​ប្រជាជន​នូវែលសេឡង់ ​​រាប់​ពាន់​នាក់​​ បាន​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​គោល​នយោបាយ​ស្ដី​ពី​ជន​ជាតិ​ដើម ​​របស់​រដ្ឋាភិបាល​​​កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​​សភា​ថ្មី​បាន​កោះ​ប្រជុំ​ជា​លើក​ដំបូង ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ខែ​តុលា​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

 បាតុកម្ម​ដែល​ធ្វើ​ឡើង​នៅ​​ទីក្រុង​​វែលលីងតុន (Wellington) ​និង​នៅ​​ទីក្រុង​របស់​​នូវែលហ្សេឡង់​​ប្រហែល​រាប់​សិប​ផ្សេងៗ​ទៀត​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​គណបក្ស​មូរី​ (Maori Party) ដែល​ជា​គណបក្ស​សម្លេង​ភាគ​តិច​ ​ ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ជន​ជាតិ​ដើម​​នូវែលសេឡង់​ ដែល​គេ​ស្គាល់​ថា​ ជន​ជាតិ​មូរី​។ ​

ក្រុម​អ្នក​តវ៉ា​ បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ខាង​ក្រៅ​សភា​ ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ ​​គោល​នយោ​បាយ​ «​ប្រឆាំង​នឹង​ជន​ជាតិ​មូរី​»​ ​របស់​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ ដែល​ដឹក​នាំ​ដោយ​គណបក្ស​អភិរក្ស​និយម​ទើប​ជាប់​ឆ្នោត​។​


សហ​ប្រធាន​គណបក្ស​មូរី​ លោក​ ​Rawiri Waititi ​បាន​និយាយ​ថា​ គោល​នយោបាយ​ថ្មី​នៃ​រដ្ឋបាល​របស់​នាយក​រដ្ឋ​មន្ត្រី​ Christopher Luxon​នឹង​នាំ​ប្រទេស​នូវែលសេឡង់​ ត្រឡប់​ថយ​ក្រោយ​ទៅ​​​ទសវត្សរ៍​ឆ្នាំ​ ១៨​០០ វិញ​។ លោក​បន្ត​ថា​៖ «​ការ​តវ៉ា​របស់​យើង​នៅ​ព្រឹក​នេះ​ គឺ​ជា​ការ​បញ្ចេញ​សកម្មភាព​របស់​ប្រជាជន​​យើង​»​។

 រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ជាតិ​ សន្យា​ថា​នឹង​ពិនិត្យ​មើល​សន្ធិ​សញ្ញា​ Waitangi ​និង​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ដែល​អាច​កើត​មាន​ ចំពោះសន្ធិ​សញ្ញា​ដែល​ចុះ​ហត្ថលេខា​ដោយ​​​​អាណានិគម​អង់គ្លេស​ និង​មេដឹក​នាំ​​មូរី​​ក្នុង​ឆ្នាំ​ ១៨៤០​ មួយ​នេះ​ ​ប៉ះ​ពាល់​ដល់​ច្បាប់​សម័យ​ថ្មី​។


​​រដ្ឋាភិបាល​ក៏​បាន​បង្ហើប​ផង​ដែរ​ពី​​​ការ​ផ្លាស់​ប្តូ​រចំពោះ​អាជ្ញាធរ​សុខាភិបាល​​សម្រាប់​ជន​ជាតិ​មូរី​ ​ដែល​ជា​ទីភ្នាក់ងារ​ច្បាប់​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​ថា​ ប្រព័ន្ធ​សុខាភិបាល​នូវែលសេឡង់​បំពេញ​តាម​តម្រូវ​ការ​របស់​ជន​ជាតិ​មូរី​។

 សន្ធិ​សញ្ញា​ Waitangi ​បាន​សន្យា​ថា​នឹង​ការពារ​វប្បធម៌​ជន​ជាតិ​មូរី​ ​និង​ឱ្យ​ជន​ជាតិ​នេះ​​បន្ត​រស់​នៅ​ក្នុង​ប្រទេ​ស​​នូវែលសេឡង់​ក្នុង​ឋានៈ​ជា​ជាតិ​មូរី​។  ​ជាមួយ​គ្នា​នេះ​ សន្ធិសញ្ញា​ដដែល​បាន​ផ្តល់​ឱ្យ​ស្ដេច​អង់គ្លេស​​នូវ​សិទ្ធិ​​គ្រប់​គ្រង​នូវែលសេឡង់​ និង​តំណាង​ឱ្យ​ផល​ប្រយោជន៍​របស់​ប្រជាជន​នូវែលសេឡង់​ទាំង​អស់​។

​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោកនាយក​​រដ្ឋ​​មន្ត្រី​​ ​ Luxon​ បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើ​រ​ឡើង​នូវ​លទ្ធផល​សម្រាប់ទាំង​​ជន​ជាតិ​មូរី​ និង​ប្រជាជន​ក្រុម​ផ្សេង​ទៀត​ ដែល​​មែន​ជាជន​ជាតិ​មូរី​។

 ​លោក​ថ្លែង​ថា​​៖ «ជន​ជាតិ​មូរី​ ​បាន​ធ្វើ​​ការ​យ៉ាង​ល្អ​នៅ​ក្នុង​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​​គណបក្ស​ជាតិ​កាល​ពី​អតីត​កាល​ ហើយ​ពួក​គេ​នឹង​បន្ត​ធ្វើ​​ការ​ល្អ​​ទៀត​»​។

​​សមាជិក​សភា​នូវែលសេឡង់​​បាន​ស្បថ​ចូល​កាន់​តំណែង​​នៅ​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​​​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​​ពាក់​កណ្ដាល​ឆ្វេង​និយម​របស់​​គណបក្ស​កា​រងារ​ ដែល​គ្រប់​គ្រង​តាំង​ពី​ឆ្នាំ​ ២០១៧​។​ គណបក្ស​មូរី​​ ទទួល​បាន​អាសនៈ​ចំនួន​ ៦​ ក្នុង​ចំណោម​អាសនៈដែល​មាន​ទាំង​អស់​ ១២៣ ៕