សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​កូរ៉េខាងត្បូង ​ក្នុង​វិស័យ​ការពារជាតិ​ ដើម្បី​ទប់ទល់​បងប្អូន​សត្រូវ​កូរ៉េខាងជើង បន្ត​ដាក់ពង្រាយ​យន្ត​ហោះ​ចម្បាំង​នៅ​កូរ៉េខាងត្បូង​ ដែល​ជម្លោះ​របស់​ពួកគេ​កំពុង​ឡើងក​ម្តៅ​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ​។​

​ក្រោយ​បិទ​បញ្ចប់​ការធ្វើ​សមយុទ្ធ​លើ​អាកាស​ជាមួយ​ប្រទេស​សិង្ហ​បុរី កងទ័ពអាកាស​អាមេរិក​ បាន​ចត​យន្ត​ហោះ​ចម្បាំង​ដ៏​ទំនើប​ចុងក្រោយ F-16 ជាច្រើន​គ្រឿង និង​យន្តហោះ​ពាណិជ្ជកម្ម​ដឹក​ប្រេង​ ដើម្បី​គាំទ្រ​ដល់​ការចាក់​ប្រេង​នៅលើ​អាកាស នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ខណៈពេលដែល​ភាព​តាន​​តឹង​រវាង​បងប្អូន​សត្រូវ​ទាំង​​ ២ ​កាន់តែ​កើនឡើង​នៅ​ឧបទ្វីប​កូរ៉េ​។​

​ជម្លោះ​វោហារ​ស័ព្ទ​រវាង​កូរ៉េ​ទាំង​ ២ ​ដោយ​ទាំង​សហរដ្ឋអាមេរិក​ផង បាន​ផ្ទុះឡើង ក្រោយពី​កូរ៉េខាងជើង​ បាន​បាញ់​បង្ហោះ​ផ្កាយរណប​ឈ្លប​យក​ការណ៍​ ដែល​នាំ​ដល់​ការព្រួយបារម្ភ​លើ​បញ្ហា​សន្តិសុខ​របស់​កូរ៉េខាងត្បូង និង​ជាការ​ផ្គើន​នឹង​ការដាក់ទណ្ឌកម្ម​អន្តរ​ជាតិ ហើយ​ជាការ​ឆ្លើយតប កូ​រ៉​ខាង​ត្បូង​ បានបញ្ចប់​ផ្នែក​ខ្លះ​នៃ​កិច្ច​ព្រម​ព្រៀង​ដ៏​កម្រ​របស់​កូរ៉េ​ ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៨ ក្នុងនោះ​កិច្ច​ព្រម​ព្រៀង​លើ​វិស័យ​យោធា​ត្រូវ​ផ្អាក​។​


​វិធាន​ការតបត​រប​ស់​កូរ៉េខាងជើង​ ចំពោះ​ការលុបចោល​របស់​កូរ៉េខាងត្បូង កូរ៉េខាងជើង ​បានសម្រេច​ដាក់ពង្រាយ​មី​ស៊ី​ល​អន្តរទ្វីប​នៅតាម​បណ្តោយ​ព្រំ​​ដែន​ដែល​បាន​ដកចេញ​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ ​២០១៨​។​

​យោង​ការផ្សាយ​របស់ Korea Herald កងទ័ពអាកាស​អាមេរិក បាន​និយាយថា យន្តហោះ​ចម្បាំង​អាមេរិក ១​ ក្រុម​ដែល​ឈរជើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ​បន្ទាប់ពី​បាន​ចូលរួម​សមយុទ្ធ​ពីលើ​អាកាស​ប្រចាំឆ្នាំ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​បញ្ចប់ទៅ​កាលពី​ចុងខែ​វិច្ឆិកា រួមទាំង​យន្តហោះ​ពាណិជ្ជកម្ម​ ១​ គ្រឿង ​បាន​ចាក់​សាំង​ដល់​យន្តហោះ​ចម្បាំង​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី​ជា​លើកដំបូង​។​


​យោធា​អាមេរិក​បានដាក់​ពង្រាយ​យន្តហោះ F-16 ចំនួន ៦ ​គ្រឿង​ នៃ​អង្គភាព​ទ័ពអាកាស 1st Fighter Wing នៅ​មូលដ្ឋាន​ទ័ពអាកាស Osan ក្នុង​ទីក្រុង Pyeongtaek ចម្ងាយ​ ៦០​ គីឡូម៉ែត្រ​ ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​លើ​អាកាស ដែល​គេ​ឱ្យ​ឈ្មោះថា «Commando Sling» ដែលជា​សមយុទ្ធ​ទ្វេភាគី​ជាមួយ​កង​ទ័ពអាកាស​សិង្ហ​បុរី​នៅ​មូលដ្ឋាន​អាកាស Paya Lebar ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ២៤ ខែវិច្ឆិកា​។​

​យោង​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក យោធា​អាមេរិក​បាន​និយាយថា យន្ត​​ហោះ​ដឹក​ប្រេង​ពាណិជ្ជកម្ម KDC-10 បាន​ចាក់​ប្រេង ដល់​យន្តហោះ​ចម្បាំង ​«F-16» ​ជា​លើកដំបូង ​ក្នុង​ដំណើរ​ទៅ​ចូលរួម​សមយុទ្ធ​លើក​នេះ​។​

​ក្រសួងការពារជាតិ​បាន​និយាយថា សមយុទ្ធ​រយៈពេល​ ៣​ សប្តាហ៍​ចុងក្រោយ​នេះ បង្ហាញ​ពី​សមត្ថភាព​យន្តហោះ​ចម្បាំង​ពី​អាកាស​ទៅ​អាកាស និង​ប្រតិបត្តិ​ការគាំទ្រ​ការហោះហើរ ជាមួយនឹង​ការហ្វឹកហ្វឺន​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ពអាកាស ​Osan៕