ក្រសួង​យុត្តិធម៌សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ចន្ទ ថា​ ​អតីត​ឯកអគ្គ​រដ្ឋ​ទូត​ប្រចាំ​ប្រទេស​បូលីវី ​របស់​​អាមេ​រិក​​ម្នាក់​ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​​​ប្រទេស​គុយបា​​ អស់​រយៈ​ពេល​ជាង​ ៤០​ ឆ្នាំ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ក្រសួង​ខាងលើបាននិយាយ​​នៅក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​ លោក​ Victor Manuel Rocha ​ដែល​បាន​បម្រើ​ការ​ជា​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​បូលីវី​ពី​ឆ្នាំ​២០០០-២០០២ បានរង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សហព័ន្ធ​ជា​ច្រើន​ រួម​ទាំង​ការ​ដើរ​តួ​ជា​ភ្នាក់ងារ​ចារកម្ម​បរទេស​ខុស​ច្បាប់​ និង​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​​​ដោយ​ក្លែង​បន្លំ​។

​ ​អគ្គ​មេធាវី​អាមេរិក​ លោក​ Merrick Garland ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ចោទ​ប្រកាន់​ថា​ អស់​រយៈ​ពេល​ជាង​ ៤០​​ ឆ្នាំ​មក​នេះ​​ ​លោក​ Victor Manuel Rocha ​បាន​បម្រើ​ការ​ជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​គុយបា​ ហើយ​​​ទទួល​​មុខ​តំណែង​​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដែល​​​ផ្តល់​ឱ្យ​​លោក​នូវ​លទ្ធភាព​​ទទួល​បាន​ព័ត៌មាន​ដែល​គេ​មិន​បើក​ចំហ​ជា​​សាធារណៈ ​និង​សមត្ថភាព​ក្នុង​ការ​​​បញ្ចេញ​ឥទ្ធិពល​លើ​គោល​នយោបាយ​ការ​បរទេស​របស់​អាមេរិក​»​។


 លោក​ Rocha ដែល​ពេល​នេះ​មាន​​អាយុ ​៧២​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅ​ក្រម​សហព័ន្ធ​​​ក្រុង​ម៉ៃអាមី​ នា​ថ្ងៃ​ចន្ទ​នេះ​។ លោក​ ឬ​អ្នក​តំណាង​របស់​លោក​ មិន​ទាន់​ចេញ​ប្រតិកម្ម​អ្វីយ៉ាង​ណា​នៅ​ឡើយ​ទេ​ ជុំ​វិញ​បទ​ចោទ​ប្រកាន់​នា​ពេល​នេះ​។

 ​​ក្រសួង​​យុត្តិធម៌​​និយាយ​ថា​ លោក​ Rocha ​បាន​បម្រើ​​ការ​​នៅ​​ក្រសួង​ការ​បរទេស​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០​០២​ ​ហើយ​បានធ្វើការនៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​ពី​ឆ្នាំ​១៩៩៤​ ដល់​ឆ្នាំ​១៩៩៥។ ​បន្ទាប់​មក​ទៀ​ត​ លោក​បាន​ធ្វើ​​ជា​ទីប្រឹក្សា​របស់​មេបញ្ជាការ​នៃ​ទីបញ្ជាការ​​យោធា​អាមេរិក​ភាគ​ខាង​ត្បូង​​​ពី​ឆ្នាំ​ ២០០៦ ដ​ល់​ឆ្នាំ​២០១២​។


 ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​​អាមេរិក​​​ លោក​Matthew Miller ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ លោក​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​អនុវត្ត​ន៍ច្បាប់​ដែល​កំពុង​ដំណើរការ​នោះ​ទេ​។ យ៉ាង​ណា​មិញ​លោក​ថា​ ក្រសួ​ង​​​​​នឹង​ធ្វើ​ការ​ជាមួយ​ដៃគូ​​ក្នុង​ក្រុម​​ស៊ើប​ការណ៍​ ដើម្បី​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​សន្តិសុខ​ជាតិ​​រយៈ​ពេល​វែង​ណា​មួយ​ ជុំវិញ​បញ្ហា​​ទាក់​ទង​នឹង​លោក​ Rocha។

 ​​ក្នុង​ឯកសារ​តុលាការ​ដែល​តម្កល់​នៅ​​សង្កាត់​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​ហ្វ្លូរីដា ​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​លោក​Rocha ​ថា​ បាន​គាំទ្រ​គុយបា​ជា​សម្ងាត់ ​និង​ធ្វើ​បេសកកម្ម​​​ស៊ើបការណ៍​សម្ងាត់​​ប្រឆាំង​នឹង​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៨១ មក​។

 ​ឯកសារ​ដដែល​អះ​អាង​ថា​ លោក​ Rocha ​បាន​​បង្ហើប​ថា​ ​លោកបាន​​ធ្វើ​​​​ការងារ​ជា​ច្រើន​ឱ្យរដ្ឋាភិបាល​​​​គុយបា ​ពេល​ជួប​គ្នា​ជាមួយ​​​ភ្នាក់ងារ​សម្ងាត់​FBI ​ដែល​​ក្លែង​​ធ្វើ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​អគ្គនាយកដ្ឋាន​ស៊ើបការ​ណ៍​សម្ងាត់​គុយ​បា​​ក្នុង​ឆ្នាំ​២០២២ និង​ ២០២៣​៕​