​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យ ទី​ ៣១​ ​ខែធ្នូ​ថា ប្រទេស​កូរ៉េខាងជើង​គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​ចំនួន​ ៣​ បន្ថែមទៀត​នៅ​ឆ្នាំ ២០២៤ ដែលជា​ផ្នែក​នៃ​ការខិតខំ​ប្រឹងប្រែង​ជំរុញ​កម្លាំងយោធា​របស់​ខ្លួន​។​


KCNA ផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​ភារកិច្ច​នៃ​ការបាញ់​បង្ហោះ​ផ្កាយ​​រណប​ចារកម្ម​បន្ថែមចំនួន ​៣​ នៅ​ឆ្នាំ​ ២០២៤ ត្រូវបាន​ប្រកាស​» ជាការ​សម្រេចចិត្ត​គោ​លន​យោ​បាយ​ដ៏​សំខាន់​មួយ​សម្រាប់​ឆ្នាំ​ក្រោយ​នៅឯ​កិច្ចប្រជុំ​បក្ស​ចុងឆ្នាំ​រយៈពេល ​៥ ​ថ្ងៃ​ដែល​បាន​បញ្ចប់ទៅ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ចូល​រួម​ដោយ​លោក គីម ជុង​អ៊ុន​។

​ការប្រកាស​ស្ដីពី​ផែនការ​បង្ហោះ​ផ្កាយរណប​ចារកម្ម​បន្ថែម​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​មួយ​ចូលទៅក្នុង​គន្លង​តារាវិថី​កាលពី​ខែ​មុន ហើយ​អះអាង​ចាប់តាំងពី​ពេលនោះ​មក​ថា ផ្កាយរណប​នោះ​ចាប់បាន​រូបភាព​នៃ​ទីតាំង​យោធា​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​។​


​វឌ្ឍនភាព​ចុងក្រោយ​នេះ​កើតឡើង​ក្នុង​ឆ្នាំ​ជាមួយគ្នា ដែល​គេ​មើលឃើញថា កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​ផ្សេងៗ ​រួមទាំង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ដល់កំណត់​ត្រា​ថ្មី ដោយ​ទម្លាក់​កំ​ហុ​ស​ទៅ​ការគំរាមកំហែង​កាន់តែ ខ្លាំង​ឡើង​ពី​សហរដ្ឋ អាមេរិក​។​


​លោក ជុង​អ៊ុន បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ចុងឆ្នាំ​ថា​៖«​សហរដ្ឋអាមេរិក ដែល​បាន​បង្ក​អស្ថិរភាព​នយោបាយ​ជា​យូរ​មកហើយ​នៅលើ​ឧបទ្វីប​កូរ៉េ នៅតែ​បន្ត​បង្ក​ការគំរាមកំហែង​ផ្នែក​យោធា​ជាច្រើន​មុខ​ដល់​ប្រទេស​របស់​យើង ទោះបីជា​ឆ្នាំ ​(២០២៣)​ ជិត​បញ្ចប់​ទៅហើយ​ក្ដី​»​។


​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​រួមមាន​កូរ៉េខាងត្បូង និង​ជប៉ុន បាន​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​នៅ​ឆ្នាំនេះ ដើម្បី​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ដោយ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​ពី​កូរ៉េ​ខាងជើង ព្រម​ទាំ​ង​បាន​បង្កើត​ប្រព័ន្ធ​មួយ​ដើម្បី​ចែករំលែក​ទិន្នន័យ​តាម​ពេលវេលា​ជាក់​ស្តែង​ជាមួយគ្នា លើ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​អាមេរិក​កាលពីដើម​ខែធ្នូ​បាន​រំកិល​នាវាមុជទឹក​ដើរ​ដោយ​ថា​ម​ពល​នុយក្លេអ៊ែរ​របស់ខ្លួន​ទៅដល់​ក្រុង​កំពង់ផែ​ប៊ូសាន​របស់​កូរ៉េខាងត្បូង ហើយ​បាន​ប្រើ​យន្ត​​ហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​ក្នុង​សមយុទ្ធ​នោះ​។​

​កូរ៉េខាងជើង​ធ្លាប់បាន​ពណ៌នា​សកម្មភាព​យោធា និង​ការដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​របស់​អាមេរិក ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ ​B-52 នៅក្នុង​សមយុទ្ធ​រួមគ្នា​ថា​ជា​«​ចលនា​បង្កហេតុ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​»៕ ​