នៅ​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សហរដ្ឋអាមេរិក​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ទៅលើ​ពួក​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ទាំងនោះ​ដែល​បណ្ដាលឱ្យ​ទាហាន​អាមេរិក៣​នាក់​​រងរបួស។

ការវាយប្រហារ​គ្នា​ទៅវិញទៅមក​នេះ គឺជា​ការរីក​រាលដាល​ចេញពី​សង្គ្រាម​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស់ ដែល​បង្កឱ្យមាន​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​ទាហាន​អាមេរិក​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​ស្ថិតក្នុង​ស្ថានភាព​ហានិភ័យ​ខ្លាំង។

ក្រុម​សកម្មប្រយុទ្ធ​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ បានបង្ហាញ​ពី​ជំហរ​ប្រឆាំងនឹង​សកម្មភាព​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្គា​ហ្សា។


ទន្ទឹមនឹងនេះ ពួកគេ​បាន​ថ្កោលទោស​សហរដ្ឋអាមេរិក ហើយ​ថា​អាមេរិក​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​ជុំវិញ​បញ្ហា​នេះ​មួយផ្នែក​ផងដែរ។ តាម​ការបញ្ជា​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) យោធា​អាមេរិក​បានធ្វើការ​វាយប្រហា​រ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ដល់​ថ្ងៃ​អង្គារ ទី២៦ ម៉ោង​នៅ​អ៊ីរ៉ាក់។

ការវាយប្រហារ​នេះ​ទំនងជា​បានសម្លាប់​ពួក​សកម្មប្រយុទ្ធ កា​ទៀប អេ​បូ​ឡា (Kataib Hezbollah) និង​បំផ្លិចបំផ្លាញ​ទីកន្លែង​របស់​ពួកគេ។


ការវាយប្រហារ​តាម​អាកាស​របស់​អាមេរិក​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​នេះ បានកំណត់​គោលដៅ​ទៅលើ​ក្រុម​ដែល​បាន​វាយប្រហារ​មកលើ​កងទ័ព​របស់ខ្លួន នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ឧ​ត្ត​ម​សេនីយ លោក​អ៊ី​រិ​ក គូ​រី​ឡា (Erik Kurilla)។ លោក​បាន​និយាយថា៖ «យើង​នឹង​ចាត់វិធានការ​ឆ្លើយតប​វិញ ដើម្បី​បញ្ឈប់​ការវាយប្រហារ​នាពេល​អនាគត និង​ការពារ​កងកម្លាំង​សហរដ្ឋអាមេរិក»។

កន្លងមក ក្រុម​សកម្មប្រយុទ្ធ​បានធ្វើការ​វាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​អាមេរិក​ជាច្រើនលើក​មកហើយ។ ជាក់ស្ដែង កាលពី​ខែតុលា យន្តហោះ​គ្មាន​មនុស្ស​បើក១គ្រឿង បាន​ហោះចូល​ទៅក្នុង​ដែនអាកាស​របស់​តំបន់​យោធា​អាមេរិក ប៉ុន្តែ​មិន​ផ្ទុះ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អំពី​អ្នករងរបួស ឬ​របៀប​ដែល​យន្តហោះ​ដ្រូ​ន​នោះបាន​ហោះចូល​ទៅ​មូលដ្ឋានទ័ព​របស់​ពួកគេ​នោះទេ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក លោក ឡយ អូ​ស្ទី​ន (Lloyd Austin) បានបង្ហាញ​ក្ដី​នឹករឭក​ទៅកាន់​ទាហាន​អាមេរិក​ដែល​រងរបួស ហើយ​បាន​សន្យាថា​នឹង​ចាត់វិធានការ​ឆ្លើយតប​វិញ។ ឥឡូវនេះ លោក​ប្រធានាធិបតី បៃ​ដិ​ន កំពុង​ពិចារណា​ទៅលើ​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​ដែល​ត្រូវ​ទទួលខុសត្រូវ ហើយ​ថា​ការការពារ​ទាហាន​អាមេរិក​គឺជា​រឿង​អាទិភាព​បំផុត។

យ៉ាង​ក៏ដោយ បើទោះបីជា​អាមេរិក​ធ្វើការ​វាយប្រហារ​តាម​អាកាស​រួចហើយ​ក៏ដោយ ក៏​គេ​មិនអាច​ធានាបាន​ថា ក្រុម​សកម្មប្រយុទ្ធ​ទាំងនោះ​នឹង​បញ្ឈប់​ការវាយប្រហារ​លើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​នោះដែរ។ គួរ​ដឹង​ដែរ​ថា ការឈរជើង​មូលដ្ឋានទ័ព​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី គឺធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នូវ​ក្រុម​សកម្មប្រយុទ្ធ​អ៊ិ​ស្លាម។

ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​នៅ​អ៊ីស្រាអែល មូលដ្ឋានទ័ព​អាមេរិក​បានទទួល​រង​ការវាយប្រហារ​រហូតដល់​ទៅ​ជាង ១០០ ដង​មកហើយ ដែលជារឿយៗក្រុម​សកម្មប្រយុទ្ធ​បាន​ប្រើប្រាស់​គ្រាប់​រ៉ុក្កែត និង​យន្តហោះ​គ្មាន​មនុស្ស​បើក។

កាលពីដើម​ខែធ្នូ ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​បា​កដាដ (Baghdad) ប្រទេស​អ៊ីរ៉ាក់ បាន​រង​ការវាយប្រហារ​ដោយ​គ្រាប់ផ្លោង​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង១ឆ្នាំ​មកនេះ។ ការវាយប្រហារ​នេះ​បាន​កើតឡើងភ្លាមៗបន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក អូ​ស្ទី​ន ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ក្នុង​គោលបំណង​បញ្ឈប់​ក្រុម​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ពី​ការពង្រីក​សង្គ្រាម​អ៊ីស្រាអែល​និង​ហា​ម៉ាស់​ឱ្យ​កាន់តែ​ធំ។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក អូ​ស្ទី​ន​ក៏បាន​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើត​សម្ព័ន្ធភាព​ជាមួយ ២០ ប្រទេស​ដើម្បី​បង្កើត​ក្រុម​ឆ្មាំ​សមុទ្រ ការពារ​នាវា និង​កប៉ាល់​ពាណិជ្ជកម្ម​នៅ​តំបន់​សមុទ្រ​ក្រហម ពី​ការវាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ទី​នៅ​ប្រទេស​យេ​ម៉ែន។ក្រុម​ឆ្មាំ​សមុទ្រ​នោះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា៖ «ប្រតិបត្តិ​ការការពារ​ភាពរុងរឿង»(Operation Prosperity Guardian)៕