​ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់​ជាថ្មី​ថា រុស្ស៊ី​នឹងធ្វើ​ប្រតិបត្តិការ​យោធា​លើ​ទឹកដី​អ៊ុយ​ក្រែ​ន រហូត​ខ្លួន​ទទួលបាន​ជោគជ័យ ដើម្បី​បំបាត់​ហានិភ័យ​ដល់​សន្តិសុខ​របស់ខ្លួន ខណៈ​សង្គ្រាម​នេះ​បានអូសបន្លាយ​អស់​រយៈពេល​​ ២២​ ​ខែ ដោយ​មិនដឹង​ពី​លទ្ធផល​ឈ្នះ ឬ​ចាញ់​នៅឡើយ​។​


​ការអះអាង​នេះ បាន​កើតមានឡើង​ក្នុងពេលដែល លោក អាណា​​តូ​លី បូ​រ៉ូ​វី​ក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ក្រោម​ប្រធានបទ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​កម្ពុជា ព្រមទាំង​ប្រធានបទ​សំខាន់ៗ​នៃ​គោលនយោបាយ​ការបរទេស​រុស្ស៊ី សម្រាប់​តំណាង​ក្រសួង ស្ថាប័ន មជ្ឈមណ្ឌល​វិភាគ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅ​ថ្ងៃទី​ ២៦ ខែធ្នូ​ឆ្នាំ​ ២០២៣ ដោយមាន​អ្នក​សារ​​ព័ត៌មាន​ក្នុងស្រុក​ចូលរួម​ច្រើន ខុស​ពីស​ន្នី​សីទ​សារព័ត៌មាន​ដែល​ត្រូវបាន​រៀបចំឡើង​លើក​មុនៗ​។​

​នៅពេលដែល​សួរថា តើ​លោក​សង្ឃឹមថា​ សង្គ្រាម​ដែល​រុស្ស៊ី​ចាប់​​ផ្តើម​កាលពី​ខែកុម្ភៈ ឆ្នាំ ​២០២២ នឹង​បញ្ចប់ទៅ​ក្នុងពេល​ឆាប់ៗ​ឬទេ​?


​លោក អាណា​តូ​លី បូ​រ៉ូ​វី​ក បាន​ឆ្លើយតប​ថា​៖«​គោលដៅ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី គឺ​ការ​កម្ចាត់​លទ្ធិ​ណា​ស៊ី​និយម និង​មូលដ្ឋាន​យោធា​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​ការលុបបំបាត់​ការគំរាមកំហែង​ដល់​ប្រទេស​របស់​យើង​ពី​របប​ទីក្រុង​កៀវ​។ យើង​នឹង​សម្រេច​គោលដៅ​របស់​ប្រតិបត្តិការ​យោធា​ពិសេស​នេះ​។ ដំណើរការ​នៃ​ប្រតិបត្តិការ​យោធា​នេះ គឺជា​សិទ្ធិផ្តាច់មុខ​របស់​កង​ទ័ព​យើង​»​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០២៣ ​នេះ​ឯកអគ្គ​​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា បាន​ព្រាង​ឯកសារ​យ៉ាង​វែង​រៀបរាប់​ពី​ទំនាក់​​ទំនង​រវាង​រុស្ស៊ី និង​កម្ពុជា ទំនាក់​​ទំនង​រុស្ស៊ី និង​អាស៊ាន​ផង សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​ការប្រយុទ្ធប្រឆាំង និង​វីរភាព​នៃ​លទ្ធិ​ណា​ស៊ី​​និយម​ផង ព្រមទាំង​វិបត្តិ​នៅ​ប្រទេស​​អ៊ុយ​ក្រែ​ន​ជាទី​ដែល​រុស្ស៊ី​កំពុង​ធ្វើសង្គ្រាម​ដោយផ្ទាល់​ដើម្បី​លើក​កំហុស​ដែល​បស្ចិមប្រទេស​គាំទ្រ​រដ្ឋាភិបាលអ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ប្រ​​ធានា​ធិបតី វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី​។​


​លើ​ទិដ្ឋភាព​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ដែល​ងាក​ទៅ​គាំទ្រ​អ៊ុយ​ក្រែ​ន​តាមរយៈ​យន្តការ​របស់​អង្គការ​​សហប្រជាជាតិ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​លក្ខខណ្ឌ និង​ជាបន្ទាន់ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​បាន​បំភ្លឺ​ប្រធានបទ​នៃ​ទំនាក់ទំនង​រុស្ស៊ី​-​កម្ពុជា ដែលមាន​ចាប់តាំងពី​ឆ្នាំ​ ១៩៥៦​ មក​នោះ​ថា រុស្ស៊ី​យល់​ពី​បរិបទ​អន្តរជាតិ និង​គោរព​អ្វីដែល​កម្ពុជា​ធ្វើ ប៉ុន្តែ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​វិញ ប្រទេស​ទាំង​ ២ ​មានការ​រីកចម្រើន​ក្នុងអំឡុង​ពេលនេះ​។​

​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន ឯកអគ្គ​រដ្ឋ​​ទូត​រុស្ស៊ី បាន​លើកឡើងថា​ប្រទេស​​អ៊ុយ​ក្រែ​ន​បាន​បោះឆ្នោត​ប្រឆាំងនឹង​សេចក្តីសម្រេច​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរភាព​នៃ​លទ្ធិ​ណា​ស៊ី​​និយម​របស់​មហាសន្និបាត​អង្គ​ការ​សហប្រជាជាតិ​។​

​លោក អាណា​តូ​លី បូ​រ៉ូ​វី​ក ក៏បាន​ចោទ​អ៊ុយ​ក្រែ​ន​ថា ពួកគេ​បន្ត​តស៊ូ​ប្រឆាំងនឹង​មរតក​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដោយ​ថ្មីៗ​នេះ​នៅ​ទីក្រុង​កៀវ​វិមាន​ឧទ្ទិស​ដល់​នាវិក​នៃ​រថភ្លើង​ពាស​ដែក​សូ​វៀត «Taraschanets» ដែល​ត្រូវបាន​សាងសង់​នៅ​ទីកន្លែង​បញ្ចុះសព​សមាជិក​នាវិក​ពី​សង្គ្រាមស៊ីវិល​ត្រូវបាន​កម្ទេចចោល​។ ក្នុងអំឡុងពេល​ចូលកាន់​​កាប់​ទឹកដី​អ៊ុយ​ក្រែ​ន​សូ​វៀត ពួក​អាល្លឺម៉ង់​ក៏​ធ្វើ​ដូចគ្នា​ដែរ​៕