​ គឺ​ជា​ភស្តុតាង​​ថា ហិង្សា​កាំភ្លើង​នៅ​សហរដ្ឋ​អាមេរិក ​គឺ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរឥត​ស្រាក​ស្រាន្ត​​ ដែល​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​​។ វា​ស​​បញ្ជាក់​បន្ថែម​ទៀត​ អំពី​របៀប​ដែល​អំពើ​ហិង្សា​​កាំភ្លើង​ បាន​រីក​រាល​ដាល​នៅ​ក្នុង​ប្រទេស​មហា​អំណាច​មួយ​នេះ​ ហើយ​​​ជ្រាប​ចូល​ទៅ​ក្នុង​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​​ ទោះ​បី​ជា​ថ្ងៃ​សម្រាក​ ដែល​ប្រជាជន​គួរតែ​​ជួប​ជុំគ្នា​​សប្បាយ​​អបអរ​។

​បើ​តាម​​ ​Gun Violence Archive ដែល​ជា​អង្គការ​​​ចង​ក្រង​ទិន្ន​ន័យ​នៃអំពើ​ហិង្សា​​កាំភ្លើង​​នៅ​​សហរដ្ឋ​អាមេរិក​​ ​​មនុស្ស​ជាង​ ៤២ ១៥១​ នាក់​  ​បាន​ស្លាប់ ក្នុង​ «ករណី​ពាក់​ព័ន្ធ​​នឹង​​​​កាំភ្លើង​​​​» ​នៅ​​ឆ្នាំ​ ២០២៣ គិត​ត្រឹម​ថ្ងៃ​ចន្ទ​​ទី​ ២៥​​ ធ្នូ​ នេះ​។

​ក្នុងចំពោះ​នោះ​ មាន​មនុស្ស​ជាង​ ១៨ ៤០០ នាក់​​ ​​បាន​​ស្លាប់​ដោយ​សារ​​តែ​​ឃាតកម្ម​ ឬ​​ការ​​បាញ់​​ប្រហារ​​ដោយ​​អចេតនា​ផ្សេង​ៗ​​ និង​ជិត​ ២៣ ៧០០ នាក់​ស្លាប់​ដោ​យសារ​ធ្វើ​អត្តឃាតដោយ​កាំភ្លើង​​។ ​​

អង្គការ​ Gun Violence Archive ចាត់​ទុក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ ដែលមាន​ជន​រង​គ្រោះ​​យ៉ាង​ហោច​ណាស់​ ៤ នាក់​រង​របួស​ ឬ​ស្លាប់​ ដោយ​មិន​រាប់​បញ្ជូល​ទាំង​អ្នក​បាញ់​។ ​​​

គិត​ចន្ទ​​ទី​ ២៥​​ ធ្នូ ដដែល​​ ការ​បាញ់​ប្រហារ​ទ្រង់​ទ្រាយ​ធំទូទាំង​អាមេរិក​ក្នុង​ឆ្នាំ​ ២០២៣​ បាន​កើត​ឡើងចំនួន​​ ៦៥០ ករណី ដែល​ធ្វើ​ឱ្យ​ឆ្នាំ​២០២៣ ​ក្លាយ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុតទី​២​​នៃ​អំពើ​ហិង្សា​កាំភ្លើងនៅ​អាមេរិក​​ រាប់ចាប់​តាំង​ពី​ Gun Violence Archive ចាប់​ផ្ដើម​ចង​ក្រង​ទិន្នន័យ​​ក្នុង​​ឆ្នាំ​ ២០១៤​ មក​៕