​ប្រមុខ​ដឹកនាំ​តួ​ក​គី​ ដែលមាន​ជម្លោះ​ជាមួយ​លោកខាងលិច​លើ​បញ្ហា​ជម្លោះ​អ៊ី​ស្រា​អែល​-​ប៉ា​ឡេ​ស្ទី​ន និង​បានបង្ហាញ​ការ​គាំទ្រ​ចំពោះ​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់ ដោយបាន​ហៅ​ក្រុម​នោះ​ថា ជា​ក្រុម​រើបម្រះ (Liberation Group) បាន​អះអាង​ជាថ្មី​ក្នុង​ការនាំយក​ប្រ​​មុខ​ដឹកនាំ​រដ្ឋាភិបាល​អ៊ី​ស្រា​អែល​ឱ្យទទួល​ខុសត្រូវ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​(ICC)​ ចំពោះ​អំពើ​ឃោរឃៅ​ដែល​ពួក​គេ​សម្រេចចិត្ត​ធ្វើសង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​ដែល​រហូតមក​ដល់ពេលនេះ​សម្លាប់​ជន​ស៊ីវិល​យ៉ាងហោច ​១៥ ០០០​ នាក់​។​

​ការបង្ហាញ​ជំហរ​អរិភាព​ប្រឆាំង​អ៊ី​ស្រា​អែល​ចុងក្រោយ​នេះ​របស់​ប្រធានាធិបតី​តួ​ក​គី​លោក រ៉េ​ស៊ី​ប តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន (Recep Tayyip Erdogan) គឺ​នៅពេល​លោក​ត្រឡប់​ពី​ចូល​រួម​នៅក្នុង​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ (COP28)​ ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម​ជាទី​ដែល​លោក​បាន​ជួប​ប្រមុខ​ដឹកនាំ​រដ្ឋ​អារ៉ាប់​ជាច្រើន​។​

​ទីភ្នាក់ងារសារព័ត៌មាន​តួ​ក​គី Anadolu បាន​ដកស្រង់​សម្តី លោក អេ​រ​ដូ​ហ្គែ​ន ដូច​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖«​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថ​ភាព​ដើម្បីឱ្យ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ [​អ៊ី​ស្រា​អែល​] ចំពោះ​អំពើ​ប្រល័យពូជសាសន៍​នេះ​។ នេះ​គឺជា​សញ្ញា​ខ្មៅ​មិន​ត្រឹមតែ​លើ​រដ្ឋាភិបាល​របស់ [​នាយក​រដ្ឋ​​មន្ត្រីអ៊ី​ស្រា​អែល Benjamin] ប៉ុណ្ណោះ​ទេ ថែមទាំង​លើ​ប្រទេស​ទាំងនោះ​ដែល​គាំទ្រ​ដោយ​ឥត​លក្ខខណ្ឌ​ផងដែរ​។ ហើយ ពួកគេ​ក៏​នឹងត្រូវ​បង់ថ្លៃ​ចំពោះ​ភាព​មិនដឹងមិនឮ​ជាច្រើន​ឆ្នាំកន្លងមក​។ ពិភពលោក​នឹងមិន​ភ្លេច​ពី​ភាពលម្អៀង​នេះ​ទេ​»​។​


​តាម​សារព័ត៌មាន​ដដែល​លោក អេ​រ​ដូ​ហ្គែ​ន បាន​លាត​ត្រដាង​ឱ្យដឹងថា មេធាវី​ប្រហែល ៣០០០​ នាក់​រួមទាំង​មេធាវី​តួ​ក​គី​ផង បានដាក់​ញត្តិ​ទៅ ICC ទាក់ទង​នឹង​សកម្មភាព​របស់​អ៊ីស្រា​អែល​នៅ​ហ្គា​ហ្សា​។​

«​មេធាវី​ប្រហែល ​៣ ​ពាន់​នាក់​បានដាក់​ពាក្យស្នើសុំ​ចាំបាច់​ទៅកាន់ ICC នៅ​ទី​ក្រុងឡាអេ​។ លោក Netanyahu ដែលមាន​បាតដៃ​ប្រឡាក់​ឈាម​នឹង​ទទួលបាន​ការដាក់ទណ្ឌកម្ម​ជា​ចាំបាច់​»​។​


​លោក​ក៏បាន​និយាយ​ផងដែរ​ថា ប្រទេស​តួ​ក​គី​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បីឱ្យអ៊ី​ស្រា​អែល​ទទួលខុសត្រូវ ដោយ​និយាយថា​៖«​យើង​នឹងមិន​បំភ្លេច​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ​ទេ ហើយ​យើង​នឹងមិន​ទុកឱ្យ​អ្នកផ្សេង​បំភ្លេច​វា​ដោយ​ស្រួល​ឡើយ​។ មិនយូរ​មិនឆាប់ អ៊ី​ស្រា​អែល​នឹង​ចំណាយ​ចំពោះ​រឿង​នោះ​»​។​​

សារព័ត៌មាន The NEWARAB បាន​ផ្សាយ​ថា ក្រុម​សិទ្ធិមនុស្ស​ប៉ា​ឡេ​ស្ទី​ន​បាន​អំពាវនាវ​ឱ្យ​ប្រធាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan ចូលរួម​ដោយផ្ទាល់​ជាមួយ​ជនរងគ្រោះ​ប៉ា​ឡេ​ស្ទី​ន​ពី​ការឈ្លានពាន​របស់​អ៊ី​ស្រា​អែល​។​

​មជ្ឈមណ្ឌល Al Mezan សម្រាប់​សិទ្ធិមនុស្ស Al-Haq និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ប៉ា​-​ឡេ​ស្ទី​ន​ បាន​សម្តែង «​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​» លើ​អ្វីដែល​ពួកគេ​បាន​និយាយថា​ជា «​ការ​​ពន្យារពេល​ដ៏​យូរ​» នៅក្នុង​ការចូលរួម​ដោយផ្ទាល់​របស់ ប្រធាន​តុលាការ ICC ជាមួយ​ជនរងគ្រោះ ជាពិសេស​នៅក្នុង​តំបន់​ហ្គា​ហ្សា​។​

​ក្រុម​សិទ្ធិមនុស្ស​បា​នប​ន្ថែ​ម​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា Khan មិនមាន​ពេល​ដើម្បី​ជួប​ជាមួយ​ជនរងគ្រោះ​ប៉ា​ឡេ​ស្ទី​ន និង​អ្នកតំណាង​ផ្លូវច្បាប់​របស់​ពួកគេ ដោយ​និយាយថា «​សំណើ​ជាច្រើន​» ត្រូវបាន​ធ្វើឡើង​ចាប់តាំងពី​ប្រធាន​-​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​ចូលកាន់​តំណែង​ក្នុង​ខែមិថុនា ឆ្នាំ ​២០២១​។​

​យោងតាម​ការចុះផ្សាយ​ដដែល នៅ​ខែមីនា​ឆ្នាំ​នោះ ប្រធាន​រដ្ឋ​​អាជ្ញា ICC លោក Fatou Bensouda បានប្រកាស​ពី​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​នៅ​ប៉ា​ឡេ​ស្ទី​ន​ចាប់តាំងពី​ថ្ងៃទី​ ១៣ ខែមិថុនា ឆ្នាំ ​២០១៤​។ ការស៊ើបអង្កេត​ដែល​កំពុង​បន្ត​គ្របដណ្តប់​លើ​សកម្មភាព​របស់​ប៉ា​ឡេ​ស្ទី​ន និង​ជនជាតិ​អ៊ី​ស្រា​អែល​។​

​ទោះ​មានការ​ចោទប្រកាន់ ប៉ុន្តែ​ទង្វើ​បង្កហេតុ​របស់​ក្រុម​ហា​ម៉ាស់​លើអ៊ីស្រា​អែល​ធ្វើឱ្យ​បស្ចិម​លោក ឈរ​ជាមួយ​អ៊ី​ស្រា​អែល និង​ផ្តល់​ការគាំទ្រ​យ៉ាងច្រើន​៕