ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអង្គការសប្បុរសធម៌ជាច្រើនទៀតបានសន្យាផ្តល់កញ្ចប់មូលនិធិអាកាសធាតុចំនួន ៧៧៧ លានដុល្លារនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៨ ឬហៅកាត់ថា កិច្ចប្រជុំកំពូល COP28 ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនៅតំបន់ត្រូពិកដែលមិនសូវមានអ្នកយកចិត្តទុកដាក់ និងដែលត្រូវបានព្យាករថាអាចនឹងរីករាលដាលកាន់តែអាក្រក់ទៅៗដោយសារតែការកើនឡើងនៃសីតុណ្ហភាព។
ប្រធានកិច្ចប្រជុំ COP28 លោក ស៊ុលតាន់ អាមអៃចាបឺ (Sultan Ahmed Al-Jaber) បានបញ្ជាក់ថា បញ្ហាទាក់ទងនឹងអាកាសធាតុបានបង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់សុខភាពមនុស្សក្នុងសតវត្សរ៍ទី២១ នេះ។ការផ្ដល់កញ្ចប់មូលនិធិនេះត្រូវបានសន្យាផ្ដល់ដោយប្រទេសអេមីរ៉ាតអារ៉ាប់ រួមចំនួន ១០០ លានដុល្លារ និងចំនួន ១០០ លានដុល្លារ ទៀតពីមូលនិធិ Bill and Melinda Gates Foundation។
បន្ថែមលើនេះ ស្ថាប័ន និងអង្គភាពជាច្រើនមកពីប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ក៏បានសន្យាផ្តល់មូលនិធិ សម្រាប់បញ្ហាសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លើសពីនេះ ធនាគារពិភពលោកក៏បានផ្តួចផ្តើមកម្មវិធីមួយ ដើម្បីជាមធ្យោបាយជួយដល់សុខភាពសាធារណៈនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលប្រឈមនឹងហានិភ័យសុខភាពដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
នៅពេលដែលភពផែនដីឡើងកម្ដៅខ្លាំង ជំងឺនៅតំបន់ត្រូពិកបានកើនឡើងកាន់តែច្រើនដូចគ្នា ក្នុងនោះមានដូចជាជំងឺពិការភ្នែក និងជំងឺងងុយគេងនៅទ្វីបអាហ្វ្រិកជាដើម។ ក្រៅពីនេះ បញ្ហាសុខភាពផ្សេងទៀតដូចជា កង្វះអាហារូបត្ថម្ភ គ្រុនចាញ់ រាក និងភាពតានតឹងដែលទាក់ទងនឹងកម្ដៅកាន់តែខ្លាំង។
គិតមកទល់ពេលនេះ ប្រទេសជាង ១២០ ហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស COP28 ដោយទទួលស្គាល់កាតព្វកិច្ចរបស់ពួកគេក្នុងការការពារប្រជាជនពីផលប៉ះពាល់នៃការឡើងកម្ដៅផែនដី។
យ៉ាងណាក៏ដោយ សេចក្តីប្រកាសនេះមិនបាននិយាយអំពីឥន្ធនៈហ្វូស៊ីល ដែលជាប្រភពចម្បងនៃការបំភាយកម្ដៅអាកាសធាតុនោះទេ។ អង្គការសម្ព័ន្ធអាកាសធាតុនិងសុខភាពសកល បានគូសបញ្ជាក់ពីការដែលមិនដាក់បញ្ចូលឥន្ធនៈហ្វូស៊ីលនេះថាត្រូវតែធ្វើការត្រួតពិនិត្យឱ្យបានលម្អិត។
ក្នុងថ្ងៃនៃកិច្ចប្រជុំកំពូល COP28 សកម្មជន រួមទាំងវេជ្ជបណ្ឌិត បានធ្វើបាតុកម្មតូចមួយនៅបរិវេណក្បែរនោះដើម្បីបង្ហាញពីកង្វល់របស់ពួកគេពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
លោក ចូហ្សេប វីផន (Joseph Vipond) ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់មកពីប្រទេសកាណាដា បានសម្តែងការព្រួយបារម្ភដោយលើកឡើងពីការស្លាប់របស់កុមារដោយសារជំងឺហឺតដែលកាន់តែធ្ងន់ធ្ងរឡើង បណ្ដាលមកពីផ្សែងភ្លើងឆេះព្រៃនៅភាគខាងលិចប្រទេសកាណាដាក្នុងឆ្នាំនេះ។
បញ្ហាបម្រែបម្រួលអាកាសធាតុកំពុងបង្កឱ្យមានព្យុះខ្លាំងជាញឹកញាប់ និងលំនាំទឹកភ្លៀងមិនទៀងទាត់។ ជាក់ស្ដែង ព្យុះមួយឈ្មោះថា ដានីញ៉េល (Daniel) បានបោកបក់ឱ្យមនុស្សស្លាប់ជាង ១១០០០ នាក់នៅក្នុងប្រទេសលីប៊ីកាលពីខែកញ្ញា ហើយទឹកជំនន់កាលពីឆ្នាំមុននៅក្នុងប្រទេសប៉ាគីស្ថាន បានបណ្តាលឱ្យមានការកើនឡើង ៤០០% នៃករណីជំងឺគ្រុនចាញ់ នេះបើយោងតាមការរាយការណ៍របស់អង្គការសុខភាពពិភពលោក។ មូលនិធិលោក Bill Gates បានលើកឡើងថា មន្ទីរពិសោធន៍បានបង្កើតឧបករណ៍ដែលអាចកាត់បន្ថយមូស និងដែលអាចជួយបានច្រើននៅក្នុងប្រទេសក្រីក្រ៕