នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមមន្ត្រីប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានព្រមព្រៀងសហការគ្នាកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយកំណើនចំនួនពលរដ្ឋធ្វើចំណាកស្រុកនៅតាមព្រំដែនប្រទេសទាំងពីរ។ កិច្ចសហការនេះធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់ភាគីទាំងពីរ បានជួបពិភាក្សាគ្នា ក្នុងគោលបំណងកាត់បន្ថយលំហូរចូលនៃជនចំណាកស្រុក។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken) ទៅកាន់ប្រទេសម៉ិកស៊ិក ប្រទេសទាំងពីរបានសន្យាថានឹងពង្រឹងការអនុវត្តកម្មវិធីគាំទ្រជនចំណាកស្រុកដែលមកពីប្រទេសវ៉េណេស៊ុយអេឡា គុយបា នីការ៉ាហ្គា និងហៃទីជាដើម។ បន្ថែមលើនេះ ពួកគេបានព្រមព្រៀងថានឹងពិនិត្យមើលទៅលើដំណោះស្រាយបញ្ហាចម្បងនៅពីក្រោយការធ្វើចំណាកស្រុកចេញពីប្រទេសទាំងអស់នោះ។
គួរដឹងដែរថា គណៈប្រតិភូតំណាងប្រទេសទាំងពីរ នឹងជួបពិភាក្សាគ្នាម្ដងទៀតនៅខែមករា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជជែកអំពីមធ្យោបាយជួយដល់អ្នកទទួលប្រយោជន៍ពីកម្មវិធី DACA ដែលជាគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក បង្កើតឡើងដើម្បីគាំពារជនអន្តោប្រវេសន៍ដែលគ្មានឯកសារមួយចំនួន ជាពិសេសកុមារមិនទាន់គ្រប់អាយុ។
គួររំឭកថា ជំនួបពិភាក្សាថ្មីៗនេះធ្វើឡើងក្រោយសហរដ្ឋអាមេរិកបានបិទព្រំដែនមួយចំនួនជាបណ្តោះអាសន្ន ដើម្បីផ្លាស់ប្ដូរទីភ្នាក់ងារទទួលបន្ទុក ដែលបណ្តាលឱ្យសកម្មភាពពាណិជ្ជកម្មនៅព្រំដែនបានធ្លាក់ចុះ ហើយគណបក្សសាធារណរដ្ឋបានរិះគន់គោលនយោបាយព្រំដែនរបស់លោក ចូ បៃដិន យ៉ាងខ្លាំង។
បញ្ហាអន្តោប្រវេសន៍ និងបញ្ហាព្រំដែនទំនងជានឹងក្លាយជាប្រធានបទសំខាន់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ដែលលោកប្រធានាធិបតី បៃដិន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមួយអាណត្តិទៀត។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដូ (Andres Manuel Lopez Obrador) បានប្រកាសថា ប្រទេសម៉ិកសិកនិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាបើកច្រកព្រំដែនឡើងវិញ បន្ទាប់ពីបានបិទបណ្តោះអាសន្នអស់មួយរយៈ។
លោកបានបញ្ជាក់ថា ជំនួបជាមួយអាមេរិកបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយផ្លែផ្កា ហើយថែមទាំងបានសរសើរនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្រោមការដឹកនាំរបស់លោក បៃដិន។
ក្នុងឆ្នាំ២០២៣ ជនចំណាកស្រុកជាង ៥ សែននាក់បានធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ ឆ្លងកាត់ព្រៃដារៀនហ្កាប (Darien Gap) ដែលជាព្រៃនៅព្រំដែនតភ្ជាប់ទ្វីបអាមេរិកខាងត្បូងទៅអាមេរិកកណ្តាល។ ចំនួននេះបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន។ ពួកគេភាគច្រើនកំពុងរត់គេចពីឧក្រិដ្ឋកម្ម ភាពក្រីក្រ និងជម្លោះស៊ីវិលនៅក្នុងប្រទេស ហើយព្យាយាមស្វែងរកឱកាសការងារនៅសហរដ្ឋអាមេរិក។
ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះ រួមទាំងគ្រួសារខ្លះមានក្មេងតូចៗផងនោះ កំពុងធ្វើដំណើរឆ្លងកាត់ព្រំដែនភាគខាងត្បូងប្រទេសម៉ិកស៊ិក ឆ្ពោះទៅកាន់ទឹកដីសហរដ្ឋអាមេរិក។ លោក ឡូប៉េស អូប្រាដូ បានលើកឡើងថា ជនចំណាកស្រុកទាំងនោះមានប្រមាណ ១៥០០ នាក់ ប៉ុន្តែក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយថាមានរហូតដល់ទៅ ៧ ពាន់នាក់។
លោក ឡូប៉េស អូប្រាដូ បានរំលេចថា បើទោះបីម៉ិកស៊ិកបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃពុធក៏ដោយ ប៉ុន្តែពួកគេមិនបានផ្ដោតលើបញ្ហាជួញដូរអាភៀនខុសច្បាប់ ដែលជួញដូរដោយក្រុមជួញដូរម៉ិកស៊ិកចូលទៅក្នុងសហរដ្ឋអាមេរិកនោះទេ។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកចង់ឱ្យម៉ិកស៊ិកដោះស្រាយបញ្ហាការជួញដូរអាភៀននេះ ខណៈដែលម៉ិកស៊ិកជំរុញឱ្យអាមេរិកដាក់ចេញវិធានការបញ្ឈប់ការជួញដូរអាវុធចូលក្នុងប្រទេសម៉ិកស៊ិកវិញផងដែរ៕