រដ្ឋាភិបាល​ប្រទេស​ចិន​បាន​ហៅ​បេក្ខភាព​ជួរមុខ​សម្រាប់​តំណែង​ប្រធានាធិបតី​បន្ទាប់​របស់​តៃវ៉ាន់​ថា​ជា​អ្នកប្រឆាំង​និង​ជា​អ្នក​បំផ្លាញ​សន្តិភាព​បន្ទាប់ពី​លោក​បាន​និយាយ​នា​ការជជែក​ដេញដោល​ប្រធានាធិបតី ថា​អធិបតេយ្យភាព​និង​ឯករាជ្យ​របស់​កោះ​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​របស់ខ្លួន។

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​សភា​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី១៣ខែមករា​ឆ្នាំ២០២៤ កំពុងតែ​កើតឡើង​ ចំ​ពេលដែល​ទំនាក់ទំនង​កំពុង​អាក្រក់​រវាង​ទីក្រុង​ប៉េកាំង​និង​តៃប៉ិ។ ប្រទេស​ចិន​បាននិងកំពុង​បង្កើន​សម្ពាធ​យោធា​ដើម្បី​អះអាង​ការទាមទារ​អធិបតេយ្យភាព​របស់ខ្លួន​ជុំវិញ​ការគ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ​តៃវ៉ាន់។

ប្រទេស​ចិន​បាន​តាមដាន​ពិសេស​ចំពោះ​អនុ​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Lai Ching-te ដែលជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់អំណាចរ​បស់​តៃវ៉ាន់ (DPP) និង​នាំមុខ​ក្នុង​ការស្ទង់មតិ​ដោយ​លើកឡើងថា​លោក​ជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់។


ឆ្លើយតប​ចំពោះ​ការអត្ថាធិប្បាយ​របស់លោក Lai កាលពី​យប់​ថ្ងៃទី៣០ខែធ្នូ​នៅឯ​ការជជែក​ដេញដោល​របស់​ប្រធានាធិបតី​តាម​កញ្ចក់​ទូរទស្សន៍ ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន​បាន​និយាយថា​លោក Lai បាន​លាតត្រដាង​មុខមាត់​ពិត​របស់គាត់​ថា​ជា «មនុស្ស​រឹងរូស​ដើម្បី​ឯករាជ្យភាព​តៃវ៉ាន់​និង​ជា​អ្នក​បំផ្លាញ​សន្តិភាព​របស់​តៃវ៉ាន់»។

អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន​លោក Chen Binhuaបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ពាក្យ​របស់គាត់​គឺ​ពោរពេញ​ដោយ​គំនិត​ប្រឆាំង»។


លោក Chen ធ្លាប់បាន​និយាយ​តាំងពី​ឆ្នាំ២០១៦នៅពេលដែល​ប្រធានាធិបតី​បច្ចុប្បន្ន​លោកស្រី Tsai Ing-wen ចូលកាន់​តំណែង​ថា​រដ្ឋាភិបាល​ដឹកនាំ​ដោយ DPP បាន​ជំរុញឱ្យមាន​ការ​បំបែក​ខ្លួន​ជា​មេ​ឧក្រិដ្ឋកម្ម​និង​ធ្វើឱ្យ​ខូច​ផលប្រយោជន៍​របស់​ប្រជាជន​តៃវ៉ាន់។

មិន​ខុសពី​គូរ​ប្រជែង​ដ៏​សំខាន់​របស់លោក Lai នៅក្នុង​ការបោះឆ្នោត​គឺ​លោក​Hou Yu-ihមកពី​គណបក្សប្រឆាំង​ដ៏​ធំ​បំផុត​របស់​តៃវ៉ាន់​គឺ Kuomintang (KMT) គណបក្ស DPP ក៏​និយាយ​ស្រដៀង​គ្នា​ដូច្នេះ​ថា​មានតែ​ប្រជាជន​តៃវ៉ាន់​ទេ​ដែល​អាច​សម្រេចចិត្ត​អនាគត​របស់​ពួកគេ។

ទោះយ៉ាងណា​ក្តី​ជាធម្មតា​គណបក្ស KMT ត្រូវបាន​គេ​យល់ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ខ្លាំង​បើ​ទោះ​ពួកគេ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា​មិនមាន​គាំទ្រ​ទីក្រុង​ប៉េកាំង​ក៏ដោយ៕