និយតករ​ថាមពលនុយក្លេអ៊ែ​រ​របស់​ជប៉ុន នៅ​ថ្ងៃ​ពុធ​ទី ​២៧ ខែ​​ធ្នូ​នេះ បាន​លុបចោល​ការហាម​​ឃាត់​ប្រតិបត្តិ​ការដែល​ដាក់​លើ​រោងចក្រ​ថាមពល Kashiwazaki-Kariwa របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី Tokyo Electric Power (Tepco) កាល​ពី ២ ​ឆ្នាំមុន​។ នេះ​បើតាម​ការ​​រាយការណ៍​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

​អាជ្ញាធរ​បទ​ប្បញ្ញត្តិ​នុយក្លេអ៊ែរ (NRA) បានលើកឡើង​ពី​ភាព​ប្រសើរឡើង​នៃ​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព ដោយបាន​ដក​បញ្ជា ដែល​រារាំង​ក្រុមហ៊ុន Tepco ពី​ការដឹកជញ្ជូន​ឥន្ធនៈ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ថ្មី​ទៅកាន់​រោងចក្រ ឬ​ផ្ទុក​កំណាត់​ឥន្ធនៈ​ចូលទៅក្នុង​ម៉ាស៊ីន​រ៉េ​អាក់​ទ័​រ​របស់​រោងចក្រ​ Kashiwazaki-Kariwa​។ ការលុបចោល​នេះ គឺជា​ការជម្រះ​ផ្លូវ​សម្រាប់​ឱ្យ​រោងចក្រ​ថាមពល នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ បើក​ដំណើរការ​ឡើងវិញ​។

​កន្លងមក Tepco បាន​ខ្នះខ្នែង​ក្នុង​ការបើក​រោងចក្រ​ថាមពល Kashiwazaki-Kariwa ឡើងវិញ ដើម្បី​កាត់បន្ថយ​ការចំណាយ​ប្រតិបត្តិការ ប៉ុន្តែ​ការណ៍​នេះ​ត្រូវមាន​ការយល់ព្រម​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​Niigata លើ​ឆ្នេរសមុទ្រ​ជប៉ុន​។​


​រោងចក្រ Kashiwazaki-Kariwa  ដែលមាន​សមត្ថភាព​ផលិត​ថាមពល​កម្លាំង ៨ ២១២ មេ​ហ្គា​វ៉ា​ត់ (MW)  បាន​ផ្អាក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ​ ២០១១ ពោលគឺ​នៅពេលដែល​គ្រោះ​មហន្តរាយ​ហ្វូ​គូ​ហ្ស៊ី​ម៉ា​បាន​ជំរុញឱ្យមាន​ការបិទ​រោងចក្រ​ថាមពលនុយក្លេអ៊ែ​រទាំង​អស់​នៅក្នុង​ប្រទេស​ជប៉ុន​អំឡុង​ពេលនោះ​។​

​ក្នុង​ឆ្នាំ​ ២០២១ NRA បាន​ហាមឃាត់​ក្រុមហ៊ុន​ Tepco មិន​ឱ្យធ្វើ​ប្រតិបត្តិការ​នៅ​រោងចក្រ​ Kashiwazaki-Kariwa ដែលជា​ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​អាច​ដំណើរការ​បានតែ ​១​ គត់​របស់​ក្រុមហ៊ុន​។​


​កាលនោះ NRA បាន​លើក​ឡើង​ពី​ការរំលោភ​លើ​សុវត្ថិភាព រួមទាំង​ការបរាជ័យ​ក្នុងការ​ការពារ​សម្ភារ​នុយក្លេអ៊ែរ និង​កំហុសឆ្គង​ដែលនាំឱ្យ​សមាជិក​បុគ្គលិក​ដែល​គ្មាន​ការអនុញ្ញាត ចូលទៅ​កាន់​តំបន់​រសើប​នៃ​រោង​​ចក្រ​ជាដើម​។​

​នៅពេលដែល​ពិភពលោក​ធ្លាក់ចូល​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​ចាប់តាំងពី​រុស្ស៊ី​ធ្វើសង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ថ្ងៃទី ​២៤ ខែកុម្ភៈ ២០២២ វិស័យ​ថាមពល​បាន​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​មិន​ច្បាស់លាស់ គ្មាន​ស្ថិរភាព ដោយសារតែ​ប្រទេស​ផ្គត់ផ្គង់​ថាមពល​ឥន្ធនៈ​រុស្ស៊ី រង​ទណ្ឌកម្ម​យ៉ាងដំណំ​។ វិស័យ​ថាមពល​ស៊ីវិល ជាពិសេស​ថាមពលនុយក្លេអ៊ែរ​បាន​ស្ថិតក្នុង​រ៉ា​ដា​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​រីកចម្រើន​៕​