នៅឆ្នាំ២០២៣ នយោបាយថៃបានជួបនឹងបញ្ហាជាច្រើន ដោយគណបក្សឆ្ពោះទៅមុខ (Move Forward Party) មិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន បើទោះបីជាទទួលបានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីខែឧសភាក៏ដោយ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដែលជាឥស្សរជននយោបាយជើងចាស់មួយរូប បានសម្រេចចិត្តចូលនិវត្តន៍។ ការផ្សះផ្សារវាងក្រុមអាវក្រហម និងអាវលឿងកំពុងត្រូវបានគេរំពឹងថាអាចនឹងកើតមានឡើង។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគារ។
រីឯគណបក្សប្រជាធិបតេយ្យ (Democrat Party) កំពុងប្រឈមនឹងការធ្លាក់ចុះឥទ្ធិពលជាបន្តបន្ទាប់។
ជោគវាសនាអកុសលរបស់គណបក្សឆ្ពោះទៅមុខ
គណបក្សឆ្ពោះទៅមុខ (MFP) បានដើរតាមគន្លងចាស់របស់គណបក្សភឿថៃ ពោលគឺទទួលបាន ១៥១ អាសនៈនៅក្នុងសភាជាន់ទាប ប៉ុន្តែការព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះបរាជ័យ ដោយសារតែលោក ភិថា លិមចារើនរ៉ាត់ (Pita Limjaroenrat) ដែលជាមេដឹកនាំបក្ស មិនអាចប្រមូលសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាបានគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។
ម៉្យាងវិញទៀត លោក ភិថា ក៏កំពុងប្រឈមជាមួយនឹងសំណុំរឿងនៅតុលាការពាក់ព័ន្ធនឹងភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ។ បច្ចុប្បន្ននេះ លោក ភិថា បានលាលែងចេញពីតំណែងមេដឹកនាំបក្ស ជំនួសដោយមេដឹកនាំថ្មី លោក ឆៃថាវ៉ាត ធូឡាថន (Chaithawat Tulathon) ហើយក្លាយជាគណបក្សប្រឆាំងនៅក្នុងសភា។
ពលរដ្ឋថៃមួយចំនួនបានរិះគន់គណបក្សឆ្ពោះទៅមុខចំពោះការដែលបក្សមួយនេះមិនអាចបង្កើតរដ្ឋាភិបាលថ្មីបានជោគជ័យ ហើយថែមទាំងមានពាក្យចចាមអារ៉ាមថា គណបក្សនេះបានលួចចរចាជាមួយគណបក្សភឿថៃ ដើម្បីបានចូលដឹកនាំរដ្ឋាភិបាល។ គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃនឹងចេញសេចក្ដីសម្រេចលើសំណុំរឿងភាគហ៊ុនក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក ភិថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
ការចាកចេញរបស់លោក ប្រាយុទ្ធ បានចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីបានដឹកនាំអស់រយៈពេល ៩ ឆ្នាំ ដោយសារគណបក្សរបស់លោកបានចាញ់ការបោះឆ្នោត។ យ៉ាងណាក៏ដោយ លោកត្រូវបានតែងតាំងជាទីប្រឹក្សា បន្ទាប់ពីចុះចេញពីតំណែង។
ទោះបីជាលោកចង់ធ្វើជានាយករដ្ឋមន្ត្រីម្តងទៀតក៏ដោយ ប៉ុន្តែចំនួនអ្នកគាំទ្រគណបក្សទាំងពីររបស់លោក បានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យលោកបាត់បង់ឱកាសទាំងស្រុង។ បន្ទាប់មក នៅថ្ងៃទី១១ ខែកក្កដា លោកក៏បានប្រកាសចូលនិវត្តន៍ពីវិស័យនយោបាយ។
ការសន្យាបង្រួបបង្រួមភាគីជម្លោះ
ក្រោមការដឹកនាំរបស់មហាសេដ្ឋីអចលនទ្រព្យ លោក ស្រេថា ថាវីស៊ីន (Srettha Thavisin) រដ្ឋាភិបាលថៃបច្ចុប្បន្ន បានសន្យាថានឹងផ្សះផ្សារការបែកបាក់នយោបាយដែលប្រទេសថៃប្រឈមអស់ជាច្រើនឆ្នាំមកហើយ។
គណបក្សភឿថៃ បានសម្រេចជ្រើសតាំងបុរសវ័យ ៦១ ឆ្នាំរូបនេះ ជានាយករដ្ឋមន្ត្រី ដោយបានចាកចេញពីសម្ព័ន្ធភាពជាមួយគណបក្សឆ្ពោះទៅមុខ ទៅរួមដៃជាមួយគណបក្សដែលធ្លាប់ដឹកនាំរដ្ឋាភិបាលអាណត្តិមុន។ ការណ៍នេះត្រូវបានគេមើលឃើញថា វាជាឱកាសមួយក្នុងការបង្រួបបង្រួមក្រុមអាវក្រហម និងក្រុមអាវលឿង ដែលមានជម្លោះនឹងគ្នាជាយូរមកហើយ។
បញ្ហារបស់លោក ថាក់ស៊ីន នៅតែបន្ត
លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ហើយបានត្រឡប់ចូលប្រទេសថៃវិញ ដើម្បីអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៨ ឆ្នាំ ប៉ុន្តែលោកត្រូវបានបន្ធូរបន្ថយទោសដោយព្រះមហាក្សត្រមកនៅត្រឹម ១ ឆ្នាំ។ យ៉ាងណាមិញ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិសមួយ បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេល ១៣ ម៉ោងនៅទីក្រុងបាងកក ដោយសារតែលោកមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ អ្នកខ្លះបានលើកជាសំណួរដោយសង្ស័យថា តើលោកពិតជាត្រូវការការថែទាំនៅខាងក្រៅពន្ធនាគារប្រាកដមែនឬក៏យ៉ាងណា។ បន្ថែមលើនេះ នាយកដ្ឋានកែតម្រូវបានបង្កើតច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកទោសអាចអនុវត្តទោសនៅក្រៅពន្ធនាគារ ប៉ុន្តែច្បាប់នេះត្រូវបានគេមើលឃើញថា ជាច្បាប់បង្កើតឡើងដើម្បីជួយដល់លោក ថាក់ស៊ីន ឱ្យនៅក្រៅពន្ធនាគារ។
ការដួលរលំគណបក្សប្រជាធិបតេយ្យ
គណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលជាគណបក្សវ័យចំណាស់ជាងគេ កំពុងធ្លាក់ចុះឥទ្ធិពល បន្ទាប់ពីបានចាញ់ការបោះឆ្នោតកាលពីខែឧសភា។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនងផ្ទៃក្នុងបក្សក៏បែកបាក់គ្នារវាងបណ្ដាអ្នកដឹកនាំចាស់ និងបក្សពួកដែលដឹកនាំដោយលោក ឆាឡឺមឆៃ ស្រ៊ីអន (Chalermchai Sri-on) ដែលជាអ្នកដឹកនាំថ្មី។ បើទោះបីជាលទ្ធផលបោះឆ្នោតមិនល្អក៏ដោយ ក៏លោក ឆាឡឺមឆៃ នៅតែជាមេដឹកនាំ ប៉ុន្តែអនាគតរបស់គណបក្សមួយនេះនឹងមិនមានភាពប្រាកដប្រជានោះទេ៕