ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​ខិត​កាន់តែ​កៀក កាលពី​ថ្ងៃទី ​២៦ ខែធ្នូ ឆ្នាំ​ ២០២៣ មេដឹកនាំ​ជួរមុខ​របស់​គណបក្ស​កាន់អំណាច​នៅ​តៃវ៉ាន់ ដែលជា​បេក្ខជន​ប្រធានាធិបតី​នៅ​អាណត្តិ​បន្ទាប់​បាន​ចោទ​​ប្រកាន់​គណបក្សប្រឆាំង​ថា បាន​បោះបង់ចោល​ផ្នត់គំនិត​ប្រឆាំង​កុម្មុយនីស្ត និង​ងាក​ទៅ​គាំទ្រ​ចិន​ជ្រុល​ហួសហេតុ​។​

​ការចោទប្រកាន់​ខ្លាំងៗ​នេះ​កើតមានឡើង​នៅមុន​ពេលដែល​ថ្ងៃ​បោះឆ្នោត​នឹង​មកដល់​ក្នុង​រយៈពេល​ប្រហែល ២ ​សប្តាហ៍​ខាងមុខនេះ និង​ជា​ព្រឹ​តិ្ត​​ការណ៍​បោះឆ្នោត​ដែល​ឥទ្ធិពល​របស់​ប្រទេស​ចិន​ត្រូវបាន​គេ​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​បរិបទ​ពិភពលោក​កំពុង​ប្រឈម​ការ​​ប្រែប្រួល​ភូមិសាស្ត្រ​។​

​អនុ​ប្រធានាធិបតី​នៃ​គណបក្សកាន់អំណាច លោក ឡៃ ឈិង តេ (Lai Chingte)​ ដែល​ឈរឈ្មោះ​ជា​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP)​ បានលើកឡើង​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ថា គណបក្ស​គួ​មីន​តាំង ​(KMT) ធ្លាប់បាន​ដឹកនាំ​ប្រឆាំងនឹង​របប​កុម្មុយនីស្ត​ចិន ប៉ុន្តែ​ឥឡូវនេះ​មេដឹកនាំ​របស់​គណបក្ស​នេះ​មិន​ត្រឹមតែ​បរាជ័យ​ក្នុង​ការបន្ត​ប្រឆាំង​ចិន​កុម្មុយនីស្ដ​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ ពួកគេ​ថែមទាំង​នាំគ្នា​គាំទ្រ​កុម្មុយនីស្ត​ចិន​កាន់តែខ្លាំង​ឡើង​។​


​ការបោះឆ្នោត​ប្រធានាធិបតី និង​សភា​នៅ​តៃវ៉ាន់​នៅ​ថ្ងៃទី ​១៣ ខែមករា​ ខាងមុខនេះ​ធ្វើឡើង ខណៈពេលដែល​ប្រទេស​ចិន​កំពុង​បង្កើន​សម្ពាធ​ទាំង​យោធា និង​ន​យោ​បាយ ដើម្បី​ទាមទារ​សិទ្ធិអំណាច ចង់​គ្រប់គ្រង​លើ​កោះ​តៃវ៉ាន់​។ បន្ថែម​លើ​នេះ ប្រទេស​ចិន​បានចាត់ទុក លោក​ឡៃ ថា​ជា​អ្នក​បំបែក​ខ្លួន​និយម​ដ៏​គ្រោះថ្នាក់ ហើយ​ថា ការបោះ​ឆ្នោត​នៅ​តៃវ៉ាន់ គឺជា​ការសម្រេចចិត្តរ​វាង​សង្គ្រាម និង​សន្តិភាព​។​

​លោក ​ឡៃ​ បាន​និយាយថា​៖ «​នៅពេលណា​ដែលមាន​ការបោះឆ្នោត​នៅ​តៃវ៉ាន់ ចិន​តែងតែ​ព្យាយាម​ជ្រៀតជ្រែក ដោយមាន​បំណង​គាំទ្រ​គណបក្ស​ដែលមាន​ទំនោរ​គាំទ្រ​ខ្លួន​»​។​


​ការ​ថ្លែង​បែបនេះ ធ្វើឡើង​នៅ​ខណៈពេលដែល​លោក​កំពុង​ឈរ​ក្បែរ​បេក្ខជន​ប្រ​ធានា​ធិបតី មកពី​គណបក្ស គួ​មីន​តាំង លោក ហ៊ូ យូ​អ៊ី (Hou Yuih)​។​

​លោក ឡៃ បាន​សរសើរ​អតីត​ប្រ​ធានា​ធិ​ប​តី​តៃវ៉ាន់ លោក ជាង ឈិង​គួ (Chiang Chingkuo)​ ដែល​ត្រូវជា​កូនប្រុស​របស់ លោក ជាង កៃ​ជាក ថា លោក​តែងតែ​ប្រឆាំង​ដាច់ខាត​ជាមួយ​កុម្មុយនីស្ត​ចិន​។​

​លោក​បាន​បន្ថែមថា នៅពេលដែល​ចិន​គំរាមកំហែង​តៃវ៉ាន់ បែរជា​មេដឹកនាំ​មកពី​គណបក្ស​គួ​មីន​តាំង ដូចជា​អតីត​ប្រធានាធិបតី ម៉ា យី​ង​ជូ (Ma Yingjeou) ជាដើម មក​បន្ទោស​ថា តៃវ៉ាន់​ជា​អ្នករក​រឿង​ចិន​ទៅវិញ​។​

​លោក ឡៃ ថ្លែងថា​៖ «​ខ្ញុំ​ចង់ឱ្យ​មនុស្ស​គ្រប់គ្នា​ក្នុងប្រទេស​សម្រេចចិត្ត ថា​តើ​គណ​​បក្ស​គួ​មីន​តាំង កំពុង​ដើរ​តាម​គន្លង​របស់លោក ឈិង​គួ ដែរឬទេ​?»​។​

​រីឯ​ប្រទេស​ចិន​វិញ បានចាត់ទុក​ការបោះ​​ឆ្នោត​នៅ​តៃវ៉ាន់​ថា ជា​កង្វល់​របស់ខ្លួន ហើយ​ថា ការចោទប្រកាន់​ពី​ការជ្រៀតជ្រែក​របស់​ចិន​ចូលទៅក្នុង​ការបោះឆ្នោត គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ DPP ដើម្បី​ទទួលបាន​សំឡេងឆ្នោត​តែប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ លោក ហ៊ូ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​សូម​ថ្កោលទោស​អ្វីដែល​ជាការ​ចោទប្រកាន់​មិន​ពិត និង​ការប៉ុនប៉ង​លាប​ពណ៌ តាមរយៈ​ការ​ផ្សារ​​ភ្ជាប់​គណបក្ស​គួ​មីន​តាំង ទៅនឹង​ពណ៌​ក្រហម ដែលជា​និមិត្តសញ្ញា​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​។​

​កន្លងមក គណបក្ស​គួ​មីន​តាំង តែងតែ​ចូលចិត្ត​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា គាំទ្រ​ចិន​៕