សកម្មជន​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​ម្នាក់កញ្ញា អា​ហ្គ​នេស ឆូ (Agnes Chow) ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកចូលរួម​បាតុកម្ម​​តវ៉ា​យ៉ាងសកម្ម​នៅ​ទីក្រុង​ហុងកុង​ ក្នុង​ឆ្នាំ២០១៩ នឹងមិន​វិលត្រឡប់​ទៅ​ទីក្រុង​ហុងកុង​វិញ​ទេ ដោយហេតុថា​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ 

បច្ចុប្បន្ននេះ កញ្ញា​កំពុង​សិក្សា​នៅ​ប្រទេស​កាណាដា ហើយ​បាន​សម្រេចចិត្ត​មិន​អនុវត្តតាម​ការកាត់ទោស​ឱ្យនៅ​ក្រៅ​ឃុំ និង​បដិសេធ​មិន​ត្រឡប់​ទៅ​ហុងកុង​វិញ​ឡើយ។ កញ្ញា ឆូ បាន​ក្លាយជា​បុគ្គល​ម្នាក់ទៀត​ដែល​បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្កើន​ការបង្ក្រាប​ទៅលើ​ក្រុមប្រឆាំង​នៅ​ទីក្រុង​ហុងកុង។

កញ្ញា ឆូ មាន​អាយុ ២៧ ឆ្នាំ​ ហើយ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ២០២០ ហើយ​បន្ទាប់មក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ១០ខែ​ពីបទ​ចូលរួម​ក្នុងការ​ជួបប្រជុំ​ដែល​គ្មាន​ការអនុញ្ញាត។ នេះ​គឺ​ដោយសារតែ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ទីក្រុង​ប៉េកាំង​ដែល​បានអនុម័ត​ថ្មី ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការតវ៉ា​ដែល​រីក​រាលដាល​ពាស​ពេញទី​ក្រុង​ហុងកុង​កាលពី​ឆ្នាំ២០១៧។


ក្រោយមក​នៅ​ឆ្នាំ២០២១ នាង​ត្រូវបាន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បន្ទាប់ពី​ជាប់ពន្ធនាគារ​ជាង ៦ខែ​ដោយមាន​លក្ខខណ្ឌ​ត្រូវ​រាយការណ៍​ជា​ទៀងទាត់​ទៅ​ប៉ូលិស​ពី​សកម្មភាព​របស់​នាង។ យ៉ាងណាមិញ នាង​បានបញ្ជាក់​នៅក្នុង​កា​រប​ង្ហោះ​សារ​មួយ​ថា ដោយសារ​បញ្ហា​សុខភាព​ផ្លូវចិត្ត នាង​នឹងមិន​បន្ត​គោរព​តាម​លក្ខខណ្ឌ​នេះ​ទេ។

កញ្ញា ឆូ​ បាន​រៀបរាប់ថា នៅពេលដែល​នាង​បានទទួល​ការអនុញ្ញាតឱ្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង តូ​រ៉ុ​ន​តូ (Toronto) ប្រទេស​កាណាដា ប៉ូលិស​ចិន​បាន​យល់ព្រម​ប្រគល់​លិខិតឆ្លងដែន​ឱ្យ​នាង​វិញ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​តម្រូវឱ្យ​នាង​ធ្វើដំណើរ​ទៅកាន់​ទី​ក្រុន​សិន​ហ្សិ​ន (Shenzhen) ក្នុងប្រទេស​ចិន ដោយបាន​ទៅ​ទស្សនា​ក្រុមហ៊ុន Tencent ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ ហើយ​បាន​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​ស្នេហា​ជាតិចិន​ដែល​បង្ហាញ​ពី​ស្នាដៃ​នៃ​ភាពជោគជ័យ​របស់​ប្រទេស​ចិន។


នាង​បាន​និយាយថា៖ «ខ្ញុំ​មិន​ចង់​ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​អ្វី​តាមចិត្ត​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ត្រូវបាន​គេ​បង្ខំ​ឱ្យទៅ​ចិនដីគោក​ទៀត​ដែរ...ខ្ញុំ​ប្រហែលជា​នឹងមិន​ត្រឡប់​ទៅវិញ​អស់​មួយជីវិត»។ទន្ទឹមនឹងនេះ ប៉ូលិស​ហុងកុង​បាន​រិះគន់​កញ្ញា ឆូ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ ដោយ​ចោទប្រកាន់​នាង​ថា​បាន​ព្យាយាម​ប្រឆាំងនឹង​នីតិរដ្ឋ។

ក្នុង​សេចក្តីថ្លែងការណ៍​នោះបាន​លើកឡើង​អំពី​ការអំពាវនាវ​ឱ្យ​នាង​យល់ព្រម​គោរព​តាមច្បាប់ មុនពេល​ដែល​យឺត​ពេល ជំនួស​ឱ្យ​ការសម្រេចចិត្ត​មិន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ហើយ​នឹងមាន​អត្តសញ្ញាណ​ជា​អ្នករត់​គេចខ្លួន​អស់​មួយជីវិត​របស់​នាង។

កញ្ញា ឆូ ក៏​ជា​សហ​ស្ថាបនិក​គណបក្ស​ដេ​ម៉ូ​ស៊ី​ស្តូ (Demosisto) ដែលជា​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ រួម​ជាមួយនឹង​សកម្មជនសំខាន់ៗមួយចំនួនទៀត ដូចជា​លោក ចូ​សួ វ៉ង់ (Joshua Wong) និង​លោក​ណា​ថា​ន់ ឡ (Nathan Law) ប៉ុន្តែ​គណបក្ស​នេះ​ត្រូវបាន​ប្រកា​សបិទ​នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលជា​ថ្ងៃ​ច្បាប់​សន្តិសុខ​ជាតិចិន​ត្រូវបាន​អនុម័ត។

ការអនុវត្ត​ច្បាប់​នេះ បានធ្វើ​ឱ្យមាន​ការលំបាក​យ៉ាងខ្លាំង​សម្រាប់​ក្រុម​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ជាក់ស្ដែង មនុស្ស​ជាង ២៨០ នាក់ ​ត្រូវបាន​ចាប់ខ្លួន​ ដោយសារ​ច្បាប់​មួយ​នេះ ហើយ​លោក ចូ​សួ វ៉ង់ (Joshua Wong) ក៏​កំពុង​ស្ថិតក្នុង​មន្ទីរឃុំឃាំង ដោយ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​វិទ្ធង្សនា ​ដែល​មានន័យថា លោក​អាច​នឹង​ជាប់ពន្ធនាគារ​អស់​មួយជីវិត ប្រសិនបើ​លោក​ត្រូវបាន​រកឃើញថា​មាន​កំហុស។

ដោយឡែក លោក ណា​ថា​ន់ ឡ​ បាន​ភៀសខ្លួន​ទៅ​ប្រទេស​អង់គ្លេស ហើយ​ប៉ូលិស​ហុងកុង​ថែមទាំង​បានប្រកាស​ទៀតផង​ថា​នឹង​ផ្តល់​ប្រាក់រង្វាន់​ចំនួន​ជាង ១២ ម៉ឺន​ដុល្លារ​ សហរដ្ឋអាមេរិក​ ទៅឱ្យ​អ្នកណា​ដែល​អាច​ផ្ដល់ព័ត៌មាន​ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​លោក។ ចំពោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ បាន​អះអាងថា​ច្បាប់​នេះ​បាន​នាំមក​នូវ​ស្ថិរភាព​ដល់​ហុងកុង​បន្ទាប់ពី​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ​ក្នុង​ឆ្នាំ២០១៩៕