ក្រោយ​ការ​វាយឆ្មក់​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី (Houthi) ទៅលើ​កប៉ាល់​ដឹកទំនិញ​ដែល​ឆ្លងកាត់​សមុទ្រ​ក្រហម និង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ សហភាព​អឺរ៉ុប ក៏ដូចជា​អាមេរិក បាននិងកំពុង រិះរក​ដំណោះស្រាយ​ដើម្បី​ទប់ទល់។

ក្នុងនោះ សហរដ្ឋអាមេរិក​បាន​ប្រកាស​បង្កើត​ក្រុមការងារ​កងទ័ពជើងទឹក​រួមមួយ​ជាមួយ​ប្រទេស​ប្រមាណ១០ផ្សេងទៀត ដើម្បី​ចេញ​សកម្មភាព​យាមល្បាត​ដែនទឹក។ ក្នុងចំណោម​ប្រទេស​ទាំង១០ នោះ ក៏មាន​វត្តមាន​របស់​អេស្បាញ​ផងដែរ​ ខណៈដែល​ប្រទេស​នេះ​កំពុង​បង្ហាញ​ការមិនសប្បាយចិត្ត ចំពោះ​អាមេរិក​ដែល​មិនបាន​ជូនដំណឹង​ដល់​ខ្លួន​ជាមុន។

ការបង្ហាញ​មិន​សប្បាយចិត្ត​នេះ ព្រោះ​អេស្បាញ​បដិសេដ​មិន​ធ្វើ​សកម្មភាព​ឯកតោភាគី​នោះទេ ប៉ុន្តែ​អាចធ្វើ​បាន​ក្នុង​ក្របខ័ណ្ឌ​រួមជាមួយ​សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ។


ការណ៍​នេះ​បាន​នាំឱ្យ​នាយករដ្ឋមន្ត្រី​អេស្បាញ លោក Pedro Sanchez កាលពី​ថ្ងៃទី២៧ ខែធ្នូ បាន​អះអាងថា ប្រទេស​អេស្បាញ​ជំទាស់​នឹង​ការប្រើប្រាស់​កងកម្លាំង​ទ័ពជើងទឹក ក្នុងការ​ប្រឆាំងនឹង​ក្រុមហ៊ូធី ហើយ​ថា ​ខ្លួន​កំពុង​ពិចារណា​បង្កើត​បេសកម្ម​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក Sanchez បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​ឆន្ទៈ នឹង​បើកចំហ​ដើម្បី​ពិចារណា​ប្រតិបត្តិការ​បែបនេះ ប៉ុន្តែ​មិនមែន​នៅក្នុង​ក្របខ័ណ្ឌ​ដែល​យើង​អាច​យក​កងកម្លាំង​សហភាព​អឺរ៉ុប (Operation Atalanta) មក​ធ្វើ​ប្រតិបត្តិការ​នោះទេ»។


លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ត​ដែរ​ថា ស្ថានភាព​នៅ​សមុទ្រ​ក្រហម​គឺ ខុសគ្នា​ទាំងស្រុង ពី​តំបន់​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​សហភាព​អឺរ៉ុប​ដែល​កាន់កាប់​លើ​ដែនទឹក នៃ​មហាសមុទ្រ​ឥណ្ឌា។ 

ដោយឡែក ប្រតិបត្តិការ Operation Atalanta សំដៅលើ​កងកម្លាំង​ជើង​ទឹក​សហភាព​អឺរ៉ុប ដែលជា​ប្រតិបត្តិការ​យោធា​ដើម្បី​ការពារ​ដែនទឹក​នៅ​ភាគ​ខាងលើ​នៃ​ទ្វីប​អា​ហ្វ្រី​ក និង​មហាសមុទ្រ​ឥណ្ឌា​ភាគ​ខាងលិច។ 

ចាប់តាំងពី​ឆ្នាំ ២០១៩ មក ទីស្នាក់ការ​កណ្តាល​រប​ស់ Operation Atalanta បាន​ប្លា​ស់​ពី​ទីក្រុង​ឡុង​ដ៍​ទៅកាន់​តំបន់ Naval Station Rota (NAVSTA Rota) ក្នុងប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​អង់គ្លេស​ដកខ្លួន ចេញពី​សហភាព​អឺរ៉ុប។

ក្រុមហ៊ូធី​ គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​គ្រប់គ្រង​ភាគច្រើន​នៃ​ប្រទេស​យេ​ម៉ែន រួមទាំង​រដ្ឋធានី Sanaa ចាប់តាំងពី​ឆ្នាំ ២០១៤ បាន​វាយប្រហារ​កប៉ាល់​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម ដែល​ពួកគេ​ចោទប្រកាន់ថា​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល ឬ​កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​ដដែល​នេះ បានឱ្យដឹង​ទៀតថា ពួកគេ​នឹង​បន្ត​ការវាយប្រហារ​រហូតដល់​អ៊ីស្រាអែល​បញ្ឈប់​ជម្លោះ​នៅ​តំបន់​កា​ហ្សា ហើយ​ថា​ពួកគេ​នឹង​វាយបកភ្លាមៗទៅលើ​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក ប្រសិនបើ​ក្រុម​សម្ព័ន្ធមិត្ត​ណាមួយ​របស់ខ្លួន​ត្រូវ​រង​ការវាយប្រហារ។

យ៉ាងណាមិញ តាមរយៈ​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​នេះ កប៉ាល់​ដឹកទំនិញ​ជាច្រើន​បាន​ផ្អាក​ប្រតិបត្តិការ​ដឹកទំនិញ​ឆ្លងកាត់ សមុទ្រ​ក្រហម​តែម្ដង ជំនួស​ឱ្យ​ការធ្វើដំណើរ​វាង​ទ្វីប​អា​ហ្វ្រី​ក៕