អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយថា រុស្ស៊ី​មិនដែល​​ដាក់​​ឱសានវាទ ឬ​ការចោទប្រកាន់​ណាមួយ​ឡើយ បន្ទាប់​ពី​​ភាគីអ៊ុយក្រែន​​អះអាង​ពី​គ្មាន​​កា​រសន្ទនាសន្តិភាព​ក្នុងពេលកន្លងមកនោះទេ។ ​​


ការ​​អត្ថាធិប្បាយ​​​របស់​មន្ត្រី​នាំ​ពាក្យ​នេះ កើត​មាន​ឡើង​​បន្ទាប់​ពី​ទីប្រឹក្សា​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក Mikhail Podolyak ដែល​បាន​និយាយថា​នឹងមិន​មាន​កិច្ចចរចា​​ជាមួយ​រុស្ស៊ី​ទេ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS មន្ត្រី​នាំពាក្យ​រូបនេះ បាន​រំឭក​ពី​ការចោទប្រកាន់​របស់​​ភាគី​អ៊ុយក្រែន​ដែលថា​រុស្ស៊ី​នឹង​ទទួលយក«ការទាមទារ​ឱសានវាទ​នៅ​កម្រិត​ខ្ពស់បំផុត»។ 


មាន​ការ​វិភាគ​កន្លង​មក​បាន​លើក​ឡើង​ថា រុស្ស៊ី​​​ទទួល​យក​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ផ្ទាល់​​លើបញ្ហា​អ៊ុយក្រែន ដោយ​មិន​​​​ចរចា​ជាមួយ​អ៊ុយក្រែន​លើ​វិបត្តិ​ដែល​កំពុង​កើត​មាននៅអ៊ុយក្រែន​ឡើយ។ 


ទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​លើ​ទីក្រុង Belgorod និង​តំបន់ Belgorod តាំងពី​ល្ងាច​ថ្ងៃ​សុក្រ។ ​ការ​បាញ់ផ្លោង​ចុងក្រោយបង្អស់​ត្រូវបាន​​សំដៅ​​កាន់​ទីប្រជុំជន Belgorod ជាមួយនឹង​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​ពី​គ្រាប់​រ៉ុក្កែត​ជាច្រើន​ដែល​ផលិត​ដោយ​ឆេ​ក។


យ៉ាងហោចណាស់​មនុស្ស ១៤នាក់ រួមទាំង​កុមារ ២នាក់​បាន​ស្លាប់ និង ១០៨​នាក់​ផ្សេងទៀត​បាន​រងរបួស។ យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី ប្រព័ន្ធ​ការពារ​ដែនអាកាស​បាន​ស្ទាក់ចាប់​ទាំង​មី​ស៊ី​ល​បាន​​ភាគច្រើន។ បើ​មិន​ដូច្នេះ​ទេ ផលវិបាក​នឹង​កាន់តែ​ធ្ងន់ធ្ងរទៅ។

ភាគី​អ៊ុយក្រែន​ក៏បាន​បង្ហាញ​ថា រុស្ស៊ី​បាញ់ផ្លោង​​និង​ប្រើយន្តហោះ​គ្មានមនុស្ស​បើក​បាញ់​ប្រហារ​ក្រុងជាច្រើន​​​នៅអ៊ុយក្រែន បង្ក​ឱ្យ​មានអ្នកស្លាប់​និង​របួសយ៉ាងច្រើន ជាពិសេស​ជនស៊ីវិល៕​