អាជ្ញាធរ​​បាន​និយាយ​ថា​ ការ​ផ្ទុះ​មួយ​បាន​កើត​ឡើង​នៅ​​ជិត​ស្ថាន​ទូត​អ៊ីស្រាអែល​​​​ក្នុង​ទីក្រុង​ញូវដែលី​ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ ប៉ុន្តែ​មិន​បង្ក​​ការ​របួស​ស្នាម​ដល់​បុគ្គលិក​ណា​ម្នាក់​នោះ​ទេ​។  ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

​អ្នក​នាំ​ពាក្យ​ស្ថានទូត​អ៊ីស្រាអែល​ លោក​ Guy Nir ​បាន​ប្រាប់​រ៉យទ័រ​​ថា​​៖«​យើង​អាច​បញ្ជាក់​បាន​ថា​ នៅ​ម៉ោង​ប្រហែល​ ៥ និង​២០ នាទី​ ល្ងាច​ (ម៉ោង​ក្នុងតំបន់​)​ ​​មាន​ការ​ផ្ទុះ​មួយ​នៅ​ជិត​ស្ថានទូត​»។ លោក​បន្ថែម​ថា​ ​​ប៉ូលិស​ក្នុង​តំបន់​ និង​ក្រុម​សន្តិសុខ​កំពុង​ស៊ើប​អង្កេត​ឧប្បត្តិហេតុ​នេះ​។​

​ក្រសួង​ការ​បរទេស​​អ៊ីស្រាអែល​ បាន​និយាយ​ថា​ បុគ្គលិក​ទាំង​អស់​មិន​មាន​របួស​ទេ​ ​ក្រោ​យការ​ផ្ទុះ​ ​ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​​កំពុង​សហការ​ជាមួយ​សមភាគី​ឥណ្ឌា​ ​​​ដើម្បី​រក​មើល​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​។​


​មន្ត្រី​ពន្លត់​អគ្គិភ័យ​ជាន់​ខ្ពស់​ឥណ្ឌា​ លោក​ Atul Garg​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ឥណ្ឌា​ ANI ​ថា​ សេវា​ពន្លត់​អគ្គិភ័យ​របស់​​ក្រុង​ ​មិន​ទាន់​រក​ឃើញ​តម្រុយ​អ្វី​នៅ​ឡើយ​ទេ​។ 

យ៉ាង​ណា​មិញ​ បណ្តាញ​ព័ត៌មាន​ឥណ្ឌា​បាន​​ផ្សាយ​ថា​ លិខិត​មួយ​ដែល​ផ្ញើ​ទៅ​កាន់​ឯកអគ្គ​រដ្ឋ​ទូត​អ៊ីស្រាអែល​ ត្រូវ​បាន​គេ​រ​​ក​ឃើញ​នៅ​ជិត​កន្លែង​កើត​ហេតុ​នោះ​។ ​​សារព័ត៌មាន​ Indian Express ​បាន​រាយការណ៍​ថា​ លិខិត​នោះ​មាន​សរសេរ​ពាក្យ​ធ្ងន់​ៗ​ ប៉ុន្តែ​មិន​បាន​បង្ហាញ​​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ​ ហើយ​ថា​​​​ក្រុម​​អ្នក​​ស៊ើប​​អង្កេត​ ​កំពុង​​ធ្វើ​​ការ​​ដើម្បី​​រក​​ឱ្យ​​ឃើញ​​ ថា​​តើ​លិខិត​នោះ​មាន​ការ​ជាប់​ទាក់​ទង​គ្នានឹង​ការ​ផ្ទុះ​​ដែរ​ឬ​យ៉ាង​ណា​?


មិន​មាន​ការ​សន្និដ្ឋាន​ណាមួយ​ភ្លាម​ៗ​នោះ​ទេជុំ​វិញ​ការ​ផ្ទុះ​ចុង​ក្រោយ​​ ​ប៉ុន្តែ​​ភាព​តាន​តឹង​ពាក់​ព័ន្ធ​នឹង​អ៊ីស្រាអែល​កំពុង​​កើន​ឡើង​ ​ដោយ​សារ​តែ​​សង្រ្គាម​នៅ​​មជ្ឈិម​បូព៌ា​​។ នាវា​ដឹក​ជញ្ជូន​ពាក់​ព័ន្ធ​នឹង​អ៊ីស្រាអែលនៅ​សមុទ្រ​ក្រហម​ និង​​ស​មុទ្រអារ៉ាប់​ក្បែរ​ឆ្នេរ​ឥណ្ឌា​​ បាន​ក្លាយជា​គោល​ដៅ​វាយ​ប្រហារ​​​​របស់​អ៊ីរ៉ង់​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ូធី​នៅ​ប្រទេស​យេម៉ែន​ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ 

​ក្នុង​ខែ​មករា​ ឆ្នាំ​២០២១​ ​គ្រាប់​បែក​តូច​មួយ​បាន​ផ្ទុះ​នៅ​ជិត​ស្ថាន​ទូត​អ៊ីស្រាអែល​​ប្រចាំ​​ក្រុង​ញូវដែលី​ ដោយ​​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​នរណា​ម្នាក់​ឡើយ​ ប៉ុន្តែ​មន្ត្រី​​អ៊ីស្រាអែល​​ម្នាក់​​បាន​​និយាយ​ថា​ ​​អ៊ីស្រាអែល​​​​ចាត់​​ទុក​​កា​រ​​បំផ្ទុះ​​នោះ​ ​ថា​​ជា​​ឧបទ្ទវហេតុ​​ភេរវជន​។​ ​​

​តាម​​​សារព័ត៌មាន​អ៊ីស្រាអែល The Times of Israel ​ប្រទេស​ឥ​ណ្ឌា​​​កាល​នោះ​បាន​អះ​អាង​​​ថា​ វា​​ជា​ការ​វាយ​ប្រហារ​ដែល​រៀប​ចំ​ដោយ​កង​កម្លាំង​ Quds​ នៃ​​កង​ឆ្មាំ​បដិវត្តន៍​​អ៊ិស្លាម​អ៊ីរ៉ង់​ (IRGC) ដែល​ជា​សត្រូវ​ដ៏​បំផុត​មួយរបស់​អ៊ីស្រាអែល​​នៅ​មជ្ឈិម​បូព៌ា​។​

កាល​​​ពី​​​ខែ​​កុម្ភៈ​ ឆ្នាំ​​២០១២ ​ភរិយា​​របស់​​អនុព័ន្ធ​​យោធា​​អ៊ីស្រាអែល​ ​បាន​​រង​​របួស​​ក្នុង​​ការ​​វាយ​​ប្រហារ​​ដោយ​​គ្រាប់​​បែក​​​លើ​រថយន្ត​​ក្នុង​​ក្រុង​​ញូវដែលី​។​​ ប៉ូលិស​ឥណ្ឌា​បាន​សន្និដ្ឋាន​ថា​ IRGC ​​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នា​ពេល​នោះ​​ ដែល​វា​ជា​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​គោលដៅ​​អ៊ីស្រាអែល​ជុំ​វិញ​ពិភព​លោ​ក​ ​ពី​សំណាក់​អ៊ីរ៉ង់​។  

ការ​ផ្ទុះ​ក្បែ​រ​ស្ថាន​ទូត​អ៊ីស្រាអែលនៅ​ឥណ្ឌា​​កាល​ពី​ថ្ងៃ​អង្គារ​ កើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា​ មន្ត្រី​ជាន់​ខ្ពស់ IRGC ​ម្នាក់​​​ត្រូវ​បាន​សម្លាប់​ក្នុង​​ការ​វាយ​ប្រហារ​របស់​​អ៊ីស្រាអែល​ ​នៅ​​រដ្ឋ​ធានី​ដាម៉ាស់​ នៃ​ប្រទេស​ស៊ីរី​។ ​ប្រធានាធិបតី​អ៊ីរ៉ង់​ លោក​​ អេប្រាហ៊ីម រ៉ៃស៊ី​ បាន​ប្តេជ្ញា​ថា​ អ៊ីស្រាអែល «​​នឹង​ត្រូវ​តែ​សង​ចំពោះ​​​ឧក្រិដ្ឋកម្ម​នេះ​»​៕