ប៉ូលិស​អូស្ត្រាលី​បាន​និយាយ​ថា​ មនុស្ស​យ៉ាង​​ហោច​ណាស់​ ៦ នាក់​បាន​ស្លាប់​ និង ​​៣ នាក់​ទៀត​ បាត់ខ្លួន​ បន្ទាប់​ពី​ខ្យល់​ព្យុះ​បក់​បោក​​លើ​​រដ្ឋ​ភាគ​ខាង​កើត​នៃ​ប្រទេស​អូស្ត្រាលី​ក្នុងសប្ដាហ៍​នៃ​បុណ្យ​ណូអែល​ ដែល​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​ ហើយ​កាត់​ផ្ដាច់​ភ្លើង​ប្រើ​ប្រាស់​​លើ​រាប់​ម៉ឺន​គ្រួសារ​នៅ​រដ្ឋ​ឃ្វីនស៍ឡែន​​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ប៉ូលិស​រដ្ឋ​​វ៉ិចតូរីយ៉ា​ និង​រដ្ឋ​ឃ្វីនស៍ឡែន​ បាន​បញ្ជាក់​ការ​ស្លាប់​របស់​មនុស្ស​ទាំង​ ៦នាក់​ ហើយ​ថា​ ម្នាក់​ក្នុង​ចំណោម​នោះ​ គឺ​ជា​ក្មេង​ស្រី​​អាយុ​ ៩ឆ្នាំ​ ដែល​ទឹក​ជំនន់លេច​ផ្លូវ​អូស​យក​ទៅ​នៅ​ភាគ​ខាង​ត្បូង​ក្រុង​​ប៊្រីសបែន។

ប៉ូលិស​បាន​បន្ត​ស្វែង​រក​មនុស្ស​​២​នាក់​ដែល​បាត់​ខ្លួន​ បន្ទាប់​ពី​ទូក​ដែល​ពួក​គេ​ជិះ​បាន​លិច​នៅ​ភាគ​ខាង​ត្បូង​នៃ​កោះ​ Green Island ​ក្បែរ​ទីក្រុង​ប្រ៊ីសបេន​ នៃ​រដ្ឋ​ឃ្វីនស៍ឡែន​។  ប៉ូលិស​​ក៏​​កំពុង​​ស្វែង​រក​​ស្ត្រី​​អាយុ​​៤៦​ ​​ឆ្នាំ​​​​ម្នាក់​ ​ដែល​​ជាប់​​ក្នុង​​ទឹក​​ជំនន់​​នៅ​ទីក្រុង Gympie ភាគ​​​ខាង​ជើង​​នៃ​ទីក្រុង​ប៊្រីសបែន​ផង​ដែរ​។


​អភិបាល​ក្រុង ​Gympie ​លោក ​Glen Hartwig​ បាន​ប្រាប់​ទូរទស្សន៍​អូស្រ្តាលី​​ ABC News ​ថា​​៖«​វា​ជា​ដំណឹង​ដ៏​សោក​សៅ​បំផុត​ សម្រាប់គ្រប់​​គ្រួសារ​នៅ​ក្នុង​តំបន់​នេះ​​ក្នុង​រដូវ​​បុណ្យ​ណូអែល​»​។ 
គួរ​​​បញ្ជាក់​ថា​ ព្យុះ​ផ្គរ​រន្ទះ​បាន​បោក​បក់​​នៅ​លើ​រដ្ឋ​ភាគ​ខាង​កើត​របស់​អូស្រ្តាលីរួម​មាន​រដ្ឋ​​​វ៉ិចតូរីយ៉ា​ ញូវសៅថ៍វែល​ និង​រដ្ឋ​ឃ្វីនស៍ឡែន​ នៅ​ថ្ងៃ​ទី​ ២៥​-២៦ ​ខែ​ធ្នូ​ ​​ដែល​នាំ​មក​នូវ​ដុំ​ព្រិលទឹក​ភ្លៀង​​ធំ​ៗ​ ខ្យល់បក់​​​បោក​​ខ្លាំង​ៗ​​ និង​ភ្លៀង​ធ្លាក់​ជោគ​ជាំ​​។​ ទឹក​ទន្លេ​បាន​ជន់​លិច​ ហើយ​ខ្យល់​បក់​ខ្លាំង​បាន​ប៉ើង​​ដំបូល​ផ្ទះ​ និង​បាន​បំផ្លិច​បំ​ផ្លា​ញ​ដើម​ឈើ​នៅ​តំបន់​មួយ​ចំនួន​ ដែល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​​។

​ការិយាល័យ​​ឧតុ​និយម​​​នៅ​​តែ​​ដាក់​​ការ​​ប្រកាស​​អាសន្ន​ស្ដី​ពី​​ទឹក​ជំនន់​​ស្រាល​​ៗ​​នៅ​​ក្នុង​​រដ្ឋ​​ភាគ​​ខាង​​កើត​ ហើ​យ​​​​ព្យាក​​រ​ថា​​​នឹង​មាន​​ភ្លៀង​​ធ្លាក់​​បន្ថែម​​ទៀត​។​


នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ក្រុម​ហ៊ុន​អគ្គិសនី​រដ្ឋ​អូស្រ្តាលី​ Energex​បាន​ឱ្យ​ដឹង​​ថា​ ​​ប្រហែល​ ៨៦ ០០០ គ្រួសារ​នៅ​តែ​គ្មាន​​អគ្គិសនី​ប្រើ​ប្រាស់​បន្ទាប់​ពី​ព្យុះ ដោយ​សារ​តែ​​​ព្យុះ​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​​ធ្វើ​ឱ្យ​បណ្ដា​ញ​ភ្លើង​ ៨០០ កន្លែង​ត្រូវ​បិទ​ ហើយ​ត្រូវ​ការ​ចំណាយ​ពេល​ជួស​ជុល​ជាច្រើន​ថ្ងៃ​សម្រាប់​តំបន់​មួយ​ចំនួន​។ ​

​ព្យុះ​ផ្គរ​រន្ទះលើកនេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ព្យុះ​ស៊ីក្លូន​ត្រូពិក​Jasper ​បាន​បោក​បក់​នៅ​ដើម​ខែ​នេះ​ បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​​ និង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ច្រើន​តំបន់​នៅ​ក្នុង​រដ្ឋ​ឃ្វីនស៍ឡែន​៕