អ្នកនាំពាក្យ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​ប្រាប់​កាសែត​ជប៉ុន​ Nikkei ថា យោធា​​អាមេរិក​គ្រោង​នឹងដាក់​ពង្រាយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ដែល​បាញ់​ពីលើ​ដី នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​ឆ្នាំ ២០២៤ ដើម្បី​បង្កើត​ឃ្លាំង​អាវុធ​របស់ខ្លួន​ជា​លើកដំបូង​នៅ​តំបន់​នេះ​ចាប់​តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាមត្រជាក់​មក​ក្នុង​បំណង​បង្កើន​ការ​ទប់ទល់​ប្រឆាំងនឹង​ចិន​។

​អ្នកនាំពាក្យ លោក Rob Phillips បានបញ្ជាក់​ពី​ផែនការ​នេះ​ទៅកាន់ Nikkei ក្នុង​អត្ថបទ​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី ​៣ ខែធ្នូ ឆ្នាំ ​២០២៣​។ ជម្រើស​មី​ស៊ី​ល​ ដែល​អាមេរិក​ កំពុង​ពិចារណា រួមមាន​មី​ស៊ី​ល Standard Missile-6 (SM-6) និង​មី​ស៊ី​ល​គ្រូ​ស Tomahawk​។​

​គេ​មើលឃើញថា ការដាក់​ពង្រាយ​នេះ​នឹងធ្វើ​ឡើងជា​លើកដំបូង រាប់​ចាប់តាំងពី​សន្ធិ​​សញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​មធ្យម (INF)​ បាន​ផុតកំណត់​នៅ​ឆ្នាំ​ ២០១៩​។ កតិកាសញ្ញា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​សហភាពសូវៀត​ក្នុង​ឆ្នាំ​ ១៩៨៧ មួយ​នេះ បាន​ហាមប្រាម​ប្រទេស​នានា​ពី​ការអភិវឌ្ឍ និង​កាន់​កាប់​មី​ស៊ី​លបាញ់​ពី​ដី ដែលមាន​ចម្ងាយ ៥០០​ គីឡូម៉ែត្រ ទៅ ៥ ៥០០ ​គីឡូម៉ែត្រ​។​


​ចិន​បាន​បន្ត​ផលិត​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ខណៈ​អាមេរិក​ជាប់​ក្នុង​សន្ធិសញ្ញា INF​។ បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​មន្ទីរ​បញ្ច​កោណ​ស្តីពី​កម្លាំងយោធា​របស់​ចិន បច្ចុប្បន្ន​ចិន​មាន​មី​ស៊ី​ល​ចំនួន ១ ៥០០​ ដើម ដែល​អាច​បាញ់​បាន​ចម្ងាយ​ពី ១ ០០០-៥ ៥០០​ គីឡូម៉ែត្រ​។

​ជុំវិញ​ការដាក់​ពង្រាយ​ថ្មី​របស់​អាមេរិក លោក Phillips មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ទី​កន្លែង និង​ពេលណា​ដែល​ការដាក់​ពង្រាយ​នឹងធ្វើ​ឡើង​ទេ​។​


​អ្នកវិភាគ​បាន​និយាយថា កង​ទ័ព​អាមេរិក​នឹង​បញ្ជូន​អង្គភាព​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ជា​ចម្បង​ទៅកាន់​កោះ​ហ្គាំ​របស់ខ្លួន ដើម្បី​បើកផ្លូវ​ឆ្ពោះទៅរក​ការ​ដាក់ពង្រាយ​បន្ថែមទៀត​ទៅកាន់​សម្ព័ន្ធ​មិត្ត​អាស៊ី​ក្នុង​គ្រាអាសន្ន​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ឬ​សមុទ្រ​ចិន​ខាងត្បូង ​អាមេរិក​ តម្រូវឱ្យមាន​មី​ស៊ី​ល​ដែល​អាច​បាញ់​ឆ្ពោះ​ទៅដល់​គោលដៅ​នៅក្នុង​ផ្លូវទឹក​សំខាន់ៗ ឬ​ដីគោក​របស់​ចិន​។ នេះ​មានន័យថា អាមេរិក​ត្រូវ​ពង្រីក​ការដាក់​ពង្រាយ​អាវុធ​លើ​ខ្សែ​កោះ​យុទ្ធសាស្ត្រ ដែល​លាតសន្ធឹង​ពី​កោះ​អូ​គី​ណា​វ៉ា របស់​ជប៉ុន ទៅកាន់​តៃវ៉ាន់ រហូតដល់​ហ្វីលីពីន​។

​អាមេ​រិ​ក​ដែលជា​ដៃគូ​ដ៏​សំខាន់​របស់​ជប៉ុន និង​កូ​រ៉េ​ខាងត្បូង​ តែង​រួមដៃគ្នា​ក្នុងការ​ប្រឆាំង​ចិន​និង​កូរ៉េខាងជើង​៕

ជម្រើស​មី​ស៊ី​ល​ ដែល​អាមេរិក​ កំពុង​ពិចារណា រួមមាន​មី​ស៊ី​ល Standard Missile-6 (SM-6) និង​មី​ស៊ី​ល​គ្រូ​ស Tomahawk​។​AFP