​ប្រធានាធិបតី​វៀតណាម​ លោក​​ Vo Van Thuong​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​​សម្រេច​មួយ​ ដែល​កាត់​បន្ថយ​ទោស​ប្រហារ​ជីវិត​​​មក​ត្រឹម​​ជា​ទោស​ជាប់​ពន្ធនាគារ​​​អស់​មួយ​ជីវិត​វិញ​ សម្រាប់​អ្នក​ទោស​ចំនួន​ ១៨ នាក់​ ដែល​បាន​ដាក់​​​​ញត្តិ​ស្នើ​សុំ​ការ​បន្ធូរ​បន្ថយ​ទោស​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnEpress។


ការ​សម្រេច​នេះ​ ធ្វើ​ឡើង​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ ហើយ​តាម​សំណើរ​បស់​ប្រធាន​ចៅ​ក្រម​នៃ​តុលាការ​ប្រជាជន​កំពូល​​​​និង​​​​ប្រធាន​​ការិយាល័យ​​ប្រធានាធិបតី​វៀតណាម​​​។

​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​ ការ​សម្រេច​ចិត្ត​នេះ​បង្ហាញ​ពី​ក្ដី​មេត្តា​​ និង​គោល​នយោបាយ​មនុស្ស​ធម៌​របស់​បក្ស​កុម្មុយនិស្ត​ និង​រដ្ឋ​វៀតណាម​ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់​ធ្ងរ​ ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​​អាច​​​ជួប​​ក្រុម​គ្រួសារ ​និង​សហគមន៍​វិញ​។​


​កាល​ពីចុង​​ខែ​សីហា​ លោក​​ប្រធានាធិបតី​ Vo Van Thuong​ ​បាន​​ធ្វើ​​ការ​​សម្រេច​​ចិត្ត​​ស្រដៀង​​គ្នា​​នេះ​ចំពោះ​​អ្នក​​ទោស​ ១១ ​នាក់​រួម​ម្ដង​មក​ហើយ​​​​​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​​​បុណ្យ​​ឯក​រាជ្យ​​ជាតិ​វៀតណាម​ ​​ថ្ងៃ​ទី​ ២ ខែ​​​​កញ្ញា​។


​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម​បាន​ចែង​ថា​ បុគ្គល​ដែល​រង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ អាច​ដាក់​ញត្តិ​ស្នើ​សុំ​ការ​បន្ធូរបន្ថយ​ទោស​ មក​ត្រឹម​ជា​ការ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិតវិញ​​ ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ បន្ទាប់​ពី​​សាល​ក្រម​របស់​តុលាការ​ចូល​ជា​ធរមាន​៕