មនុស្ស​យ៉ាង​ហោច​ណាស់​ ១៤ នាក់​ បាន​ស្លាប់​ និងជាច្រើន​​នាក់​ផ្សេង​ទៀត​រង​របួស​ ​ពេល​ឡាន​​ក្រុង​ ១ ​​គ្រឿ​ង​ បើក​​ទប់​ចង្កូត​លែង​ជាប់​ ទៅ​បុក​នឹង​ដើម​ឈើមួយ​​នៅ​​ខាង​ផ្លូវ​ ក្នុង​ខេត្ត​ភាគ​ខាង​លិច​ PrachuapKhiri Khan នៃ​ប្រទេស​ថៃ​។ ​

បើ​​យោង​​តាម​ទូរទស្សន៍​​រដ្ឋ​ ThaiPBS ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​ក្បែរ​​ឧទ្យាន​ជាតិ​​ Hat Wanakorn នៅ​​ម៉ោង​ ១ នា​ព្រឹក​ថ្ងៃ​​អង្គារ​ ដោយ​ធ្វើ​ឱ្យ​​ផ្នែក​​ខាង​​មុខ​​​របស់​​ឡាន​​​ក្រុង​នោះ​រហែក​ដាច់​ជា​២​។​

មុន​ពេល​កើត​ហេតុ​ ​ឡាន​​​ក្រុង​រង​គ្រោះ​ដដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​​ក្រុង​បាងកង​ ឆ្ពោះ​ទៅ​ខេត្ត​ Songkhla និង​ដឹក​​អ្នក​ដំណើរ​ចំនួន​ ៤៦ នាក់​ ​រួម​ជាមួយ​​​​តៃកុង​ និង​ព្រូឡាន​ ៣ នាក់​ផ្សេង​ទៀត​។ ​


​លោក​ ArnonTangto​ ប៉ូលិស​​ស៊ើប​​អង្កេត​​ស្រុក​ Huay Yang ​​នៃ​ខេត្ត​ PrachuapKhiri Khan ​បាន​ប្រាប់​ AFP ​ថា​ មនុស្ស​ ១៤ នាក់​បាន​ស្លាប់​ ហើយ​ ៣២ នាក់​ផ្សេង​ទៀត​រង​របួសបញ្ជូន​ទៅ​មន្ទីរពេទ្យ​​ ខណៈ​​ការ​ស៊ើប​អង្កេត​កំពុង​ដំណើរ​ការ​។​

លោក​​Tangtoបាន​​បន្ត​​ថា​ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​​​​បណ្ដាល​ឱ្យ​​​គ្រោះ​​​ថ្នាក់​ច្បាស់​នៅ​ឡើយ​ទេ​ ​​​​ប៉ុន្តែ​​ប៉ូ​លិស​​សង្ស័យ​​ថា​ បុរស​តៃកុងឡាន​ដែល​រង​របួស​ធ្ងន់ ប្រហែល​ជា​ងងុយ​ដេក​មុន​ពេល​គ្រោះ​ថ្នាក់​។ លោក​បន្ថែ​ម​ថា​៖ «​​យើង​​​កំពុង​​​សហការ​​ជាមួយ​​មន្ទីរពេទ្យ​ ​ដើម្បី​​ពិនិត្យ​​កម្រិត​​ជាតិ​​អាល់កុល​​ក្នុង​​ឈាម​​របស់​​​គាត់​»​។​


គិត​ត្រឹម​​ព្រឹក​ថ្ងៃ​​អង្គារ​ គេ​មិន​ទាន់​ឃើញ​ព័ត៌មាន​ថា​ តើ​អ្នក​ស្លាប់​ទាំង​អស់​ជា​ជន​ជាតិ​ថៃ​ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ​៕​