ប្រធានាធិបតី​តួ​ក​គី ​លោក រេស៊ីប តៃយីប អេរដូហ្គែន (Recep Tayyip Erdogan)  កាល​ពី​ថ្ងៃ​សៅរ៍​ទី​២ ធ្នូ​ បាន​ច្រាន​ចោល​ការ​បង្កើន​ការ​ដាក់​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​ ដែល​ទាម​ទារ​ឱ្យ​ក្រុង​អង់ការ៉ា​ ធ្វើ​ការ​ផ្ដាច់​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​ក្រុម​ហាម៉ាស់​​របស់​ប៉ាឡេស្ទីន​ ជុំ​វិញ​ជម្លោះ​ដ៏​ប្រល័យ​ជាមួយ​អ៊ី​ស្រាអែល​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

​ការ​ច្រាន​ចោល​នេះ​ ធ្វើ​ឡើង​​បន្ទាប់​ពី​​អនុរដ្ឋ​លេខាធិការ​រតនាគារ​សម្រាប់​ភេរវកម្ម​ និង​ស៊ើបការណ៍​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក​ លោក​ Brian Nelson ​បាន​ព្រមាន​​​អំពី​ទំនាក់​ទំនង​រវាង​តួកគី​ និង​ហាម៉ាស់​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​តួកគី​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​​

លោក​ Nelson ​និយាយ​ថា​ ​អាមេរិក​មិន​រក​ឃើញ​ថា​ក្រុម​ហាម៉ាស់​​ប្រើ​តួកគី​ដើម្បី​វេរ​ប្រភព​ចំណូល​របស់​​ខ្លួន​ទេ​ ក្រោយ​​ជម្លោះ​អ៊ីស្រាអែល​-ហាម៉ាស់​ផ្ទុះ​ឡើង​កាល​ពី​៨​សប្ដាហ៍​មុន​ទេ​។ ​


យ៉ាង​ណា​មិញ​ លោក​​​បញ្ជា​ក់​ថា​ ហាម៉ាស់​ធ្លាប់​ធ្វើ​បែប​នេះ​កាល​ពី​អតីត​កាល​ ហើយ​គួរ​តែ​ប្រើ​ច្បាប់​ក្នុង​ស្រុក​ដើម្បី​ទប់​ស្កាត់​សកម្មភាព​​នេះជៀស​វាង​ការវាយ​ប្រហារ​ «ភេរវកម្ម​» នា​ពេល​អនាគត​។ ​

ប្រតិកម្ម​ទៅ​នឹង​ការ​​លើក​ឡើង​​នេះ​ លោក​ អេរដូហ្គែន​ និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ អាមេរិក​ត្រូវ​តែ​ដឹង​ថា​ តួកគី​មិន​ចាត់​ទុក​ក្រុម​​ហាម៉ាស់​ ថា​ជា​ក្រុម​ភេរវកម្ម​នោះ​ទេ​ ហើយ​ក្រុម​នេះ​គឺ​ជា​បក្ស​នយោបាយ​ ដែល​ដឹក​នាំ​ប៉ាឡេស្ទីន​ ក្រោម​ការ​ជ្រើស​រើស​របស់​ប្រជាជន​ប៉ាឡេស្ទីន​។


លោក​​​​ថ្លែង​​យ៉ាង​ដូច្នេះ​ថា​៖​​​«​​យើង​បង្កើត​គោល​នយោបាយ​ការ​បរទេស​របស់​យើង​នៅ​​អង់ការ៉ា​ ដោយ​ស្រប​ទៅ​តាម​​ផល​ប្រយោជន៍​របស់​តួកគី​ និង​ការ​រំពឹង​ទុក​របស់​ប្រជាជន​យើង​»។ ​

លោក​បន្ត​ថា​៖ «​ខ្ញុំ​ប្រាកដ​ថា​ ដៃ​គូ​សន្ទនា​របស់​យើង​​​ពេញ​ចិត្ត​ចំពោះ​ជំហាន​គោល​នយោបាយ​ការ​បរទេស​ដែល​​ប្រកប​ដោយ​​តុល្យភាព​​របស់​យើង​ លើ​​វិបត្តិ​មនុស្ស​ធម៌​ និង​ជម្លោះ​បែប​នេះ​»​។

ការ​ថ្លែង​របស់ ​លោក​ អេរដូហ្គែន​ ធ្វើ​ឡើង​បន្ទាប់​ពី​​អ៊ីស្រាអែល​​បាន​បន្ត​ការ​វាយ​ប្រហារ​តាម​​អាកាស​របស់​ខ្លួន​ឡើង​វិញ​កាល​ពី​ថ្ងៃ​សុក្រ​ ក្រោយ​ភាគី​ទាំង​២​បរាជ័យ​ក្នុង​ការ​​បន្ត​បទ​ឈប់​បាញ់​​រយៈ​ពេល​​៧​​ថ្ងៃ​ ក្រោម​ថ្នូរ​ដែ​ល​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​​ ៨០ នាក់​ឱ្យ​អ៊ីស្រអែល​ ហើយ​អ៊ីស្រាអែល​ដោះ​លែង​អ្នក​ទោស​ប៉ាឡេស្ទីន​ ២៤០ នាក់​វិញ​។ 

ក្រុម​ហាម៉ាស់​បើក​ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​ នា​ដើម​ខែ​តុលា​ ដោយ​សម្លាប់​មនុស្ស​ប្រហែ​ល​ ១ ២០០ នាក់​ ដោយ​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​ និង​ចាប់​ខ្លួន​ចំណាប់​ខ្មាំង​ប្រមាណ​ ២៧០ នាក់​។ ប៉ុន្តែ​ការ​វាយ​បក​​របស់​អ៊ីស្រអែល​លើ​តំបន់​ហ្គាហ្សា​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ១៥ ០០០ នាក់​ ដែល ​៧០ ភាគ​រយ​ក្នុង​​ចំណោម​នោះ​ជា​ស្រ្តី​ និង​កុមារ​ រួច​ទៅ​ហើយ​មក​ទល់​ពេល​នេះ​​៕​