ដោយ​ខឹងសម្បា​នឹង​ការ​ប្រ​ឆាំង​របស់​ក្រុម​ជនជាតិភាគតិច​ដែល​ជួយ​ក្រុម​ប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាល មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា​លោក​ មីន​ អ៊ុង​ឡាំង​ បាន​អំពាវនាវ​ដល់​ក្រុម​ជនជាតិភាគតិច​ប្រដាប់​អាវុធ​ដែល​រួមចំណែក​ពាក់ព័ន្ធ​នឹង​ការវាយលុក​ប្រឆាំង​របប​យោធា​ដែល​កំពុង​កាន់អំណាច​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ​តាមបែប​នយោបាយ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​យោ​ធានា​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំ ​២០២៣​។​

​ចាប់ពី​រដ្ឋប្រហារ​ឆ្នាំ​ ២០២១ ​រហូតមកដល់​ពេលនេះ​ជម្លោះ​រវាង​កងកម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា (MAF) ជាមួយ​ក្រុម​ផ្សេងៗ​ដែល​រួមមាន​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច (EAOs) និង​កងកម្លាំង​ការពារ​ប្រជាជន (PDFs)​ ជាដើម​នៅតែ​បន្ត​កើតមាន​នៅក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​។​

​តាមរយៈ​ការ​តតាំង​ទាំងនេះ​យោធា​មី​យ៉ាន់​ម៉ា​នាពេល​បច្ចុប្បន្ន​ហាក់​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​លំបាក​ក្នុងការ​ក្តាប់​អំណាច​របស់ខ្លួន​ឱ្យ​ណែន បន្ទាប់ពី​កង​កម្លាំង​ជនជាតិភាគតិច​ចំនួន​ ៣ ​ក្រុម​បាន​ព្រួត​គ្នា​បើក​ការ​វាយ​លុក ដោយ​ដណ្តើមបាន​ទីប្រជុំជន​មួយចំនួន តំបន់​ពាណិជ្ជកម្ម​ព្រំដែន​ខ្លះ និង​ប៉ុស្តិ៍​យោធា​។​


​លោក មីន អ៊ុង​ឡាំង ថែមទាំង​បាន​ព្រមាន​ទៀតថា ប្រសិនបើ​ក្រុម​ប្រដាប់អាវុធ​ទាំងនោះ​នៅតែ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែលមាន​ការពាក់ព័ន្ធ​នឹង​ប្រឈមមុខ​ចំពោះ​ហានិភ័យ​។  ​ដូច្នេះហើយ​បើ​ចង់​គិតគូរ​ពី​ជីវិត​របស់​ប្រជាជន ទាំងនោះ​ក្រុម​ប្រដាប់អាវុធ​ត្រូវតែ​ចូលខ្លួន​ដោះស្រាយ​។​

​ស្ថានការណ៍​ប្រទេស​មី​យ៉ាន់​ម៉ា ​នាពេល​ប​ច្ចុ​ប្ប​នេះ​បង្ហាញឱ្យឃើញថា ទីប្រជុំជន​ជាច្រើន​ទៀត​នៅ​ទូទាំង​ភាគ​ពាយព្យ​និង​ភាគ​អាគ្នេយ៍​ត្រូវបាន​រង​ផល​​ប៉ះពាល់​ដោយ​ជម្លោះ​កាន់តែ​ធំ​ដែល​បណ្តាលឱ្យមាន​ការផ្លាស់​លំនៅ​ថ្មី និង​ជន​ស៊ីវិល​ស្លាប់បាត់​បង់ជីវិត​ជា​បន្តបន្ទាប់​។​


​មនុស្ស​ជាង​កន្លះ​លាន​នាក់​នៅក្នុង​រដ្ឋ​និង​តំបន់​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ផ្លាស់​លំនៅ​ថ្មី​ដោយ​សារ​តែ​ការ​ផ្ទុះឡើង​កាន់តែខ្លាំង​នៃ​ការប្រយុទ្ធ​គ្នា​។​

​ផ្លូវ​ដឹកជញ្ជូន​សំខាន់ៗ​នៅក្នុង​ទីប្រជុំជន​ដែល​កំពុង​ជួបប្រទះ​ការប្រយុទ្ធ​យ៉ាងសកម្ម​នៅ​ទូទាំង​ ប្រទេស​ត្រូវបាន​រារាំង​ដោយ​ក្រុម MAF និង EAOs ដោយ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​របស់​មនុស្ស​ទៅកាន់​ទីតាំង​សុវត្ថិភាព​រីឯ​អាកាសយា​ន​ដ្ឋា​ន Lashio និង Loikaw ក៏​នៅតែ​បន្ត​បិទ​។​

​នៅ​រដ្ឋ​រ៉ា​ឃី​ន​ឯណោះ​វិញ​តម្លៃ​ទំនិញ​កំពុង​កើនឡើង​ដោយសារតែ​កង្វះខាត​អាហារ​និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​ដែល​ទាំងអស់នោះ​បណ្តាលមកពី​ការ​ស្ទះ​ទាំង​ផ្លូវគោក និង​ផ្លូវទឹក​។​

​ប្រឈម​ការប្រយុទ្ធ​គ្នា​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២៣ ផែនការ​ឆ្លើយតប​មនុ​ស្ស​ធម៌ (HRP) បានផ្តល់​មូលនិធិ​ត្រឹមតែ​ ២៩ ​ភាគរយ​ប៉ុណ្ណោះ​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​ប្រឈម​ការខ្វះខាត​៕​