​អាជ្ញាធរ​​ឥណ្ឌូនេស៊ី​​​នៅ​ថ្ងៃទី ​៤ ខែ​ធ្នូ បាន​អះអាង​ថា អ្នក​ឡើង​ភ្នំ ១១ នាក់ ត្រូវ​បាន​​គេ​រក​ឃើញ​ថា ​​បាន​​ស្លាប់​នៅក្នុង​ហេតុការ​ផ្ទុះ​ភ្នំភ្លើង​​ Merapi នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ខាងលិច​នៃ​​ប្រទេស​ឥណ្ឌូនេស៊ី។ 

សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ​បានលើក​ឡើង​ថា ខណៈនេះ​​​​អាជ្ញាធរ​កំពុង​​ស្វែងរក​​អ្នក​​​បាត់​ខ្លួន​ចំនួន ១២ នាក់​ទៀត​ផ្សេង​ទៀត ខណៈពេល​ដែល​ការ​ឡើង​ភ្នំ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដោយសារ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព។

តាមការ​ដក​ស្រង់​របស់​រ៉យទ័រ លោក Jodi Haryawan អ្នកនាំពាក្យ​ក្រុម​ស្វែងរក និង​ជួយ សង្គ្រោះ​ក្នុង​តំបន់​ដែល​មាន​ភ្នំភ្លើង​ផ្ទុះ​នោះ ​បាន​និយាយថា អ្នក​នៅ​រស់រានមានជីវិត​ចំនួន៣នាក់​ត្រូវបាន​គេ​រកឃើញ​នៅ​ថ្ងៃទី៤​ខែធ្នូ រួមជាមួយ​សាកសព​អ្នក​ឡើង​ភ្នំ​ទាំង ១១នាក់​ក្នុងចំណោម ៧៥នាក់​​នៅក្នុង​តំបន់​នៅពេល​នៃ​ការផ្ទុះ​នេះ។


ភ្នំភ្លើង​ដែលមាន​កម្ពស់ ២៨៩១​ម៉ែត្រ បាន​​​ផ្ទុះ​និង​បញ្ចេញ​ផេះ​កម្ពស់​ដល់​ទៅ ៣០០០ម៉ែត្រ​ ទៅលើ​ផ្ទៃមេឃ​កាលពី​ថ្ងៃទី ៣ ខែធ្នូ។ 

អាជ្ញាធរ​បាន​បង្កើន​ការប្រកាសអាសន្ន​ដល់ក​ម្រិ​ត​ខ្ពស់បំផុត​ទី​ពីរ ហើយ​ហាម​អ្នកស្រុក​មិនឱ្យ​ចូលទៅក្នុង​ចម្ងាយ ៣​គីឡូម៉ែត្រ​ ពី​​ទីតាំង​ផ្ទុះ​។ 


ខ្សែ​វីដេអូ​​ផុស​តាមបណ្តាញ​សង្គម​​នានា​ បានបង្ហាញ​ពី​ពពក​ផេះភ្នំភ្លើង​យ៉ាង​ធំ​ពេញ​ផ្ទៃមេឃ ហើយ​រថយន្ត និង​ផ្លូវ​ថ្នល់​​គ្របដណ្ដប់​ដោយ​ផេះ​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​​​។

លោក Jodi បាន​និយាយថា ​ការ​ពី​ការ​ផ្ទុះ​ដ៏​ធំ​កាល​ពីថ្ងៃទី​៣ ក៏​មាន​ការផ្ទុះ​តូច​មួយ​កំពុង​កើតឡើង​នៅ​ថ្ងៃទី ៤ខែធ្នូ ហើយ​ការស្វែងរក​អ្នក​ដែល​បន្ត​បាត់ខ្លួន​​ត្រូវបាន​ផ្អាក។

លោក​បាន​បន្ថែមថា៖ «វា​គ្រោះថ្នាក់​ខ្លាំងណាស់​ប្រសិនបើ​យើង​បន្ត​ស្វែងរក​ឥឡូវនេះ»។

លោក​បាន​និយាយថា មាន​អ្នក​ឡើង​ភ្នំ​ចំនួន ៤៩ នាក់​ត្រូវបាន​ជម្លៀស​ចេញ​ពី​តំបន់​​នេះ​កាលពីដើម​ថ្ងៃទី៤ខែធ្នូ ហើយ​មនុស្ស​ជាច្រើន​កំពុង​ត្រូវបាន​ព្យាបាល​របួស។

Merapi គឺជា​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា ហើយ​ការផ្ទុះ​ដ៏​សាហាវ​បំផុត​របស់​វា​គឺ​នៅក្នុង​ខែមេសា ឆ្នាំ ១៩៧៩ នៅពេលដែល​មនុស្ស ៦០​នាក់​បាន​ស្លាប់។

នៅ​ឆ្នាំ ២០២៣​ ភ្នំភ្លើង​នៅ​តំបន់​នេះ​​បាន​ផ្ទុះឡើង​នៅ​ចន្លោះ​ខែមករា​ដល់​ខែកុម្ភៈ ហើយ​បាន​បញ្ចេញ​ផេះ​ប្រហែល ៧៥​ម៉ែត្រ​ ទៅ១០០០​ម៉ែត្រ​ ពី​កំពូលភ្នំ។​ ឥណ្ឌូនេស៊ី ​មាន​ភ្នំភ្លើង​សកម្ម​ចំនួន 127 ៕​