តុលាការ​ក្រុង​ហូជីមិញ​នៃ​ប្រទេស​វៀតណាម​ បាន​កាត់​ទោសស្រ្តី​​អ្នក​ជំនួញ​សញ្ជាតិ​វៀតណាម​-អាមេរិក​ ម្នាក់​ឱ្យ​ជាប់​ពន្ធ​នាគារ​អស់​ជីវិត​ ពី​បទ​ក្លែង​បន្លំ​ឯកសារ​ដើម្បី​លក់អាផាតមិន​ ៨០ល្វែង​​ ហើយកិប​កេង​​ប្រាក់​ចំនួន​ ៣០៩ ពាន់​លាន​ដុង​ (១២,៧ លាន​ដុល្លារ​អាមេរិក​) ពី​​ជន​រងគ្រោះ​ចំនួន​​៥០​នាក់​។​ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress កាល​ពី​ថ្ងៃ​សៅរ៍​ទី​៣០​ខែ​ធ្នូ​ឆ្នាំ២០២៣។ 

ស្រ្តី​រូប​នោះ​ឈ្មោះ​ ​Vu Bao Trinh ​អាយុ ​៥០​ ឆ្នាំ​ និង​ជា​​ម្ចាស់​ក្រុមហ៊ុន​ Nam Thi Real Estate Co. Ltd ​រង​ការ​កាត់​ទោស​ពី​បទ​ «​ក្លែង​បន្លំ​ទ្រព្យ​សម្បត្តិ​»​។ ក្នុង​សំណុំ​រឿង​ដដែល​ ​លោក​ Van Chi Tam ​ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន Nam Thi​ រង​ការ​កាត់​ទោស​ឱ្យ​ជាប់​គុក​ ១៧ ឆ្នាំ​ ខណៈបុរស​​អ្នក​សម​គំនិត​ម្នាក់​ទៀត​ឈ្មោះ​​ Hoang Thai Anh ​ត្រូវ​ជាប់​ទោស​ជាប់​គុក​​ ១៦​ឆ្នាំ​។

បើ​យោង​ទៅ​តាម​ក្រុម​ចៅក្រម​ លោក​ស្រី​ Trinh ​បាន​បញ្ជា​ឱ្យ​លោក​ Tam ​និង​​លោក​ Anh​ប្រព្រឹត្ត​ការ​ក្លែង​បន្លំ​ ​ហើយ​ពួក​គេ​នឹង​​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពី​ប្រាក់​​ចំនួន​ ៣០៩ ប៊ីលាន​ដុង​ ដែល​ពួក​គេ​កិប​កេ​ង​ពី​​ជន​រង​គ្រោះ​ចំនួន​ ៥០ នាក់​។ ដូច្នេះ​​ លោក​ស្រី​ Trinh ត្រូវ​ទទួល​ខុស​ត្រូវ​ផង​ដែរ​​ចំពោះ​សំណង​ដល់​ជន​រងគ្រោះ​។​


​​កាសែត​ VnExpress ​ផ្សាយ​ថា​​ ក្រុម​ហ៊ុន​ Nam Thi​ ដែល​ជា​​ក្រុម​ហ៊ុនសាង​សង់​អគារ​ការិយាល័យ ​និង​អាផាតមិន​ La Bonita ​ក្នុង​ក្រុង​ហូជីមិញ​ បាន​​ដាក់​បញ្ចាំ​​អាគារ​នោះ​​ទៅ​ឱ្យធនាគារ​ Rubber Finance Company ​ ​ដើម្បី​ទទួ​ល​បាន​ប្រាក់​កម្ចី​ចំនួន​ ៩៥​ ប៊ីលាន​ដុង​។​

​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​​​​នោះ​ ក្រុមហ៊ុន​របស់​លោក​ស្រី​ Trinh ​គ្មាន​សិទ្ធិ​​លក់​អាផាតមិន​ណា​មួយ​ក្នុង​អំឡុង​ពេល​ដាក់​បញ្ចាំ​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ធនាគារ​ Rubber Finance នោះ​ទេ​។


យ៉ាង​ណា​មិញ​ លោក​ស្រី​ Trinh ​បាន​ប្រាប់​លោក​​ Tam និង​លោក​ Anh​ ឱ្យ​លក់​អាផាតមិន​ ​La Bonita។ ​លោក​​ Tam និង​ លោក​ Anh​​ ថែម​ទាំង​លក់​អាផាត​មិន​ជាន់​គ្នា​ ទៅ​ឱ្យ​ជន​រង​គ្រោះ​​ច្រើន​គ្នា​ទៀត​ផង​។ ​អង្គការ ​និង​បុគ្គល​ចំនួន​ ៨៨ ​បាន​ទិញ​អាផាតមិន​ចំនួន​ ១១៨​ ​ក្នុង​តម្លៃ​ ៤៨៥ ​ប៊ីលាន​ដុង​ ហើយ​ក្រុមហ៊ុន​ Nam Thi​ ទទួល​​បាន​​ប្រាក់​​ ៤២៣ ​ប៊ី​លាន​ដុង​។

​​ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត ​មាន​តែ​បុគ្គល​ និង​អង្គការ​ចំនួន​៥០​ ប៉ុណ្ណេះ​ បាន​ចោទ​ប្រកាន់​លោក​ស្រី​ Trinh ​និង​អ្នក​សមគំនិត​ថា​បាន​បោក​ប្រាស់​ពួក​គេ​ ហើយ​ចំនួន​ទឹក​ប្រាក់​បាត់​បង់​ដែល​​ពួក​គេ​លើក​ឡើង​គឺ​៣៣២​ ប៊ីលាន​ដុង​។ ​

លោកស្រី​ Trinh ​បាន​ប្រគល់​ប្រាក់​ទៅ​វិញ​ចំនួន​ ២៣ ប៊ីលាន​ដុង​ ហើយ​កិប​កេង​ជាង​ ៣០៩ ប៊ីលាន​ដុង​ ដូច​មាន​ក្នុង​សាកក្រម​របស់​តុលាការ​៕​