ទីក្រុង​ចំនួន​​២​ នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន​ រួម​​មាន​ក្រុង​​ Xian ​និង​ក្រុង​ Yinchuan ​បាន​ណែ​នាំ​ឱ្យ​ប្រជាជន​ស្នាក់​នៅ​ក្នុង​ផ្ទះ​ ​ដាក់​កម្រិត​​ផលិតកម្ម​ឧស្សាហកម្ម​ធុន​ធ្ងន់​ ​និង​ផ្អាក​​ការ​កែច្នៃ​ធ្យូង​ថ្ម​ ដោយ​ព្រមាន​ពី​ការ​បំពុល​បរិយាកាស​ខ្លាំង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​​ដែល​នឹង​មាន​អ័ព្ទ​ក្រាស​ខ្លាំង​។នេះ​បើ​តាម​ការ​រាយការណ៍​របស់ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ក្រុម​សង្កេតការណ៍​ឧតុ​និយម​កណ្តាល​រ​បស់​ប្រទេស​ចិន​ ​​បាន​ព្យាករណ៍​ពី​អ័ព្ទ​ដ៏​ក្រាស់​សម្រាប់​ភាគ​ខាង​ជើ​ង​ និង​ខាង​កើត​របស់​ប្រទេស​ ចាប់​ពី​ដើម​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨​ ខែ​ធ្នូ​ ដល់​ថ្ងៃ​សៅរ៍​ មុន​ពេល​រលកធាតុ​អា​កា​ស​​ត្រជាក់ចូល​​មក​ដល់​​នៅ​​រសៀល​ថ្ងៃ​សៅរ៍​ ដែល​នឹង​​រំសាយ​អ័ព្ទ​ខ្លាំង​។​

ក្រុម​ដដែល​បាន​ ​ព្រមាន​ឱ្យ​​អ្នក​​ដែល​មាន​​ជំងឺ​​ផ្លូវ​ដង្ហើម ​និង​​សរ​សៃ​ឈាម​​បេះដូង​ មាន​ការ​ប្រុង​ប្រយ័ត្ន​ ដោ​យ​សារ​តែ​​ការ​បំពុល​​ភាគ​ច្រើន​​កើត​ឡើង​​ដោយ​សារ​​ភាគ​ល្អិត​​​តូច​ៗ​​អាច​​ចូ​ល​​ជ្រៅ​​ទៅ​ក្នុង​​សួត ​និង​​សូម្បី​តែ​​ចរន្ត​ឈាម​​​។


នៅ​ទីក្រុង​ Xian ​ដែល​ជា​ទីរួម​​ខេត្ត​Shaanxi ​អាជ្ញាធរ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​​នៅ​​ថ្ងៃ​ពុធ​នេះ​ ដោយ​រំពឹង​ថា​នឹង​មាន​ការ​បំពុល​ធ្ងន់​ធ្ងរ​រហូត​ដល់​ថ្ងៃ​សុក្រ​ ហើយ​បាន​អនុវត្ត​វិធានការ​បន្ទាន់​ជា​កាតព្វ​កិច្ច​​ ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ រួម​ទាំង​ការ​ស្នើ​សុំ​ឱ្យ​សាធារណ​ជន​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ និង​ក្រុម​ហ៊ុន​នានា​​ឱ្យ​​អនុញ្ញាត​ឱ្យ​មាន​ការ​រៀប​ចំ​ការងារ​​ពី​ចម្ងាយ​​។​

​ទូរទស្សន៍​រដ្ឋ​ចិន​ CCTV ​បាន​ផ្សាយ​ថា​ ​ទីក្រុង Xian ​បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន ​ស្ថាប័ន ​និង​ការ​ដ្ឋាន​សំណង់​ដែល​បញ្ចេញ​ការ​បំពុល​​កែ​សម្រួល​កាល​វិភាគ​ផលិតកម្ម​ និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​យ៉ាង​សកម្ម​។​


​ចំណែក​ឯ​ក្រុង Yinchuan ដែល​ជា​ទី​រួម​​តំបន់​ Ningxia វិញ​ បាន​អនុវត្ត​​វិធានការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល​ជាង​ ២០​ ភាគ​រយ​ចាប់​តាំង​ពី​រសៀល​ថ្ងៃ​អង្គា​រ​ ​ខណៈ​​ធានា​ឱ្យ​សហគ្រាស​បន្ត​លក្ខខណ្ឌ​ប្រតិ​បត្តិការ​ធម្មតា​។​ 

រូប​ថត​ពី​សេវាកម្ម​ព័ត៌មាន​ចិន​បាន​បង្ហាញ​ថា​ ការ​បំពុល​កម្រិត​មធ្យម​​​​រំពឹង​ថា​​នឹង​មាន​រហូត​ដល់​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​Yinchuan ​ដែល​គ្រប​ដណ្តប់​​​ទៅ​ដោយ​បរិយាកាស​​​ពណ៌​ប្រផេះ​​​ ហើយ​ការ​បំពុល​អាច​នឹង​ឈាន​ដល់​កម្រិត​ធ្ងន់​ធ្ងរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

​ទីក្រុង​នេះ​ បាន​ស្វែង​រក​ការ​កាត់​បន្ថយ​ ឬ​​ផ្អាក​ការ​ផលិត​ឧស្សាហកម្មធុន​ធ្ងន់​​ និង​ពង្រឹង​ការ​គ្រប់​គ្រង​ការ​បំ​ពុល​ចេញ​ពី​​ឧស្សាហកម្ម​សំខាន់​ៗ​ដូច​ជា​ ស្ថានីយ៍​ថាមពល​ និង​រោង​ចក្រ​គីមី​ឥន្ធនៈ ​គីមី​ លោហធាតុ ​និង​ស៊ី​ម៉ងត៍​ជា​ដើម​។

ទាំង​អាជ្ញាធរ​នៃ​ក្រុង​​Xian ​និង​ក្រុង​ Yinchuan ​​​​​បាន​បញ្ឈប់​ប្រតិបត្តិការ​គាស់​កាយ​ដី​ និង​រុះ​រើ​សំណង់នៅ​កន្លែង​សាង​សាង​​​ភាគ​ច្រើន​​ និង​ផ្អាក​ការ​បាញ់​ថ្នាំ​ និង​ការ​លាប​ពណ៌​​​ការ​ផលិត​ និង​ការ​​ដឹក​ជញ្ជូន​សម្ភារភាគ​ច្រើន​​ដែល​​ប្រើ​ឡាន​ដឹក​ទំនិញ​ធុន​ធ្ងន់​ នៅ​​រោងចក្រ​បេតុង​ កន្លែង​កែច្នៃ​​ធ្យូងថ្ម​​កន្លែង​​​កាប់​ថ្ម ​និង​​​ជីក​យក​រ៉ែ​ជា​ដើម​។

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ទីក្រុង​ទាំង​​២​បាន​ពង្រីក​ការ​រឹត​បន្តឹ​ង​លើ​ការ​ប្រើ​ប្រាស់​យាន​ជំនិះ​ដែល​បញ្ចេញ​ឧស្ម័ន​ខ្ពស់​ រួម​ទាំង​រថយន្ត​ម៉ាស៊ូត ​និង​បាន​ណែនាំ​ប្រជាជន​ឱ្យ​ជៀស​វាង​ការ​ទុក​យាន​យន្ត​របស់​ពួក​គេចោល​​៕​