រុស្ស៊ី​ដែល​បាន​បើក​ការវាយលុក​ដោយ​យោធា​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​​ កាលពីដើមឆ្នាំ​ ២០២២ មាន​ផែនការ​ដាក់ពង្រាយ​កាំភ្លើង​ផ្លោង ​(howitzers)​ ផលិត​ថ្មី​បំផុត​ដែល​បាញ់​បាន​ចម្ងាយ ៧០ ​គីឡូម៉ែត្រ​នៅតាម​ព្រំដែន​ភាគ​ខាងជើង​។​

​យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ប្រធាន​ក្រុម​ការពារ​ជាតិ​រដ្ឋ Rostec បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ថា ប្រទេស​រុស្ស៊ី​នឹងដាក់​ពង្រាយ​ប្រភេទ​កាំភ្លើង​ផ្លោង​ (howitzers) ផលិត​ថ្មី​បំផុត​របស់ខ្លួន​ទៅកាន់​តំបន់​យោធា​ភាគ​ខាងជើង​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ន័​រ​វែ​ស​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA របស់​រុស្ស៊ី បាន​ផ្សាយ​ថា លោក Sergei Chemezov ប្រធាន​រដ្ឋ Rostec និយាយថា ការសាកល្បង​កាំភ្លើង​ធំ​ប្រភេទ​ថ្មី​ដែល​បាញ់​ដោយ​ស្វ័យប្រវត្តិ Coalition-SV ត្រូវបាន​បញ្ចប់ ហើយ​ការ​ផលិត​ដ៏​ច្រើន​របស់​ពួកគេ​បាន​ចាប់​ផ្តើម​រួចហើយ​។ ការបំពាក់​អាវុធ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ចុងឆ្នាំ​ ២០២៣ ​នេះ​។​


​រុស្ស៊ី​ធ្លាប់បាន​ព្រមាន​ហ្វាំ​ង​ឡង់​ក្នុងដំណាក់កាល​ដំបូង​ក្រោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង ហើយ​ងាក​ទៅរក​ចូលរួម​ជាមួយ​អង្គការ​​ប្រដាប់អាវុធ​ណា​តូ ដោយ​និយាយថា ពួកគេ​នឹង​ជួប​ «​ផលវិបាក​ផ្នែក​យោធា និង​នយោបាយ​»​ នៃ​សកម្មភាព​ចូល​ណា​តូ ហើយ​ការចូល​សមាជិក​ណា​តូ​របស់​ប្រទេស​ទាំង​ ២​ នោះ តម្រូវឱ្យ​រុស្ស៊ី​ «​ស្តារ​តុល្យភាព​យោធា​» ដោយ​ពង្រឹង​ការការពារ​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​បាល់​ទិ​ក រួមទាំង​ការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​។ នេះ​ផ្អែក​តាម​ខ្លឹម​សារ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាល​ពី​ខែមិថុនា ឆ្នាំ ​២០២២ ក្នុង​ដំណាក់​កាលដែល​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ទើប​ដាក់ពាក្យ​ស្នើសុំ​ចូល​ណា​តូ​។​

​លោក Chemezov បាន​និយាយថា​៖«​ខ្ញុំ​គិតថា អាវុធ​ថ្មី​នឹង​បង្ហាញខ្លួន​នៅ​ទីនោះ (​នៅក្នុង​តំបន់​យោធា​ភាគ​​ខាងជើង​) ក្នុងពេល​ឆាប់ៗ​នេះ ដោយ​សារ​អ្នកបាញ់​កាំភ្លើង​ប្រភេទ​នេះ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​មានប្រៀប​ជាង​គំរូ​កាំភ្លើង​ធំ​លោកខាងលិច​ទាក់ទង​នឹង​ការបាញ់​កាំជ្រួច​ហ្វូង​»​។​


​យោងតាម​រ៉​យ​ទ័​រ នៅ​ឆ្នាំ​ ២០២១​ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្លាស់ប្តូរ​ស្ថានភាព​នៃ​កង​នាវាចរណ៍​ខាង​​ជើង​របស់​រុស្ស៊ី ដែល​តំបន់​ទទួលខុស​ត្រូវ​ចម្បង គឺ​តំបន់​អាក់​ទិ​ក​របស់​រុស្ស៊ី ទៅជា​ស្រុក​យោធា​ភាគ​ខាងជើង ដោយ​បញ្ចូល​ទៅក្នុង​នោះ​ផងដែរ តំបន់ Murmansk ដែលមាន​ព្រំប្រទល់​ជាមួយ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ន័​រ​វែ​ស​។​

​ចាប់តាំងពី​ការចាប់ផ្តើម​ការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​នៅ​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២២ ទីក្រុង​ម៉ូស្គូ​បាន​ចោទប្រកាន់ «​បស្ចិមប្រទេស​» រួម​កម្លាំង​គ្នា​ដើម្បី​ប្រឆាំង​ខ្លួន ហើយ​បាន​ព្រមាន​ថា​ទីក្រុង​ម៉ូស្គូ​នឹង​បង្កើត​កងកម្លាំង​នៅ​ព្រំដែន​ភាគ​ខាងលិច​របស់ខ្លួន​បន្ទា​ប់​ពី​ការចូល​ជា​សមាជិក​របស់​ហ្វាំ​ង​ឡង់​ទៅក្នុង​សម្ព័ន្ធមិត្ត​ណា​តូ​ដែល​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក​។​

​ទោះបី​ប្រឈម​ការព្រមាន​ពី​រុស្ស៊ី ទីបំផុត​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​បាន​ក្លាយជា​សមាជិក​ណា​តូ​ពេញសិទ្ធិ​៕