​ប្រទេស​ចិន​បាន​ដក​មន្ត្រី​យោធា​ចំនួន​ ៩ ​រូប​ចេញពី​សភា ក្នុងនោះ​ក៏មាន​ទាំង​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​មួយចំនួន​ដែល​ពួកគេ​កំពុង​បម្រើការ​នៅ​អង្គភាព​កងទ័ព​មី​ស៊ី​ល​កាលពី​ថ្ងៃទី ​២៩  ខែធ្នូ​ឆ្នាំ​ ២០២៣​។ នេះ​គឺជា​ការរុះរើ​រចនាសម្ព័ន្ធ​ដឹកនាំ និង​រៀបចំ​ឡើងវិញ​បន្ទាប់ពី​ចិន​បានតែងតាំង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ថ្មី​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ីន ហួ​ (Xinhua)​ បាន​រាយការណ៍​ពី​ការ​សម្រេចចិត្ត​របស់​សភា​ចិន​នេះ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​កន្លងមកនេះ​បន្ទាប់ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​កណ្តាល​របស់​បក្ស​កុម្មុយនីស្ត​ចិន​បាន​បញ្ចប់ទៅ​។ យ៉ាងណាក៏ដោយ គេ​មិនឃើញ​មានការ​ពន្យល់​អំពី​មូល​ហេតុដែល​មន្ត្រី​ទាំងអស់នោះ​ត្រូវបាន​ដក​ចេញពី​តំណែង​នោះទេ​។​

​ការដក​មន្ត្រី​យោធា​ចេញពី​តំណែង​ជា​បន្តបន្ទាប់​នេះ គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ផ្លាស់ប្តូរ​ក្នុង​កំណែទម្រង់​ជួរ​មន្ត្រី​យោធា ដោយបាន​ចាប់ផ្តើម​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក លី សា​ហ្វ៊ូ (Li Shangfu)​ ដែល​ត្រូវបាន​បណ្តេញចេញ​ភ្លាមៗ​នៅក្នុង​ខែតុលា ធ្វើឱ្យ​ក្ដី​រំពឹង​ដែលថា​លោក​អាច​នឹង​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅកាន់​តំណែង​ផ្សេង​ត្រូវ​បានបញ្ចប់​។​


​លោក លី ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​កាលពី​ខែមីនា ប៉ុន្តែ​បាន​បាត់​មុខ​ពី​សាធារណជន​ក្នុង​ខែសីហា​។ ក្រោយមកទៀត លោក​ត្រូវបាន​បណ្តេញចេញ​ជា​ផ្លូវការ​ក្នុង​ខែតុលា​។ កាលពី​ថ្ងៃ​សុក្រ ទីក្រុង​ប៉េកាំង​បានតែងតាំង​លោក តុង ជុន (Dong Jun)​ ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​ជំនួស​វិញ​ដើម្បី​ដឹកនាំ​បន្ត បន្ទាប់ពី​តំណែង​មួយ​នេះ​នៅ​ទំនេរ​អស់​ប៉ុន្មាន​ខែ​មក​។​

​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក៏​ឃើញ​មានការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​នៃ​កងកម្លាំង​គ្រាប់​រ៉ុក្កែត​សម្ងាត់​របស់​ចិន ដែលជា​អង្គភាព​កងទ័ព​ទទួល​បន្ទុក​ត្រួតពិនិត្យ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ប៉េកាំង​។ កំណែទម្រង់​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ស្ដីពី​ការស៊ើបអង្កេត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​អតីត​មេ​ដឹកនាំ​របស់​អង្គភាព​នេះ​ផ្ទាល់​។​


​ក្នុងចំណោម​មន្ត្រី​៩​នាក់​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តួនាទី គឺជា​អតីត​មេដឹកនាំ​កំពូល ឬ​ជា​មេដឹកនាំ​បច្ចុប្បន្ន​នៅក្នុង​អង្គភាព​កងកម្លាំង​គ្រាប់​រ៉ុក្កែត​របស់​យោធា​ចិន ហើយ​មាន​ម្នាក់​ជា​អតីត​មេបញ្ជាការ​កងទ័ពអាកាស​ទៀតផង​នេះ​បើ​យោងតាម​ការ​រាយ​​ការណ៍​ដោយ​កាសែត South China Morning Post​។​

​យោងតាម​កាសែត​ដដែល​ខាងលើ បាន​រៀបរាប់ថា មន្ត្រី​ ២​ រូប​ក្នុងចំណោម​មន្ត្រី​ដែល​ត្រូវបាន​បណ្តេញចេញ​បាន​បម្រើការ​នៅក្នុង​នាយកដ្ឋាន​ទាក់ទង​នឹង​ការអភិវឌ្ឍ​ឧបករណ៍​យោធា​សម្រាប់​គណៈកម្មការ​មជ្ឈិម​យោធា (CMC) និង​ម្នាក់ទៀត​ជា​មេបញ្ជាការ​នៅក្នុង​កង​នាវាចរ​។​

​យោងតាម​ក្រុមហ៊ុន SinoInsider ដែលជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​និង​ធ្វើការ​លើ​បញ្ហានយោបាយ​ចិន បាន​លើកឡើងថា ការដកចេញ​នូវ​មន្ត្រី​យោធា​ទាំង​ ៩ ​រូបនេះ បានធ្វើ​ឡើង​ដោយ​មានការ​ស៊ើប​អង្កេត​ទៅលើ​ពួកគេ​ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​លើ​បញ្ហា​នេះ​៕