ទីភ្នាក់ងារ​ព័ត៌មាន ​Bloomberg បាន​ផ្សាយ​ថា អ៊ី​ស្រា​អែល​នឹងត្រូវ​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ចំនួន​ជាង ​៣០ ​ពាន់​លាន​សេ​កែ​ល (៨,៣ ​ពាន់​លាន​ដុល្លារ​)​ ក្នុង​ឆ្នាំ​ ២០២៤ ខាងមុខនេះ ខណៈ​សង្គ្រាម​កំពុង​ឆាបឆេះ​នៅ​តំបន់​ហ្គា​ហ្សា​រយៈ​​ពេល​ជិត​ ៣ ​ខែ ហើយ​ឯកសារ​នោះ​សន្មត​ថា សង្គ្រាម​នឹង​បញ្ចប់​នៅ​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២៤​។​

​ការចុះផ្សាយ​ដែល​ដកស្រង់​តាម​ឯកសារ​របស់​ក្រសួង​ហិរញ្ញ​​វត្ថុ​ដែល​ដាក់ជូន​សភា​កាលពី​ថ្ងៃទី​ ២៥ ខែធ្នូ បាន​និយាយថា ថវិកា​សរុប​ឆ្នាំ​ ២០២៤ ប្រហែល​ត្រូវមាន​សរុប​ចំនួន ៥៦២​ ពាន់​លាន​សេ​កែ​ល (shekels រូបិយ​​ប័ណ្អ៊ី​ស្រា​អែល​) បើ​ធៀប​នឹង ​៥១៣ ​ពាន់​លាន​សេ​កែ​ល នៅពេលដែល​ផែនការ​ចំណាយ​ត្រូវបាន​អនុម័ត​ជា​លើកដំបូង​កាលពី​ខែឧសភា ឆ្នាំមុន​។​

​ក្រៅពី​ការចំណាយ​ចាំបាច់​លើ​ផ្នែក​យោធា ក្រសួង​បាន​និយាយថា ទឹកប្រាក់​បន្ថែមចំនួន​ ១០​ ពាន់​លាន​សេ​កែ​ល នឹងត្រូវ​ចំណាយ​លើ​ការជម្លៀស​មនុស្ស​ប្រហែល ១២ ​ម៉ឺន​នាក់​ពី​តំបន់​ភាគ​ខាងជើង និង​ភាគខាងត្បូង​របស់​អ៊ី​ស្រា​អែល ការបន្ថែម​ថវិកា​ច្រើនជាង​មុន​សម្រាប់​ប៉ូលិស និង​កម្លាំង​សន្តិសុខ​ផ្សេងទៀត និង​ការកសាង​ឡើងវិញ​នូវ​ការតាំង​ទីលំនៅ​ដែល​ត្រូវបាន​បំផ្លាញ​ក្នុងអំឡុងពេល​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​កាលពី​ថ្ងៃទី​ ៧ ខែតុលា​។​


​ការ​ព្យាករ​នេះ បង្ហាញ​ពី​ការចំណាយ​ហិរញ្ញវត្ថុ​ខ្ពស់​នៃ​សង្គ្រាម​សម្រាប់អ៊ី​ស្រា​អែល ដែល​បាន​កេណ្ឌ​ទាហាន​បម្រុង​រាប់សែន​នាក់​សម្រាប់​ប្រតិបត្តិការ​ជើង​​គោក​ប្រឆាំងនឹង​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​នៅ​ភាគ​ខាងត្បូង ហើយ​បានដាក់​ពង្រាយ​កងទ័ព​បន្ថែមទៀត​នៅ​ភាគ​ខាង​ជើង​ ដើម្បី​ប្រឆាំងនឹង​ការ​គំរាម​កំហែង​ពី​ពួក​សកម្មប្រយុទ្ធ Hezbollah ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​លី​បង់​ក្បែរ​ខាង​។​

​ឯកសារ​នោះបាន​សន្មត​ថា ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅ​តំបន់​ហ្គា​ហ្សា​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ ​២០២៤៕