​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​កាន់តែ​ផ្ទុះ​ខ្លាំង​នៅ​ចុងឆ្នាំ​ ២០២៣ ខណៈ​ជម្លោះ​ប្រដាប់​​អាវុធ​នៃ​ប្រទេស​ទាំងពីរ​បាន​ឈានចូល​ខែ​ទី ​២៣ និង​មិនទាន់មាន​សញ្ញា​នៃ​ការបញ្ចប់​សង្គ្រាម​នៅឡើយ ដោយសារ​ជិត​ ២ ​ឆ្នាំ​កន្លងមកនេះ ភាគី​ទាំងពីរ​តែង​ច្រានចោល​លទ្ធភាព​ចរចា​ដែល​ស្នើឡើង​ដោយ​ភាគី​ម្ខាង​ទៀត​។

​នៅ​ថ្ងៃទី​ ៣០ ​ខែធ្នូ ភាគី​រុស្ស៊ី​បាន​ចោទ​ប្រកាន់​អ៊ុយ​ក្រែ​ន​ថា បាន​វាយប្រហារ​ទីក្រុង Belgorod ដោយ​មី​ស៊ី​ល និង​គ្រាប់​រ៉ុក្កែត ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៨ នាក់ និង​រាប់សិប​នាក់​ទៀត​រងរបួស​ខណៈ​អំឡុង​ ២ ​ថ្ងៃ​ចុងក្រោយ​គឺ​ថ្ងៃ ទី​២៩​ និង​ ៣០ ​ខែធ្នូ ភាគី​អ៊ុយ​ក្រែ​ន​បាន​ចោទ​​ប្រកាន់​រុស្ស៊ី​វិញ​ថា បាន​បាញ់ស្រោច​មី​ស៊ី​ល​សំដៅ​ទីក្រុង​កៀវ ទីក្រុង​ខា​កៀវ​ដោយបាន​សម្លាប់​ប្រជាជន​ស៊ីវិល​ជាច្រើន​នាក់​។ នេះ​យោង​សេចក្តីរាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP និង​រ៉​យ​ទ័​រដាច់​ដោយឡែក​ពីគ្នា​។​

​នៅ​ទីក្រុង ខា​កៀវ (Kharkiv) ជាទី​ក្រុង​ធំ​ទី​ពីរ​របស់​អ៊ុយ​ក្រែ​ន រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា រុស្ស៊ី​បាន​វាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​ភ្លោះ​កាលពី​ថ្ងៃទី​ ៣០​ ខែធ្នូ បណ្តាលឱ្យ​មនុស្ស​យ៉ាងតិច​ ២១ ​នាក់​បាន​រងរបួស​។ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ក៏បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ផងដែរ​។​


​ការវាយប្រហារ​របស់​រុស្ស៊ី​បានសម្លាប់​ជន​ស៊ីវិល​យ៉ាងតិច​ ៣១​ នាក់​ក្នុងការ​វាយ​​លុក​តាម​អាកាស​ដ៏​ធំ​បំផុត​របស់ខ្លួន​ក្នុង​សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី ២៩​ ខែធ្នូ ហើយ​មនុស្ស​ ២០​នាក់​បាន​ស្លាប់​ដោយ​សារ​ការវាយប្រហារ​រ​បស់​អ៊ុយ​ក្រែ​ន​លើ​ទីក្រុង Belgorod នៅ​ថ្ងៃទី​ ៣០​ ខែធ្នូ​។​

​ដូចគ្នា​នឹង​ការចោទប្រកាន់​របស់​អ៊ុយ​ក្រែ​ន រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​បានកំណត់​គោលដៅ​លើ​តំបន់​ជន​ស៊ីវិល​នៅក្នុង​ទីក្រុង​មួយ​របស់ខ្លួន និង​ប្រើប្រាស់​គ្រាប់បែក​ចង្កោម ក្នុងអំឡុងពេល​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កាលពី​ថ្ងៃទី ៣០ ​ខែធ្នូ ដែល​ស្នើ​ដោយ​ទីក្រុង​ម៉ូស្គូ​។​


​តាម​សេចក្តីរាយការណ៍​របស់ AFP រុស្ស៊ី​បាន​អះអាងថា អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ទីក្រុង Belgorod ដោយ​មី​ស៊ី​ល និង​គ្រាប់​រ៉ុក្កែត​កាលពី​ថ្ងៃទី ​៣០​ ខែធ្នូ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​ ១៨ នាក់ និង​រាប់សិប​នាក់​ទៀត​រងរបួស​។​

​តាម​ការដកស្រង់​សម្តី ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ Vasily Nebenzya បាន​និយាយថា​៖«(​វា​គឺជា​) ការវាយប្រហារ​ដោយ​ចេតនា ដោយ​មិន​រើសអើង​ប្រឆាំងនឹង​គោលដៅ​ស៊ីវិល​» ដោយ​អះអាងថា​ទីក្រុង​កៀវ​បានកំណត់​គោលដៅ​លើ​មជ្ឈមណ្ឌល​កីឡា កន្លែង​ជិះ​ស្គី​ទឹកកក និង​សាកលវិទ្យាល័យ​។​

​លោក​បាន​និយាយថា​៖«​សមាជិក​ក្រុម​​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​មានឱកាស​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ និង​វាយតម្លៃ​ការខូចខាត​ដែល​បានធ្វើ​ឡើង​ចំពោះ​ទីក្រុង Belgorod របស់​រុស្ស៊ី​»​។​

​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​បាន​តបត​វិញ​ភ្លាមៗ ដោយ​និយាយថា រុស្ស៊ី​បាន​បញ្ចេញ​សង្គ្រាម​។​បេសកជន​បារាំង​បាន​និយាយថា អ៊ុយ​ក្រែ​ន​គ្រាន់តែ​ការពារ​ខ្លួន​ក្រោម​ច្បាប់​របស់​អង្គការសហប្រជាជាតិ ខណៈដែល​ក្រុង​ម៉ូស្គូ​កំពុង​«​ជាន់ឈ្លី​»​លើ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។​

​អ៊ុយ​ក្រែ​ន​ដែល​បាន​ទប់​ទល់នឹង​ការ​​ឈ្លានពាន​របស់​រុស្ស៊ី​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ​ហើយ ទើប​ទទួលបាន​ការសន្យា​ផ្តល់ជំនួយ​ ២៥០ ​លាន​ដុល្លារ​ពី​សម្ព័ន្ធមិត្ត​អាមេរិក ហើយ​សហភាព​អឺរ៉ុប ទោះបី​មានការ​រារាំង​ដោយ​ប្រទេស​ហុង​គ្រី ក៏​ត្រៀម​ផែន​ការ​ផ្សេង​ដើម្បី​ទម្លាក់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ដើម្បី​ជា​ទុន​ប្រយុទ្ធ​នឹង​រុស្ស៊ី​៕