ក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទទី ៤ ខែធ្នូ ឆ្នាំ ២០២៣ នេះបានឱ្យដឹងថាខ្លួនបានធ្វើការបាញ់បង្ហោះសាកល្បងដោយជោគជ័យនូវគ្រាប់រ៉ុក្កែតអវកាសឥន្ធនៈរឹង (solid-fuel) នៅលើសមុទ្រក្បែរកោះជេជូ (Jeju) ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងបច្ចេកវិទ្យាអវកាសជាមួយប្រទេសជិតខាងគឺ ប្រទេសកូរ៉េខាងជើង។
នេះគឺជាការធ្វើតេស្តលើកទី៣ ហើយបន្ទាប់ពីការតេស្ត២លើកមុនបានបញ្ចប់ទៅតាំងតែពីខែធ្នូនិងខែមីនាឆ្នាំមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងការពារជាតិបានលើកឡើងថាការបាញ់បង្ហោះនេះពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងដោយទីភ្នាក់ងាររដ្ឋសម្រាប់ការអភិវឌ្ឍវិស័យការពារជាតិនិងរ៉ុក្កែតអវកាសនិងផ្កាយរណបដែលផលិតដោយប្រព័ន្ធ Hanwha របស់ប្រទេសកូរ៉េខាងត្បូង (272210.KS)។
ក្រសួងដដែលនេះថែមទាំងបានសាទរចំពោះការបាញ់បង្ហោះនេះថាជាការសម្រេចបាននូវភាពជោគជ័យដ៏សំខាន់មួយចំពេលដែលទីក្រុងព្យុងយ៉ាងថ្មីៗនេះបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដោយជោគជ័យដូចគ្នាបើទោះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានថ្កោលទោសចំពោះការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលដែលផ្ទុយនឹងដំណោះស្រាយសន្តិសុខរបស់អង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ។
ក្រសួងការពារកូរ៉េខាងត្បូងបានបន្តថាការបាញ់បង្ហោះដោយជោគជ័យរបស់កូរ៉េខាងត្បូងនឹងបង្កើនល្បឿននៃការស៊ើបការណ៍សម្ងាត់ការឃ្លាំមើលនិងសមត្ថភាពឈ្លបយកការណ៍សម្រាប់ប្រទេសផងដែរ។
ការបាញ់បង្ហោះសាកល្បងនៅថ្ងៃចន្ទនេះត្រូវបានធ្វើឡើងបន្ទាប់ពីរ៉ុក្កែតរបស់ក្រុមហ៊ុនSpaceXឈ្មោះFalcon 9 បានដឹកផ្កាយរណបចារកម្មដំបូងរបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់គន្លងកាលពីថ្ងៃសុក្រចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រនីញ៉ា។
ដោយឡែកកាលពីខែមុនកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធារបស់ខ្លួនដោយជោគជ័យខណៈលោកគីមជុងអ៊ុនទទួលបាននូវរូបថតនៃសេតវិមានមន្ទីរបញ្ចកោណនិងនាវាផ្ទុកយន្តហោះអាមេរិកនៅឯមូលដ្ឋានទ័ពជើងទឹក Norfolk ថែមទៀតផង។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សព្វផ្សាយ។
ការមានផ្កាយរណបឈ្លបយកការណ៍ដោយខ្លួនឯងអនុញ្ញាតឱ្យកូរ៉េខាងជើងមានសមត្ថភាព ក្នុងការត្រួតពិនិត្យពីចម្ងាយទៅលើសកម្មភាពទាហានអាមេរិកកូរ៉េខាងត្បូងនិងជប៉ុនជាដើម។សម្រាប់កូរ៉េខាងត្បូងក៏ដូចគ្នាការមានផ្កាយរណបផ្ទាល់ខ្លួននឹងជួយកាត់បន្ថយការពឹងផ្អែកស្ទើរទាំងស្រុងលើប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់អាមេរិកដែលខ្លួនតែងតែពឹងពាក់សហរដ្ឋអាមេរិកតាំងពីដើមមក។
ទោះជាយ៉ាងមកទល់ពេលនេះទីក្រុងព្យុងយ៉ាងមិនបានបញ្ចេញរូបភាពណាមួយឡើយដោយទុកឱ្យអ្នកវិភាគនិងរដ្ឋាភិបាលបរទេសជជែកវែកញែកអំពីសមត្ថភាពរបស់ផ្កាយរណបថ្មីនេះ។សម្រាប់កូរ៉េខាងជើងបើទោះបីជាមានការរិះគន់និងថ្កោលទោសយ៉ាងណាក្តីក៏កូរ៉េខាងជើង តបថាវាជាការធ្វើដើម្បីការពារសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន៕