ក្រុម​​សិស្ស​​និស្សិត​ឥណ្ឌូនេស៊ី​​មួយ​​ក្រុម​ កាល​ពី​ថ្ងៃ​ពុធ​ទី​២៧​ ខែ​ធ្នូ​ បាន​​​​នាំ​គ្នា​​​សម្រុក​​ចូល​​​​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​របស់​​​​ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា ​​រាប់​​រយ​​នាក់​​មក​​ពី​​​​មីយ៉ាន់ម៉ា​ ​​នៅ​ទីក្រុង​ Banda Aceh ដោយ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​និរទេស​​​ពួក​គេ​ចេញ​​​​​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

ប៉ូលិស​ក្រុង ​​Banda Aceh ​មិន​​បាន​​ឆ្លើយ​តប​​​ភ្លាម​ៗ​ទេ​ លើ​បញ្ហា​នេះ​។ ​ខ្សែ​អាត់​វីដេអូ​ ដែល​គេ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ បាន​បង្ហាញ​​សិស្ស​និស្សិត​ជា​ច្រើន​នាក់​ ពាក់​អាវ​ពណ៌​បៃតង​ រត់សម្រុក​ចូល​​ទៅ​ក្នុង​បន្ទប់​ក្រោម​ដី​ដ៏​ធំ​របស់​អគារនៃ​កន្លែង​​​​ដែល​ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​​ទាំង​បុរស​ ស្ត្រី​ និង​កុមារ​ កំពុង​អង្គុយ​លើ​ឥដ្ឋ​ ​ដោយ​​ខ្លះ​​​យំ​ ខ្លះ​ទៀត​​ភ័យ​ខ្លាច​។ 

និស្សិត​ឈ្មោះ​ Wariza Anis Munandar​ អាយុ​២៣​ឆ្នាំ​ ​បាន​អំពាវ​នាវ​​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​កន្លែង​​ប្រមូល​ផ្ដុំ​តវ៉ា​ ​សុំ​ឱ្យ​រដ្ឋាភិបាល​​និរទេស​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ពី​ក្រុង​ Banda Aceh។ 


និស្សិត​ដែល​ជា​បាតុករ​ម្នាក់​ទៀត​ ឈ្មោះ ​​Della Masrida ​អាយុ ​២០​ឆ្នាំ​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​​៖«ពួក​គេ​ធ្វើ​រឿង​​ដែល​​មិន​គួរឱ្យ​យល់ជាច្រើន​​ រួម​ទាំង​ការ​ទាម​ទារ​សុំ​ឱ្យ​មាន​ជម្រក​ និង​អាហារ​​​​ឱ្យ​ប្រសើរ​ជាង​អ្វី​ដែល​ពួក​គេ​កំពុង​ទទួល​បាន​​​។ ពួក​គេ​​​​មក​ទីនេះ​ដោយ​​គ្មាន​អ្នក​​អញ្ជើញ​។​ ពួក​គេ​​​ធ្វើ​ដូច​ជា​ទី​នេះ​ ជា​ប្រទេស​របស់​ពួក​គេ»។  

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​បាន​ជួប​ប្រទះ​នឹង​ការ​មិន​ពេញ​ចេញ​​ពី​សំណាក់​ប្រជាជន​​​ឥណ្ឌូនេស៊ី​កាន់​តែ​ខ្លាំង​ ស្រប​ពេល​ដែល​ចំនួន​ទូក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ពី​មីយ៉ាន់ម៉ា​ ក៏​កាន់​តែ​ច្រើន​។ ​​


​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ លោក​ ចូកូ​ វីដូដូ​ ​​បាន​ស្តី​បន្ទោស​ការ​កើន​ឡើង​នៃ​​ការ​មក​​ដល់​ឥណ្ឌូនេស៊ីរបស់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​​នា​ពេល​ថ្មី​ៗ​នេះ​ ទៅ​លើ​ការ​ជួញ​ដូរ​មនុស្ស​ ហើយ​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ជាមួយ​អង្គការ​អន្តរជា​តិ​ដើម្បី​ផ្តល់​ជម្រក​បណ្តោះ​អាសន្ន​។

តាម​ធម្មតា​ ការ​មក​​ដល់បែប​នេះ​​​កើន​​ឡើង​​នៅ​​ចន្លោះ​​ខែ​វិច្ឆិកា​ និង​ខែ​មេសា​ នៅ​ពេល​ដែល​ទឹក​សមុទ្រ​​ស្ងប់​ស្ងាត់​ ​ដោយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​មីយ៉ាន់ម៉ា​​ជិះ​ទូក​ទៅ​កាន់​ប្រទេស​ថៃ​​និង​ឥណ្ឌូណេស៊ី ​ក៏ដូច​ជា​ម៉ាឡេស៊ី​។ ​

ជុំ​វិញ​បាតុកម្ម​របស់​សិស្ស​​និស្សិត​​ អ្នក​នាំ​ពាក្យឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ឥណ្ឌូនេស៊ី​​ (UNHCR) មិន​បាន​និយាយ​យ៉ាង​ណា​ភ្លាម​ៗ​ទេ​ ប៉ុន្តែ​ធ្លាប់​លើក​ឡើង​​ថា​ ខ្លួន​មាន​ការ​តក់​ស្លុត​នឹង​របាយការណ៍​ស្ដី​ពី​ការ​​​បដិសេធជន​ជាតិ​រ៉ូហ៊ីងយ៉ា​ ពី​សំណាក់​​​ប្រជាជន​ក្នុង​ស្រុក​​ឥណ្ឌូនេស៊ី​។ ​

​​ឥណ្ឌូនេស៊ី​ មិន​មែន​ជា​​ហត្ថលេខី​នៃ​អនុ​សញ្ញា​អង្គការ​សហប្រជាជាតិ​​ស្តី​ពី​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ នោះ​ទេ​ ប៉ុន្តែកន្លង​មក​ ​​ប្រទេស​នេះ​​បាន​​ទទួល​យក​ជន​ភៀស​ខ្លួន​ប្រសិន​បើ​ពួក​គេ​មក​ដល់​ប្រទេស​របស់​ខ្លួន​៕​