​បេសកជន​អឺរ៉ុប​តំណាង​ប្រទេស​នីមួយៗ​ក្នុងចំណោម​ប្រទេស​សមាជិក​ទាំង​ ២៧​ របស់​សហភាព​អឺរ៉ុប​បាន​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី​ ៥ ​ខែធ្នូ​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​ក្នុង​ពេលណា​មួយ​ដែល​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​នឹង​បញ្ចប់​។​

​ប៉ុន្តែ​យោង​សេចក្តីរាយការណ៍រ​បស់​រ៉​យ​ទ័​រ មន្ត្រី​និង​អ្នកការ​ទូត​បាន​និយាយថា ប្រទេស​ហុង​គ្រី​ដែលជា​សមាជិក​អឺរ៉ុប​និង​រក្សា​សម្ព័ន្ធមិត្ត​ល្អូក​ល្អឺ​ន​ជាមួយ​រុស្ស៊ី បាន​គំរាម​រារាំង​អ៊ុយ​ក្រែ​ន​ក្នុងការ​ទទួលបាន​លក្ខ​ខណ្ឌ​ពិសេស​ណាមួយ​ដើម្បី​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ដូចដែល​ការរំពឹងទុក​របស់​ប្រទេស​ផ្សេងៗ​។​

​កិច្ចប្រជុំ​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ការរៀបចំ​ក្នុងចំណោម​សមាជិក​ទាំង ​២៧ សម្រាប់​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃទី​ ១៤-១៥​ ខែធ្នូ​នៃ​មេដឹកនាំ​សហភាព​អឺរ៉ុប​ដែល​នឹងត្រូវ​សម្រេចចិត្ត​លើ​ទស្សនវិស័យ​សមាហរណកម្ម​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ម៉ុ​ល​ដាវី ហ្ស​ក​ហ្ស៊ី និង​បូ​ស្ន៊ី​ចូលទៅក្នុង​អឺរ៉ុប​។​


​គណៈកម្មការ​អឺរ៉ុប​ដែលជា​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​បានស្នើ​ឱ្យ​កិច្ចប្រជុំ​កំពូល​យល់​​ព្រម​ចាប់ផ្តើម​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន ដែលជា​លក្ខខណ្ឌ​ពិសេស​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ​កន្លងមកនេះ​។​

​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ​នោះ​ក៏​ពិភាក្សា​លើ​សេចក្តីព្រាង​កិច្ច​ព្រមព្រៀង​នៃ​កិច្ចប្រជុំ​កំពូល ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​សម្រេច​លើ​សំណើ​ពាក់ព័ន្ធ​ក្នុងការ​ពង្រីក​ជំនួយ​ថវិកា​ចំនួន ៥០ ​ពាន់​លាន​អឺរ៉ូ​ដល់ទី​ក្រុង​កៀវ​ពី​ឆ្នាំ​ ២០២៤ រហូតដល់​ឆ្នាំ​ ២០២៧​។​


​អ្នកការទូត និង​មន្ត្រី​សហភាព​អឺរ៉ុប​បាន​និយាយថា សេចក្តីព្រាង​ដំបូង​ដែល​រៀបចំ​សម្រាប់​ការ​ពិភាក្សា​គឺ​ត្រូវមាន​ការផ្លាស់ប្តូរ​។​

​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា សេចក្តីព្រាង​ដំបូង​ចុះ​ថ្ងៃទី​ ៤ ខែធ្នូ​របស់​គណៈកម្មកា​រ​អឺរ៉ុប ដែលមាន​ខ្លឹមសារ​ថា​៖«​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រេចចិត្ត​បើក​ការចរចា​ចូល​ជា​សមាជិក​ជាមួយ​អ៊ុយ​​ក្រែ​ន និង​ជាមួយ​ម៉ុ​ល​ដាវី​»​។​

​ការសម្រេចចិត្ត​តម្រូវឱ្យមាន​ការគាំទ្រ​ជា​ឯកច្ឆន្ទ​ពី​ប្រទេស​សហភាព​អឺរ៉ុប​ទាំង ​២៧​។ ក្នុងករណី​អ៊ុយ​ក្រែ​ន ហុង​គ្រី​បាន​គំរាម​រារាំង​នោះ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហុង​គ្រី លោក Zoltan Kovacs បាន​ប្រាប់​អ្នកកាសែត​ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃ​ចន្ទ​ថា​៖«​នៅក្នុង​ការយល់ឃើញរ​បស់​យើង គ្មាន​លក្ខខណ្ឌ​ណាមួយ​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងការ​ចាប់ផ្តើម​កិច្ចពិភាក្សា ស្តីពី​ការចូល​ជា​សមាជិក​ត្រូវបាន​បំពេញ​នោះទេ​»​។​

​លោក Zoltan បាន​និយាយថា​៖«​តើ​យើង​អាច​និយាយ​អំពី​ការចូល​ជា​ប្រទេស​ដែលមាន​សង្គ្រាម​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​​ក្រោយនេះ​ដោយ​របៀប​ណា​ដែល​រដ្ឋបាល​សាធារណៈ​ធ្វើការ​តែ​អរគុណ​ដល់​លុយ​បរទេស​ជាមួយនឹង​កម្រិត​នៃ​អំពើ​ពុក​​រលួយ​ដែលមាន​ ២០​ ភាគរយ​នៃ​ប្រទេស​កាន់កាប់​។ តើនរ​ណា​អាច​ស្នើឱ្យ​ប្រទេស​ត្រៀមខ្លួន​សម្រាប់​កិច្ចចរចា​ចូល​ជា​សមាជិក​បាន​ដោយ​របៀប​ណា​?»​។​

​កន្លងមក​គេ​ដឹងថា ការត្រៀម​របស់​អឺរ៉ុប​គឺ​ដូចជា​កាដូ​សម្រាប់​អ៊ុយ​ក្រែ​ន​ពេល​ចប់​សង្គ្រាម​៕