ខណៈការបោះឆ្នោតសកលជ្រើសរើសប្រធានាធិបតីនៅកោះតៃវ៉ាន់ ខិតជិតកាន់តែកៀកនៅខែមករា ឆ្នាំ ២០២៤ កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ប្រធានាធិបតីតៃវ៉ាន់ជិតផុតអាណត្តិ លោកស្រី សៃ អ៊ីងវិន (Tsai Ingwen) បានអំពាវនាវដល់ពលរដ្ឋតៃវ៉ាន់ទាំងអស់ ដែលនឹងទៅបោះឆ្នោតនៅខែក្រោយថា «សូមគិតមើលពីទង្វើរបស់ចិនដីគោក ដែលបាននិងកំពុងធ្វើទៅលើទីក្រុងហុងកុង» មុននឹងសម្រេចគូសសន្លឹកឆ្នោត។
លោកស្រីក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគាំទ្រ និងលើកកម្ពស់សន្តិភាព និងការពង្រឹងវិស័យការពារជាតិផងដែរ។ក្នុងរយៈពេលនេះ តៃវ៉ាន់កំពុងរៀបចំត្រៀមខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤។
ទន្ទឹមនឹងនេះ ប្រទេសចិនដែលតែងតែអះអាងថា ដែនកោះមួយនេះជាខេត្តរបស់ខ្លួននោះ បានបង្កើនសម្ពាធខាងផ្នែកយោធាដោយបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ចំនួន ២ លើកមកហើយ កាលពីខែសីហា ឆ្នាំ ២០២២ និងខែមេសា ឆ្នាំ ២០២៣ ជាពេលនៃទស្សនកិច្ចធំៗ។
កន្លងមក គណបក្សគួកមីនតាង (KMT) ដែលជាបក្សប្រឆាំងនៅតៃវ៉ាន់ និងមានទំនោរទៅរកចិន តែងតែបានប្រកាសថាការបោះឆ្នោតលើកនេះ គឺជាការជ្រើសរើសរវាងសង្គ្រាម និងសន្តិភាព។
រដ្ឋបាលចិនមិនចុះសម្រុងគ្នាជាមួយគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកំពុងកាន់អំណាចនៅតៃវ៉ាន់ និងបេក្ខជនប្រធានាធិបតីរបស់ពួកគេគឺលោកអនុប្រធានាធិបតី ឡៃ ឈីងតេ (Lai Chingte)។ ចិនថែមទាំងបានចាត់ទុកគណបក្សនេះថាជាក្រុមបំបែកខ្លួនដ៏គ្រោះថ្នាក់បំផុតទៀតផង។
លោកស្រី សៃ បានថ្លែងរិះគន់បក្សប្រឆាំងនៅក្នុងយុទ្ធនាការបោះឆ្នោតគាំទ្រលោកឡៃ ក្នុងទីក្រុងតៃប៉ិថា ក្រុមប្រឆាំងបានប្រើពាក្យពេចន៍បន្លាចដ៏គួរឱ្យបារម្ភ ពោលគឺពាក្យថា«សង្គ្រាម និងសន្តិភាព»។
លោកស្រីបានសួរ និងឆ្លើយដោយខ្លួនឯងទៅកាន់អ្នកចូលរួមនៅទីនោះថា «តើមានអ្នកណាខ្លះចង់ឱ្យមានសង្គ្រាមកើតឡើងទេ? គ្មានអ្នកណាម្នាក់ចង់ទេ»។ លោកស្រីបានគូសបញ្ជាក់ពីបំណងប្រាថ្នារបស់តៃវ៉ាន់ ដែលចង់បានសន្តិភាពដ៏ថ្លៃថ្នូរ មិនមែនជាប្រភេទសន្តិភាពដែលកំពុងកើតមាននៅក្នុងទីក្រុងហុងកុងទេ។
ទីក្រុងហុងកុង ដែលធ្លាប់ជាអតីតតំបន់អាណានិគមរបស់អង់គ្លេស ត្រូវបានប្រគល់ជូនទៅឱ្យចិនគ្រប់គ្រងវិញនៅឆ្នាំ ១៩៩៧ ដោយចិនបានសន្យាថានឹងផ្ដល់ស្វ័យភាពដល់ទីក្រុងមួយនេះ ក្រោមគោលការណ៍ «ប្រទេស ១ ប្រព័ន្ធ ២»។ គោលការណ៍នេះក៏ត្រូវបានប្រទេសចិនស្នើផ្តល់ជូនដល់តៃវ៉ាន់ផងដែរ ប៉ុន្តែពលរដ្ឋនៅលើកោះមួយនេះហាក់មានការគាំទ្រតិចតួចប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ ២០២០ រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងមួយ ទៅលើទីក្រុងហុងកុង ដោយលើកហេតុផលពីសារៈសំខាន់ក្នុងការស្តារស្ថិរភាពឡើងវិញ បន្ទាប់ពីទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដ៏សំខាន់មួយនេះ ត្រូវបានជួបនឹងបទពិសោធន៍បាតុកម្ម និងកុបកម្មតវ៉ាប្រឆាំងរដ្ឋបាលហុងកុង និងប្រឆាំងចិនដោយហិង្សាយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩។
លោកស្រី សៃ មិនអាចឈរឈ្មោះបោះឆ្នោតឡើងវិញបានទេ ដោយសារតែផុតអាណត្តិ បន្ទាប់ពីលោកស្រីបានដឹកនាំចំនួន២អាណត្តិជាប់ៗគ្នារួចហើយ។ ក្រោមអាណត្តិដឹកនាំរបស់លោកស្រី មេដឹកនាំរូបនេះតែងតែបានផ្តោតលើការពង្រឹងវិស័យការពារជាតិរបស់តៃវ៉ាន់ ហើយគណបក្សរក្សាជំហរ៖«មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចកំណត់ជោគវាសនាកោះតៃវ៉ាន់»៕