កាន់តែ​ច្បាស់ការ​មែន​ទែនហើយ ​​សម្រាប់​ការ​ដោះស្រាយ​សង្គ្រាម​នៅ​តំបន់ហ្គាហ្សា​​ ជា​ទី​ដែល​ក្រុម​ហាម៉ាស់​ជីក​រូង​ក្រោម​ដី​រាប់រយ​គីឡូម៉ែត្រ​​ សម្រាប់​ការ​​ប្រយុទ្ធតតាំង​នឹង​អ៊ីស្រាអែល ពេល​នេះ​អ៊ីស្រាអែល ​ត្រៀម​​​បូម​ទឹក​សមុទ្រចាក់​ពន្លិច​​​រូង​ក្រោម​ដី​នោះ​ ដើម្បី​កម្ទេច​​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវ​រូង​ក្រោម​ដីដែល​​ប្រើប្រាស់​ដោយ​ក្រុម​ហាម៉ាស់នោះហើយ​។ 

សារ​ព័ត៌មាន The Wall Street Journal​ របស់​សហរដ្ឋ​​អាមេរិក​បាន​ដក​ស្រង់សម្តី​​មន្ត្រី​សហរដ្ឋ​អាមេរិក និង​បាន​រាយការណ៍​កាលពី​ទី៤ ខែធ្នូ ​ថា អ៊ីស្រាអែល ​បាន​ប្រមូលផ្តុំ​ប្រព័ន្ធ​បូមទឹក​ដ៏​ធំ​មួយដែល​អាចនឹងត្រូវ​​ប្រើ​ប្រាស់​ ដើម្បី​​​ពន្លិច​​​ផ្លូវ​រូង​ក្រោម​ដីដែល​ប្រើប្រាស់​ដោយ​ក្រុម​សកម្មប្រយុទ្ធហា​ម៉ាស់​នៅក្រោម​តំបន់​ហ្គា​ហ្សា​ស្ទ្រី​បក្នុង​គោលបំណង​បណ្តេញ​ក្រុម​អ្នក​ប្រយុទ្ធទាំងនោះ។ 

​យោង​កាសែត Wall Street Journal កាល​ពី​ពាក់កណ្តាល​ខែវិច្ឆិកាកងទ័ព​អ៊ីស្រាអែល​ បានបញ្ចប់​ការដំឡើង​ម៉ាស៊ីនបូមទឹក​យ៉ាងហោចណាស់​ចំនួន៥ ដែល​​មាន​ចម្ងាយ​​ប្រហែល១,៦​គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​ជំរំ​ជនភៀសខ្លួន Al-Shati ដែល​អាច​ផ្លាស់​ទី​ទឹកសមុទ្រ​រាប់​ពាន់​​ម៉ែត្រគុប​ក្នុង​ ១ ​ម៉ោង ​ដោយនឹង​​ពន្លិច​​ផ្លូវ​រូង​ក្រោម​ដីនោះ​ ក្នុង​រយៈពេល​តែប៉ុន្មាន​សប្តាហ៍​​ប៉ុណ្ណោះ​។


​រហូត​មក​ដល់​ពេល​នេះ​សង្គ្រាម​នៅ​តំបន់ហ្គាហ្សា​​បាន​អូសបន្លាយ​អស់​រយៈពេល​ជិត​ ២ ​ខែហើយ​​ ដោយ​​អ៊ីស្រាអែលបាន​​កម្ទេច​​តំបន់ហ្គាហ្សា​ស្ទើរទាំង​ស្រុង ដើម្បី​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​​​របស់​ក្រុមហាម៉ាស់​ ប៉ាឡេស្ទីន​​ ដែល​ធ្វើរូង​ក្រោម​ដី​នៅ​ក្រោម​អគារ​ផ្សេង​​ៗ​ដែល​ត្រូវ​បាន​ប្រើប្រាស់​​ដើម្បី​​ជនស៊ីវិល។​ ​

សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ឱ្យ​ដឹងថា វា​មិន​ច្បាស់​ទេ​ថាតើ​អ៊ីស្រាអែល​នឹង​ពិចារណា​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ពន្លិច​​ផ្លូវ​រូង​ក្រោម​ដី មុនពេល​ចំណាប់ខ្មាំង​ទាំងអស់​ត្រូវបាន​ដោះលែង​ឬ​យ៉ាងណា​នោះទេ។ 


ក្រុមហា​ម៉ាស​ធ្លាប់បាន​និយាយថាក្រុម​របស់​ខ្លួន​បាន​លាក់​ចំណាប់​ខ្មាំង​នៅក្នុង«កន្លែង​មាន​សុវត្ថិភាពនិង​ផ្លូវ​រូង​ក្រោម​ដី»។

​កាល​ពី​ចុង​ខែ​​វិច្ឆិកា​​​ អ៊ីស្រាអែល​និង​​ក្រុមហាម៉ាស់​ប៉ាឡេស្ទីន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់​​ចំនួន​៤​ថ្ងៃ​ ដើម្បី​ដោះលែង​​ចំណាប់ខ្មាំង​យ៉ាង​ហោច​​​៥០​នាក់​ដែល​ក្រុមហាម៉ាស់​ចាប់​កាល​ពីថ្ងៃទី​៧ខែ​តុលា​​ ពេលដែល​ពួក​គេ​វាយឆ្មក់​ចូ​ល​អ៊ីស្រាអែល​ដំបូង។​ការដោះលែង​ចំណាប់ខ្មាំង​នោះ​ក៏​​ជាថ្នូរ​នឹងការ​ដោះលែង​អ្នក​ទោស​ហាម៉ាស់​១៥០នាក់ ​​ដែល​អ៊ីស្រាអែល​ធ្លាប់​ចាប់ខ្លួនដែរ។ ​

រ៉យទ័រ​បានរាយការណ៍ថា ខ្លួន​មិន​អាច​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ខាង​លើ​ ដើម្បី​ឱ្យ​ដឹងថា​តើ​​អ៊ីស្រាអែល​ពិត​ជា​នឹង​ប្រើប្រាស់​ទឹកសម្រាប់​ពន្លិច​​ផ្លូវ​រូង​ក្រោម​ដី​ឬ​យ៉ាងណាឡើយ។ 
នៅពេល​សួរ​អំពី​រឿងនេះមន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយថាវា​សម​ហេតុផលហើយ​សម្រាប់​អ៊ីស្រាអែល​ក្នុងការ​ធ្វើឱ្យ​ផ្លូវ​រូង​ក្រោម​ដីនោះ ​មិនអាច​ដំណើរការបានហើយ​ថា​ប្រទេស​នេះ​កំពុង​ស្វែងរក​វិធី​ជាច្រើន​ដើម្បី​ធ្វើ​ដូច្នេះ។

ក្រសួងការពារជាតិ​អ៊ីស្រាអែល​មិនបាន​ឆ្លើយតបភ្លាមៗចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ។

កាសែត Wall Street Journal បាន​និយាយថាមន្ត្រី​កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល (IDF) បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ផែនការ​ទឹកជំនន់ប៉ុន្តែ​ត្រូវបាន​គេ​ដកស្រង់​សម្តី​ថា «IDF កំពុង​ប្រតិបត្តិការ​ដើម្បី​រុះរើ​សមត្ថភាព​ភេរវ​ករ​របស់​ក្រុម​ហា​ម៉ាស់​​តាម​វិធីផ្សេងៗដោយ​​ប្រើ​ឧបករណ៍​យោធានិង​បច្ចេកវិទ្យាផ្សេងៗគ្នា»។

កាសែតThe Wall Street Journal បាន​និយាយថាអ៊ីស្រាអែល​ជា​លើកដំបូង​បាន​ជូន​ដំណឹង​ដល់​សហរដ្ឋអាមេរិក​អំ​ពី​ជម្រើស​នៅក្នុង​ខែវិច្ឆិកាដោយ​រាយការណ៍​ថា​ក្រុមមន្ត្រី​មិន​ដឹង​ថា​​រដ្ឋាភិបាល​រប​ស់លោក​នាយករដ្ឋមន្ត្រី បេនចាមីន នេតានីយ៉ាហ៊ូ (Benjamin Netanyahu) មាន​ភាពជិតស្និទ្ធ​ប៉ុនណា​ក្នុងការ​អនុវត្ត​ផែនការ​នេះ។

​មន្ត្រី​បាន​និយាយថា អ៊ីស្រាអែល​មិនទាន់​ធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​ក្នុង​ការបន្ត​ដំណើរការ​​​ផែនការ​នេះ​​ឬ​បដិសេធ​ចោល​​នៅឡើយ៕​