យោធាចិន នាថ្ងៃទី៤ ខែធ្នូ នេះ បានអះអាងថាកប៉ាល់ប្រយុទ្ធរបស់អាមេរិកមួយគ្រឿង បានចូលដែនទឹករបស់ខ្លួនស្ថិតនៅតំបន់កោះ Thomas Shoal ដែលជាតំបន់ជម្លោះដ៏ក្ដៅនៃសមុទ្រចិនខាងត្បូង។
តាមរយៈការលុកលុយដោយខុសច្បាប់របស់អាមេរិកបែបនេះអ្នកនាំពាក្យរបស់យោធាចិនបាននិយាយដោយសង្កត់ធ្ងន់ថា៖ «អាមេរិកបានធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។សហរដ្ឋអាមេរិកមានចេតនារំខានដល់សមុទ្រចិនខាងត្បូងនិងបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន»។
អ្នកនាំពាក្យយោធាចិនដដែលបាននិយាយទៀតថាកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងទ័ពដែនសមុទ្រដើម្បីតាមដាននិងត្រួតពិនិត្យនាវាអាមេរិកហើយថាកងទ័ពរបស់ខ្លួនដែលកំពុងនៅក្នុងតំបន់នោះស្រាប់មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាដើម្បីការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់។
យ៉ាងណាក៏ដោយមិនត្រឹមតែអាមេរិកប៉ុណ្ណោះទេប្រទេសចិនកំពុងមានជម្លោះជាមួយប្រទេសជិតខាងមួយចំនួនជុំវិញការទាមទារដែនទឹកយ៉ាងទូលំទូលាយនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរចិនក៏មានការប្រឈមមុខដាក់គ្នាជាច្រើនលើកច្រើនសារជាមួយនាវាហ្វីលីពីនព្រមទាំងបានតវ៉ាពីវត្តមានកប៉ាល់អាមេរិកដែលកំពុងល្បាតនៅតំបន់ជម្លោះទៀតផង។
លើសពីនេះទៅទៀតកាលពីថ្ងៃទី៣ខែធ្នូកន្លងមកនេះឆ្មាំសមុទ្រហ្វីលីពីនថែមទាំងបានដាក់ពង្រាយនាវារបស់ខ្លួនចំនួន២ដើម្បីតាមដានវត្តមានរបស់កប៉ាល់ចិនខុសច្បាប់នៅលើសមុទ្រចិនខាងត្បូងដែលត្រូវបានហ្វីលីពីនហៅថា«សមុទ្រហ្វីលីពីនខាងលិច»៕