eSIM ដែល​ត្រូវ​បាន​​ប្រើប្រាស់​បង្កប់​នៅ​ក្នុង​ឧបករណ៍​​អេឡិច​ត្រូនិក ​​ជាពិសេស​ទូរស័ព្ទដៃ​ បាន​ផ្តល់​ឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅតែ​អាច​ចូល​ប្រើ​អ៊ីនធឺណិត និង​រក្សា​បណ្តាញ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជាទី​ស្រឡាញ់​នៅ​បរទេស។​

​​ក្នុងសង្គ្រាម​​ជិត​៣ខែ​កន្លង​មក​នេះ តំបន់ហ្គាហ្សា​​​​ដែលគ្រប់គ្រង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធហាម៉ាស់​ប៉ាឡេស្ទីន រង​ការ​​បាញ់​ប្រហារ​​យ៉ាង​ខ្លាំង​ និង​បណ្តាល​ឱ្យ​​ដាច់​ចរន្តអគ្គិសនី​ ដាច់​អ៊ីនធឺណិត ប៉ុន្តែ​​​ដំណោះស្រាយ​រស់​​​ពួកគេ​គឺ​ប្រើប្រាស់​​eSIM។ 

ទីភ្នាក់ងារ​ព័ត៌មាន AFP បានផ្សាយ​ថា លោក Hani al-Shaerអ្នកកាសែត​ក្នុង​ស្រុក​ដែល​ពឹង​ផ្អែកលើ​កាត eSIMដើម្បី​ធ្វើការ​ផ្សាយ​ផ្ទាល់​របស់គាត់​បាន​និយាយថា៖«បើ​គ្មាន​​eSIM​ទេ យើង​នឹងត្រូវ​កាត់​ចេញពី​ពិភពលោក»។


លោក​បាន​បន្ថែមថា៖«ហើយ​គ្មាន​នរណាម្នាក់​អាច​ដឹង​ពីអ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ហ្គាហ្សា​នោះទេ» ខណៈពេលដែល​ទឹកដី​ដែល​ត្រូវបាន​ឡោមព័ទ្ធ​កាល​ពី​ថ្ងៃ​ទី២៦ខែធ្នូ​បាន​ពើប​ប្រទះ​នូវ​បទពិសោធន៍​ចុងក្រោយបង្អស់​នៃ​ការ​កាត់​ផ្តាច់​​​​ទូរគមនាគមន៍​ជា​បន្តបន្ទាប់​ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម។

សង្គ្រាម​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​កាលពី​ថ្ងៃទី៧​ខែតុលា​បានសម្លាប់​មនុស្ស​ប្រហែល ១១៤០នាក់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល។ នេះ​បើ​យោងតាម​ការ​បូកសរុប​របស់ AFP ដោយ​ផ្អែកលើ​តួលេខ​ផ្លូវការ​ចុងក្រោយ​របស់​អ៊ីស្រាអែល។


ដោយ​ប្តេជ្ញា​ថា​នឹង​កម្ទេច​ក្រុម​ហា​ម៉ាស់ អ៊ីស្រាអែល​បាន​ដឹកនាំ​យុទ្ធនាការ​ផ្លូវ​អាកាស និង​​​ផ្លូវគោក​​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មាន​​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​​ដើម្បីជាការ​សងសឹក។

ការវាយលុក​នេះ​បានធ្វើឱ្យ​តំបន់​ដ៏​ធំ​នៃ​តំបន់​ហ្គា​ហ្សា​ស្ថិតក្នុង​ការបំផ្លិចបំផ្លាញ និង​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ២០៩១៥​នាក់​​ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​នៅក្នុង​ទឹកដី​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់​។

អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុ​ស្សបាន​ព្រមាន​ថា ការរំខាន​តាម​ទូរស័ព្ទ និង​អ៊ី​ន​ធឺ​ណិ​ត​​នៅក្នុង​តំបន់​ហ្គា​ហ្សា​អាច«​ផ្តល់នូវ​ការបិទបាំង​សម្រាប់​អំពើ​ឃោរឃៅ និង​​បង្ក​ឱ្យ​មាន​និ​ទ្ទណ្ឌ​ភាព ខណៈ​ពេល​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌ និង​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត»។

គំនិត​នៅ​ពីក្រោយ eSIMគឺ​សាមញ្ញ៖ វា​​ជា​កម្មវិធី​នៃ​បន្ទះ​ឈីប​ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​ទូរស័ព្ទ ដើម្បី​ភ្ជាប់​ទៅ​បណ្តាញ​កោសិកា និង​អ៊ីនធឺណិត។

បង្កប់​ដោយផ្ទាល់​ទៅក្នុង​ឧបករណ៍ ពួកវា​អាច​ដំណើរការបាន​ដោយ​ប្រើ​កូដ QR ដែល​អ្នករស់នៅ​ហ្គា​ហ្សា​ទទួលបាន​ពី​សមាជិកគ្រួសារ​ដែលរ​ស់​នៅក្រៅ​ប្រទេស។

បន្ទាប់មក​អ្នកស្រុកហ្គាហ្សា​អាច​ភ្ជាប់​ក្នុង​របៀប​រ៉ូ​មីង​(Roaming) ទៅកាន់​បណ្តាញ​បរទេស ដែលជារឿយៗជា​ជនជាតិ​អ៊ីស្រាអែល ឬ​ជួនកាល​ជា​ជនជាតិ​អេ​ហ្ស៊ី​ប។

អ្នកស្រី Samar Labadបាន​​និយាយ​ថា eSIMគឺជា​អំណោយ​ដ៏​ថ្លៃថ្លា​មួយ។

ស្ត្រី​អាយុ៣៨​ឆ្នាំ​រូបនេះ​បាន​ភៀសខ្លួន​ចេញពីផ្ទះ​របស់​នាង​ក្នុង​ទីក្រុងហ្គាហ្សា​ភាគ​ខាងត្បូង ជា​កន្លែង​ដែល​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​រាប់ម៉ឺន​នាក់​កំពុង​រស់​នៅ​ក្នុង​ជំរំបណ្តោះអាសន្ន។

ឥឡូវនេះ​​នាង​​កំពុង​ស្ថិត​នៅ​ជិតច្រក​ព្រំដែន Rafah​​ជាមួយអេហ្ស៊ីប នាង​​បាន​បាត់បង់​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​នាង​អស់​រយៈពេល​ជាង​១​សប្តាហ៍។ ប៉ុន្តែ​បន្ទាប់មក​បងប្រុស​រប​ស់​នាង ដែល​រស់នៅ​ប្រទេស​បែ​ល​ហ្ស៊ិក បាន​​ផ្ញើ eSIMដល់​នាង។

នាង​បាន​និយាយថា៖«ការតភ្ជាប់​មិនមាន​ស្ថិរភាព​ទេ។ យ៉ាងហោចណាស់​យើង​អាច​រក្សា​ទំនាក់ទំនង​ដើម្បី​ធានា​ដល់​គ្នា​ទៅវិញទៅមក ទោះបីជា​មានការ​រំខាន​ក៏ដោយ»។ 

នាង​ក៏មាន​​សមាជិក​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​នៅ​ទីក្រុង​Khan Yunis ​ភាគខាងត្បូង​ហ្គាហ្សា​ដែល​កំពុង​រងការវាយប្រហារ​ផងដែរ។

នាង​បាន​និយាយថា៖«ខ្ញុំ​រកឃើញ​ពី​របៀប​ដែល​ពួកគេ​កំពុង​ធ្វើ​ពី​អ្នក​ដែល​រស់នៅ​ជាមួយ​ពួកគេ​ដែល​ទូរស័ព្ទ​របស់​ពួកគេ​អាច​ប្រើ eSIMបាន។

សេវាកម្ម​​មានតែ​នៅ​តំបន់​ក្បែរ​ព្រំដែន​ជាមួយ​អ៊ីស្រាអែល​ប៉ុណ្ណោះ។ បើ​មិន​ដូច្នោះ​ទេ អ្នក​ត្រូវ​ឡើងទៅ​លើដំបូល ដើម្បី​ចាប់​សញ្ញា៕​